(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីរាជការ ក្រោមឱវាទក្រសួង ដង្ហែកឋិនទានសាមគ្គីទៅកាន់វត្តជ្រោយស្នោ ស្ថិតនៅភូមិជ្រោយស្នោ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល ដើម្បីនាំយកបច្ច័យទៅប្រគេនព្រះសង្ឃ ដែលគង់ចាំវស្សាអស់កាលត្រីមាស។
កឋិនទាននេះបានប្រារព្ធធ្វើឡើងចាប់ពីរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ បានជួបជុំមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយនៅទីស្តីការក្រសួង ដើម្បីចូលរួមពិធីក្រុងពាលីប្រារព្វធ្វើបទនមស្សការព្រះរតនត្រៃយ៍ និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត រួចសម្តែងធម្មទេសនា លុះព្រឹកឡើងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៦៖០០ព្រឹក ជួបជុំមន្ត្រីរាជការ និងពុទ្ធបរិស័ទនៅទីស្តីការក្រសួង ដង្ហែដោយរថយន្តឆ្លងកាត់រាជធានីភ្នំពេញ បន្តដំណើរតាមផ្លូវជាតិលេខ២១ ឆ្លងស្ពានកោះធំ ឆ្ពោះទៅកាន់វត្តជ្រោយស្នោ ដែលជាវត្តដាច់ស្រយាល ក្នុងចំណោមវត្តដាច់ស្រយាលទាំងឡាយក្នុងស្រុកកោះធំ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានឃើញមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយបានស្រុះស្រួល មូលមតិគ្នារៀបចំបុណ្យកឋិនទានសាមគ្គីនេះឡើងប្រកបដោយទឹកចិត្តជ្រះថ្លា និងស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធ។
លោកទេសរដ្ឋមន្ត្រី បានថ្លែងថា «យើងមានឱកាសធ្វើបុណ្យធ្វើទានកសាងនូវសេចក្តីល្អ គឺដោយសារយើងមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី»។
ឆ្លៀតក្នុងឱកាសនេះផងដែរលោកទេសរដ្ឋមន្ត្រី បានបួងសួងដល់ទេវតាប្រទានពរជ័យ សិរីមង្គល វិបុលសុខ កើតមានដល់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប និងសូមជួបតែពុទ្ធពរ ទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជូននូវកុសលផលបុណ្យចំពោះមន្រ្តីរាជការ និងពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយទាំងអស់ សូមបានសុខ ចម្រុងចម្រើន មានសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជារៀងរហូតទៅ៕