(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០នេះ សពនារីម្នាក់ដែលបានលង់ទឹកស្លាប់ ត្រូវបានរកឃើញហើយ ក្រោយកម្លាំង យោធានៃតំបន់ប្រតិបត្តិការសឹករង និងកងពលតូចថ្មើរជើងលេខ៥១ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន មេបញ្ជាការរងយោធភូមិភាគទី៥។

សូមរំលឹកថា កាលពីវេលាម៉ោងប្រមាណ ៣រសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ជនរងគ្រោះ និងមិត្តភក្តិសរុប៥នាក់ បាននាំគ្នាទៅលេងមិត្តភក្តិនៅភូមិគូបតូច ឃុំគូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្រោយទៅដល់ពួកគេបាននាំគ្នាចុះលេងទឹក ដែលកំពុងឡើង និងហូរខ្លាំង។ គ្រានោះអ្នកទាំង ៥បានលង់ទឹក អ្នកឃើញហេតុការណ៍បានព្យាយាមជួយសង្គ្រោះភ្លាមៗបាន៤នាក់ តែអកុសលនារីរងគ្រោះបានលិចបាត់ស្រមោលមិនអាចសង្គ្រោះ និងរកសពនោះទេ រហូតកម្លាំងយោធា និងសមត្ថកិច្ចប្រើពេលមួយថ្ងៃទើបរកឃើញសពនៅរសៀលថ្ងៃនេះ។

សពនារីរងគ្រោះឈ្មោះ គឹម ទៀង អាយុ១៩ឆ្នាំ រស់នៅភូមិប៉ាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយរកឃើញសព សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕