(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ ជាពិសេសផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវលេខ២២ ផ្លូវលេខ៤១ និងផ្លូវជាតិលេខ៤ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសាងសង់ អាជ្ញាធរដែនដី និងបណ្ដាភាគីពាក់ព័ន្ធផងដែរ។
លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថាកំណាត់ផ្លូវជាតិចំនួន២៤៩កំណាត់ មានប្រវែងសរុបចំនួន ៣២៤.២៩ គីឡូម៉ែត្រ ត្រូវបានទទួលរងនូវការលិចលង់។ ផ្លូវនោះរួមមាន៖ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ និងបណ្ដាផ្លូវជាតិសំខាន់ៗជាច្រើនខ្សែថែមទៀតផងដែរ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងដំណើរបេសកកម្មចុះពិនិត្យផ្លូវ ដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង លោកទេសរដ្ឋមន្ត្រី បានណែនាំឲ្យក្រុមហ៊ុនសាងសង់ ដែលកំពុងសាងសង់ផ្លូវជាតិលេខ៣ យកដុំថ្មនិងបាវខ្សាច់មកទប់ទឹកដែលកំពុងហូរច្រោះកាត់កំណាត់ផ្លូវជាតិលេខ៣ នៅកំពង់ទួល ឋិតក្នុងភូមិសាស្ត្រខេត្តកណ្តាល ដើម្បីទប់ស្កាត់កុំឱ្យទឹកហូរកាត់ផ្ដាច់ផ្លូវ បង្កការជន់លិចទៅដល់ខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋរាប់ពាន់ខ្នង ឋិតនៅខាងក្រោមផ្លូវ។
ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រីបានជម្រាបជូនផងដែរថា ក្រុមការងារជំនាញពាក់ព័ន្ធរបស់ក្រសួង នឹងចុះធ្វើបញ្ជីប៉ាន់ស្មានចំពោះទំហំការខូចខាតផ្លូវថ្នល់ទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីស្នើសុំកញ្ចក់ថវិកាយកមកជួសជុល នៅពេលទឹកស្រកទៅវិញភ្លាម។
ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានអំពាវនាវដល់ម្ចាស់យានយន្តដឹកជញ្ជូនធុនធ្ងន់សូមកុំបើកបរនៅលើផ្លូវទាំងឡាយដែលកំពុងទទួលរងការជន់លិច និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរមាន សមត្ថកិច្ច ដើម្បីបង្ការកុំឲ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់យើងរងការខូចខាតកាន់តែធ្ងន់ធ្ងរថែមទៀត និងបានស្នើសុំការអភ័យទោសពីសំណាក់បងប្អូនប្រជាពលរដ្ឋ ចំពោះការបិទផ្លូវមួយចំនួន មិនឱ្យរថយន្តធុនធំធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន ក្នុងគ្រាដ៏លំបាកនេះ។
ដោយឡែក ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋក្នុងពេលអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកជំនន់ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់ខ្លួនក្នុង ពេលទឹកជំនន់កំពុងវាយប្រហារ ជាពិសេសសុខភាពផ្ទាល់ខ្លួន ដោយត្រូវទទួលទានទឹកស្អាត ដើម្បីចៀសវាងជំងឺដង្កាត់ផ្សេងៗ៕