(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះថា អាជ្ញាធរបានបើកដំណើរការចរាចរលើផ្លូវលេខ៣៧១ឡើងវិញហើយ នៅព្រឹកនេះ បន្ទាប់ពីផ្លូវនេះត្រូវបានអាជ្ញាធរបិទទាំងស្រុងកាលពីយប់មិញ ដើម្បីបូមទឹកនៅចំណុចស្ថានីយបឹងទំពុន រំដោះទឹកជន់លិចក្នុងរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបញ្ជាក់យ៉ាងដូច្នេះថា «ផ្លូវលេខ ៣៧១ យើងបើកដំណើរការចរាចរឡើងវិញហើយ បងប្អូនប្រជាពលរដ្ឋអាចធ្វើចរាចរលើផ្លូវនេះដូចធម្មតា»។
សូមជម្រាបថា ដោយសារតែទឹកភ្លៀងជន់លិចខ្លាំង ក្នុងរាជធានីភ្នំពេញ នាយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្រេចបញ្ជាឲ្យបិទមហាវិថី ៣៧១ ទាំងស្រុងនៅយប់មិញនេះ ដើម្បីបូមទឹកនៅចំណុចស្ថានីយបឹងទំពុន ធ្វើយ៉ាងរំដោះទឹកដែលបានជន់លិចឲ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន៕