(ភ្នំពេញ)៖ ដោយសារតែទឹកភ្លៀងជន់លិចខ្លាំងក្នុងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ម៉ាស៉ីនបូមទឹកចល័តចំនួន៦គ្រឿង ដើម្បីបូមទឹកនៅចំណុចស្ថានីយ៍បឹងទំពុន ដើម្បីរំដោះទឹកដែលបានជន់លិច។
វត្តមានរបស់លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កំពុងដឹកនាំមន្ដ្រីជំនាញធ្វើអន្ដរាគមន៍ ដើម្បីបូមទឹករំដោះពីស្ថានីយ៍បឹងទំពុន ស្ថិតនៅលើផ្លូវលេខ៣៧១ ខណ្ឌមានជ័យ នេះផងដែរ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News នៅទីតាំងប្រតិបត្តិការដើម្បីបូមទឹករំដោះនេះ បានឲ្យដឹងថា រហូតមកដល់ពេលនេះ អាជ្ញាធរ និងមន្ដ្រីជំនាញពាក់ព័ន្ធ កំពុងខិតខំធ្វើយ៉ាងដើម្បីដោះស្រាយបញ្ហាជន់លិចនេះជូនប្រជាពលរដ្ឋជាបន្ទាន់។
សាលារាជធានីភ្នំពេញនៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដល់បងប្អូនប្រជាពលរដ្ឋ ពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននៅលើកំណាត់ផ្លូវលេខ៣៧១ ក្នុងខណ្ឌមានជ័យ ដោយសារតែសាលារាជធានីភ្នំពេញ ត្រូវបញ្ជូនរថយន្តទៅបូមទឹកចេញពីស្ថានីយ៍ទឹកបឹងទំពុនចេញ ដោយសារទឹកឡើងខ្លាំងពេក។
រដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ដោយជូនដំណឹងទៅកាន់បងប្អូនប្រជាពលរដ្ឋ សូមវាងតាមផ្លូវផ្សេងជាបណ្តោះអាសន្ន ផ្អាកធ្វើដំណើរតាមផ្លូវលេខ៣៧១សិន ដោយរង់ចាំការបើកដំណើរការឡើងវិញ។
បើតាមសាលារាជធានីភ្នំពេញ ដោយសារភ្លៀងធ្លាក់មួយមេធំនៅថ្ងៃនេះ ទើបបណ្តាលឲ្យទឹកនៅក្នុងស្ថានីយ៍បូមទឹកបឹងទំពុងឡើងខ្លាំងមែនទែន ដូច្នេះហើយដើម្បីកុំឲ្យមានការប៉ះពាល់ដល់ទួប៊ីននោះ អាជ្ញាធរសម្រេចបញ្ជូនរថយន្តទៅបូមទឹកចេញ ដើម្បីជួយសង្គ្រោះស្ថានីយ៍ ដូច្នេះរថយន្តត្រូវតម្រៀបជាជួរនៅលើផ្លូវ ជាហេតុត្រូវផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន។
គួរជម្រាបថា រហូតមកដល់ពេលនេះ មានតំបន់ជាច្រើនក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ កំពុងរង់ការវាយប្រហារដោយជំនន់ទឹកភ្លៀង។ តំបន់រង្វង់មូលចោមចៅ និងអូឌឹម ស្ថិតក្នុងខណ្ឌកំបូល តាមបណ្ដោយផ្លូវជាតិលេខ៤ ក៏កំពុងរងលការជន់លិច និងស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ៕