(ភ្នំពេញ)៖ កម្ពុជាបានបង្កើតកម្មវិធីប្រកួតប្រជែងសហគ្រាសខ្នាតតូច និងមធ្យមលើកទី១ ដើម្បីទាក់ទាញការចូលរួមពីក្រុមហ៊ុនដែលចាប់ផ្តើមថ្មី និងសហគ្រាសដែលមានបទពិសោធន៍យូរឆ្នាំ ក្រុមហ៊ុនដែលនឹងបណ្តាក់ទុនវិនិយោគ និងវាគ្មិនល្បីៗក្នុងវិស័យពាក់ព័ន្ធ សំដៅចូលរួមលើកស្ទួយវិស័យ SMEs នេះឱ្យកាន់តែមានភាពរីកចម្រើនឡើង។
ការរៀបចំនេះក៏នឹងជួយជំរុញការផ្តល់មូលនិធិបណ្តាក់ទុនវិនិយោគឱ្យសហគ្រាសខ្នាតតូច និងមធ្យម ដើម្បីជ្រោមជ្រែងពួកគេអាចមានការរីកចម្រើនខ្លាំងក្លាទៅមុខ ក៏ដូចជាការពង្រីកអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចលឿននៅអាស៊ី។
កម្មវិធីនេះទទួលបានការសហការរៀបចំដោយក្រុមហ៊ុនភីអិលអិមភីវេនឈ័រខេភីថល (PVCC) និងសម្ពន្ធសហគមន៍សហគ្រាសខ្នាតតូច និងមធ្យមកម្ពុជា (FASMEC) ជាមួយនឹងការគាំទ្រពីគណៈកម្មការមូលប័ត្រកម្ពុជា (SECC)។
លក្ខខណ្ឌដែលអាចចូលរួមបាន រួមមាន៖
ទី១៖ កម្មវិធីប្រកួតប្រជែងនេះ គឺត្រូវបានបើកឱ្យចូលរួមសម្រាប់ក្រុមហ៊ុនទាំងឡាយណាដែលចុះបញ្ជីនៅកម្ពុជា។
ទី២៖ សហគ្រាសខ្នាតតូច និងមធ្យមដែលមានសមាសភាពដូចខាងក្រោម ត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យ។ សហគ្រាសខ្នាតតូច ជាសហគ្រាសដែលមានបុគ្គលិកកម្មករចាប់ពី ១១-៥០ នាក់ ឬដើមទុនចាប់ផ្តើមមានចន្លោះពី ៥០,០០០-២៥០,០០០ ដុល្លារអាមេរិក។ សហគ្រាសខ្នាតមធ្យម ជាសហគ្រាសដែលមានបុក្គលិក កម្មករពី ៥១-១០០ នាក់ ឬដើមទុនចាប់ផ្តើមមានចន្លោះពី ២៥០,០០០-៥០០,០០០ ដុល្លារអាមេរិក។ សហគ្រាសខ្នាតធំ ជាសហគ្រាសដែលមានបុក្គលិកកម្មករចាប់ពី ១០០ នាក់ឡើង ឬដើមទុនចាប់ពី ៥០០,០០០ ដុល្លារឡើងទៅ។
ទី៣៖ អ្នកដាក់ពាក្យចូលរួមប្រកួតត្រូវអាចផ្តល់អោយនូវព័ត៌មានសំខាន់ៗ ដែលពាក់ព័ន្ឋដូចជាគោលគំនិត ផែនការអាជីវកម្ម ក្រុមអ្នកគ្រប់គ្រង និងក្រុមការងារ គំរូអាជីវកម្ម គម្រោងប្រើមូលនិធិ តារាងពេលវេលា ការវិភាគអំពី SWOT របាយការណ៍ ផែនការហិរញ្ញវត្ថុរយ:ពេលពី ៣-៥ ឆ្នាំ និងគម្រោងផ្សេងៗ។
ទី៤៖ ការដាក់ពាក្យមិនឱ្យហួសថ្ងៃផុតកំណត់ និងមានការបំពេញព័ត៌មាន និងឯកសារឱ្យបានគ្រប់គ្រាន់ បើពុំដូច្នោះទេក្រុមហ៊ុនបេក្ខភាពពុំត្រូវបានសម្រិតសម្រាំង និងចូលរួមវគ្គបន្តបានឡើយ។
ទី៥៖ ក្រុមហ៊ុនដាក់ពាក្យប្រកួតប្រជែង ត្រូវធានានូវរាល់ព័ត៌មានដែលបានផ្ញើគឺពិតជាត្រឹមត្រូវ បច្ចុប្បន្នភាព និងមានលក្ខណ:ពេញលេញ។
ទី៦៖ អាជីវកម្មគួរតែជាអ្វីដែលអាចពង្រីកខ្លួនបាន ហើយមានប្រវត្តមានកេរ្ត៍ឈ្មោះ។ មិននៅក្នុងវិស័យដែលត្រូវបានហាមឃាត់ គ្មានបញ្ហាច្បាប់់ទម្លាប់ និងការប្តឹងផ្តល់ ហើយមានទំនួលខុសត្រូវគិតគូរខ្ពស់លើផលប៉ះពាល់ផ្នែកសង្គម និងបរិស្ថាន និង/ឬមានគោលការណ៍ CSR ផ្ទាល់ក៏ល្អ។
ទី៧៖ បទបង្ហាញខ្លីរបស់អាជីវកម្មគួរធ្វើឡើងជាភាសាអង់គ្លេស ហើយអ្នកឡើងធ្វើបទបង្ហាញអាចនិយាយភាសានេះ។
ចំណែកឯកសារដែលតម្រូវក្នុងការដាក់ពាក្យចូលរួម រួមមាន៖
១៖ ឯកសារផ្លូវច្បាប់របស់ក្រុមហ៊ុន ដូចជាប័ណ្ណប៉ាតង់ចុងក្រោយ អាជ្ញាប័ណ្ណអាជីវកម្ម លិខិតអនុញាតពីក្រសួង ឬអាជ្ញាធរពាក់ព័ន្ធ លក្ខន្តិកៈក្រុមហ៊ុនជាដើម។
២៖ លិខិតបញ្ជាក់អត្តសញ្ញាណ ឬលិខិតផ្តល់សិទ្ធិឱ្យអ្នកតំណាងជួសមុខឱ្យក្រុមហ៊ុនក្នុងដំណើរការចូលរួមវគ្គប្រកួតប្រជែងនេះ (ប្រសិនបើអ្នកតំណាងពុំមែនជាម្ចាស់ ឬនាយកក្រុមហ៊ុន។
៣៖ ឯកសារអត្តសញ្ញាណរបស់អ្នកតំណាង។
៤៖ ឯកសារបទបង្ហាញសង្ខេបរបស់អាជីវកម្ម។
៥៖ ផែនការអាជីវកម្មគួរមានបញ្ជាក់ផងដែរពី៖
* គោលគំនិតអាជីវកម្ម
* ក្រុមអ្នកគ្រប់គ្រង
* គម្រូអាជីវកម្ម ផែនការណ៍អាជីវកម្មរយៈពេលប្រាំឆ្នាំ ជាមួយហ្នឹងការបង្ហាញសក្តានុពលទីផ្សារប្រភពចំណូល និងនិរន្តរភាព
* តម្រូវការ និងការប្រើប្រាស់ទុន
* ពេលវេលានៃគម្រូអាជីវកម្មដែលស្ថិតក្នុងទំនោរសាកសមទទួលអត្ថប្រយោជន៍ ការបង្កើតអ្វីថ្មីសន្លាង ឬដែលនឹងមកជំនួសទីផ្សារដែលមានស្រាប់។
៦៖ បំពេញព័ត៌មានដែលជាតម្រូវការតាមរយ:ការដាក់ពាក្យអនឡាញ និងប្រាកដថាបានជោគជ័យចប់សព្វគ្រប់។
៧៖ ឯកសារជា Hard copy គួររៀបចំឱ្យបានសមរម្យ និងនាំយកមកជាមួយក្នុងថ្ងៃសម្ភាសន៍សំណេះសំណាល។
គេហទំព័រ និង App ដែលជាជំនួយដល់ការដាក់់ពាក្យចូលរួម៖
* គេហទំព័រ៖ http://plmpvc.com/register-event.html
* App៖ B2B2C@CSME<br< a="">>* ឯកសារដាក់ពាក្យតាមអនឡាញតាមរយៈ៖ https://wetransfer.com; និង receiver: [email protected]
ចំពោះរង្វាន់ដែលនឹងទទួលបាន៖
* អ្នកឈ្នះចុងក្រោយបីនាក់នឹងបានទទួលនូវពានរង្វាន់ លិខិតបញ្ជាក់ជើងឯក មានគុណវុឌ្ឍិ ក៏ដូចជាសិទ្ធិគ្រប់គ្រាន់ក្នុងការទទួលបានការផ្តល់ទុនវិនិយោគរហូតដល់ ១,០០០,០០០ ដុល្លារអាមេរិកនៃវដ្តអាជីវកម្មពី PVCC។
* មានក្រុមហ៊ុនប្រកួតប្រជែង ១២ ដែលត្រូវបានជ្រើសយកមកចូលរួមវគ្គផ្តាច់ព្រ័ត្រ ដែលក្រុមហ៊ុនទាំង ១២ ត្រូវបានគេតម្រូវឱ្យនិយាយអំពីគោលបំណងនៃផែនការអាជីវកម្មរបស់ពួកគេ ហើយពួកគេត្រូវធ្វើការបង្ហាញសមត្ថភាព ដែលអាចធ្វើការឆ្លងឆ្លើយនូវរាល់សំណួរដែលមានទំនាក់ទំនងបានយ៉ាងច្បាស់ និងសមស្របសម្រាប់ផែនការអាជីវកម្ម។ ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការជ្រើសរើសអ្នកឈ្នះជំនួស ក្នុងករណីដែលតម្រូវការនេះមិនត្រូវបានបំពេញ។
* វដ្តនៃដំណើរការផ្តល់មូលនិធិសម្រាប់អ្នកឈ្នះកំពូលទាំងបីក្រុមហ៊ុន ដែលត្រូវបានជ្រើសរើសសម្រាប់ការវិនិយោគនឹងស្ថិតនៅក្នុងការសម្រេចចិត្តរបស់ក្រុមហ៊ុន PVCC បន្ទាប់ពីដំណើរការនៃការសិក្សាលម្អិតទៅលើក្រុមហ៊ុន បន្ទាប់ពីមានការប្រកួតប្រជែងព្រឹត្តិការណ៍ និងយោងតាមលក្ខខណ្ឌនៃការចាត់ចែងគ្រប់គ្រង ដោយគណៈកម្មការចាត់តាំងយ៉ាងសមស្របមួយ។
រាល់ចម្ងល់ទាក់ទងនឹងការដាក់ពាក្យ ក៏អាចមកសាកសួរដោយផ្ទាល់នូវការិយាល័យក្រុមហ៊ុនដែលមានអាស័យដ្ឋាន៖ ផ្ទះលេខ ៣២៥ មហាវិថីម៉ៅសេទុង សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ភ្នំពេញ ឬតាមរយៈអ៉ីម៉ែល៖ [email protected]
ឬក៏អាចទាក់ទងមកលោក អ៉ឹម សាមភា ប្រធាននាយកប្រតិបត្តិ តាមរយៈលេខទូរស័ព្ទដៃ៖ 012 455 789 / 098 893 689
អ៉ីម៉ែល៖ [email protected]
ថ្ងៃចាប់ផ្តើមទទួលពាក្យ គឺនៅថ្ងៃទី០១ ឧសភា ២០២០ ថ្ងៃឈប់ទទួលពាក្យ ៣១ កក្កដា ២០២០៕