(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ជាសះស្បើយ និងមិនមានរកឃើញករណីឆ្លងថ្មីនោះទេ។ បច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យសល់តែ៣នាក់ប៉ុណ្ណោះ។
សេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិចបានឲ្យដឹងថា អ្នកជំងឺដែលទើបព្យាបាលជាសះស្បើយទាំង២នាក់រួមមាន៖
១៖ បុរសជនជាបារាំងអាយុ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកធ្វើដំណើរមកពីប្រទេសបារាំង បានបន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
២៖ ស្ត្រីជនជាតិឥណ្ឌាអាយុ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌា (ក្រុងដេលី) មកដល់កម្ពុជានៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៧ ខែតុលានេះ កម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២៨៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន២៨០នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៣នាក់៕