(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អមដំណើរដោយថ្នាក់ដឹកនាំ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានចុះពិនិត្យវាស់វែងជាក់ស្តែង ព្រមទាំងមានវិធានការចំពោះមុខ និងសម្រាប់អនាគតនៅចំណុចទីតាំងចំនួន៣ គឺនៅទីតាំងព្រែកហូ ប្រឡាយព្រែករទាំង និងស្ទឹងជ្រៅក្នុងខេត្តកណ្តាល ដែលជាទីតាំងចំណុចគន្លឹះក្នុងការរំដោះទឹកស្ទឹងព្រែកត្នោត នៅពេលមានជំនន់ម្តងៗ ទៅបឹងជើងលោង និងទន្លេបាសាក់។
ក្រសួងធនធានទឹក បានបញ្ជាក់ថា ផ្អែកលើការពិនិត្យជាក់ស្តែង នៅចំណុចទីតាំងទាំង ០៣ខាងលើ បានឃើញថា៖
*ត្រង់ស្ពានព្រែកហូរមានធារទឹក ២៤០ m3/s រីឯនៅផ្នែកខាងក្រោមចុងព្រែកវិញ ត្រង់ចំណុចស្ពានវត្តក្របៅ គឺបានថយនៅសល់ត្រឹមតែ ១៧ m3/s ប៉ុណ្ណោះ
*ត្រង់ចំណុចព្រែករទាំងមានធារទឹក ១៨៣ m3/s
*ត្រង់ចំណុចស្ទឹងជ្រៅមានធារទឹក ៦០ m3/s ដែលជាធម្មតាធារទឹកអាចមានដល់ចំនួន ១៥៤ m3/s នេះបង្ហាញថា ស្ទឹងជ្រៅមានការរាំងស្ទះចរន្តដល់ទៅជាង២ដង។
ក្នុងករណីស្តារប្រព័ន្ធរំដោះទឹកទាំង៣ខាងលើបានល្អ នោះយើងនឹងអាចរំដោះទឹកបានរហូតទៅដល់ ៧៩៦ m3/s៕