(ព្រះសីហនុ)៖ ស្រ្តីអាជីវកររកស៊ីលក់ក្តាមនៅផ្សារលើ ក្រុង-ខេត្តព្រះសីហនុ បានចេញមកបកស្រាយ និងច្រានចោលទាំងឡាយចំពោះការចោទប្រកាន់របស់អតិថិជន ដែលបានចោទគាត់ថា បានលួចប្តូរក្តាមអន់ៗនៅពេលដែលអ្នកទិញទុកឲ្យស្រុះ។
ការចេញមកបកស្រាយនេះ បានកើតមានឡើងក្រោយពីមានបុរសម្នាក់ និងក្រុមគ្រួសារ បានទៅទិញក្តាមនៅផ្សារលើក្រុងព្រះសីហនុ និងថាស្រ្តីអាជីវករលក់ក្តាមលួចប្តូរក្តាមអាអន់ៗឲ្យគាត់ នៅពេលដែលគាត់បានទុកឲ្យស្រុះ ដោយជាប់ទៅទិញទំនិញផ្សេងទៀត។
វីដេអូឈ្លោះទាស់គ្នាផ្អើលពេញផ្សារលើ ក្រុងព្រះសីហនុនេះ ត្រូវបានគេចែកចាយតាមសង្គម Facebook យ៉ាងខ្លាំង កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ និងមានការបញ្ចេញមតិយោបល់ផ្សេងៗ ដោយអ្នកខ្លះគាំទ្រអ្នកទិញ និងអ្នកខ្លះទៀតការពារអ្នកលក់។
ក្រោយមានហេតុការណ៍បែបនេះ និងត្រូវបានគេចែកចាយវីដេអូតាមបណ្តាញសង្គមបែបនេះ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានណែនាំមន្រ្តីភ្លាមៗ សហការជាមួយប្រធានផ្សារ អញ្ជើញស្រ្តីអាជីវករ និងអ្នកដែលជាប់ពាក់ព័ន្ធនៅក្នុងជម្លោះទាំងនោះ មកសួរនាំ និងធ្វើការបកស្រាយឡើងវិញពីដំណើរឿង។
តាមស្រ្តីរូបនេះបកស្រាយ បានឲ្យដឹងថា អតិថិជនដែលទិញក្តាមគាត់នោះ គឺច្រឡំយកថង់ក្តាមផ្សេង មិនមែនជាក្តាមដែលគាត់ទិញនោះឡើយ ហើយរហូតម៉ោង ២រសៀលថ្ងៃដដែល ទើបអតិថិជនរូបនោះត្រឡប់មកវិញ ដើម្បីរករឿងតែម្តង។
ខាងក្រោមនេះជាការបកស្រាយរបស់ស្រ្តីអាជីវករ និងអ្នកលក់ដូរក្បែរគ្នា៖