(ពោធិ៍សាត់)៖ យុវតីម្នាក់បានរអិលជើងធ្លាក់ប្រឡាយលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម ក្នុងអំឡុងជំនន់ទឹកភ្លៀង ហើយត្រូវបានអាជ្ញាធរ និងប្រជាពលរដ្ឋ រុករកឃើញសាកសព កាលពីវេលាម៉ោង០៧៖១៥នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានឱ្យដឹងថា សាកសពយុវតីរងគ្រោះ មានឈ្មោះ សុង រក្សា ភេទស្រី អាយុ២១ឆ្នាំ ជាអតីតនិស្សិតនៅវិទ្យាស្ថានពហុបច្ចេកទេសពោធិ៍សាត់ ជំនាញអគ្គិសនី ប៉ុន្តែសព្វថ្ងៃបានផ្ទេរការសិក្សាមករៀននៅសាកលវិទ្យាល័យអង្គរខេមរា សាខាខេត្តពោធិ៍សាត់ ជំនាញគណនេយ្យវិញ។
សមត្ថកិច្ចបានបន្តថា នាវេលាម៉ោង០៤៖០០នាទីល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មានករណីលង់ទឹកស្លាប់ ដោយសារយុវតីរងគ្រោះខាងលើ ដើររអិលជើងធ្លាក់ចូលប្រឡាយលង់ទឹកស្លាប់តែម្តង។
សាកសពក្រោយបានរកឃើញ ត្រូវសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ថា នេះជាករណីទី១ហើយ បន្ទាប់ពីខេត្តពោធិ៍សាត់ បាននឹងកំពុងទទួលរងសម្ពាធយ៉ាងធ្ងន់ធ្ងរ នូវជំនន់ទឹកភ្លៀង។ ជាមួយគ្នានោះ អាជ្ញាធរមានសមត្ថកិច្ច បានអំពាវនាវយ៉ាងទទួច ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមជម្លៀងប្រជាពលរដ្ឋទៅរកទីទួលមានសុវត្ថិភាពជាមុន ជៀសវាងគ្រោះអាសន្នមកដល់ ជួបនូវការលំបាកក្នុងការដឹកជញ្ជូន។
ដោយឡែកករណីស្ត្រីម្នាក់ទៀតលង់ទឹកស្លាប់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានរកឃើញផងដែរ នៅរសៀលថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០ម្សិលមិញ ដោយកម្លាំងយោធានៃតំបន់ប្រតិបត្តិការសឹករង និងកងពលតូចថ្មើរជើងលេខ៥១ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន មេបញ្ជាការរងយោធភូមិភាគទី៥។
សូមរំលឹកថា កាលពីវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ជនរងគ្រោះ និងមិត្តភក្តិសរុប៥នាក់ បាននាំគ្នាទៅលេងមិត្តភក្តិនៅភូមិគូបតូច ឃុំគូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្រោយទៅដល់ពួកគេបាននាំគ្នាចុះលេងទឹក ដែលកំពុងឡើង និងហូរខ្លាំង។ គ្រានោះអ្នកទាំង៥បានលង់ទឹក អ្នកឃើញហេតុការណ៍ បានព្យាយាមជួយសង្គ្រោះភ្លាមៗបាន៤នាក់ តែអកុសលនារីរងគ្រោះបានលិចបាត់ស្រមោលមិនអាចសង្គ្រោះ និងរកសពនោះទេ រហូតកម្លាំងយោធា និងសមត្ថកិច្ចប្រើពេលមួយថ្ងៃទើបរកឃើញសពនៅរសៀលថ្ងៃនេះ។
សពនារីរងគ្រោះឈ្មោះ គឹម ទៀង អាយុ១៩ឆ្នាំ រស់នៅភូមិប៉ាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយរកឃើញសព សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕