(បាត់ដំបង)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងទទួលបានការអនុញ្ញាតពីសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងផងនោះ លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងរបស់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី បាននាំយកព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ចែកជូនដល់ប្រជារាស្រ្តទទួលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងចំនួន ៥១១ គ្រួសារ រស់នៅក្នុងភូមិស្ទឹងចក និងភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
សកម្មភាពនេះធ្វើឡើងនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ក្នុងនោះក៏មានវត្តមានរបស់លោក ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង លោកស្រី គង់ បញ្ញា រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីសំខាន់ៗរបស់ក្រសួងព្រះបរមរាជវាំងជាច្រើនរូបទៀត ហើយក៏មានវត្តមានរបស់លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរដែនដី មន្ត្រីក្នុងស្ថាប័នពាក់ព័ន្ធ និងប្រជារាស្ត្រក្នុងមូលដ្ឋាននេះ។
លោក ងួន រតនៈ បានថ្លែងសុន្ទរកថាស្វាគមន៍ ថ្វាយព្រះពរ និងថ្លែងអំណរព្រះមហាករុណាទិគុណដ៏ជ្រាលជ្រៅជាទីបំផុតថ្វាយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ដែលព្រះអង្គបានបន្តរួមសុខរួមទុក្ខជាមួយនឹងទុក្ខលំបាករបស់ប្រជារាស្ត្រ ជាកូនចៅ ចៅទួតរបស់ព្រះអង្គរស់នៅក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលកំពុងជួបប្រទះនូវការលំបាកយ៉ាងខ្លាំងដោយទឹកជំនន់នាពេលនេះ។
លោកអភិបាលខេត្តបានធ្វើសេចក្តីរាយកាណ៍អំពីស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅក្នុងខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី០១-១០ ខែតុលា ឆ្នាំ២០២០ មានផលប៉ះពាល់លើស្រុកបាណន់ ស្រុកថ្មគោល ស្រុកបវេល ស្រុកឯកភ្នំ ស្រុកមោងឫស្សី ស្រុករុក្ខគិរី និងស្រុកសំពៅលូន ស្មើនឹង ៣១ ឃុំ-សង្កាត់។ ប៉ះពាល់ប្រជាជនសរុប ៨,០២៤ គ្រួសារ ជម្លៀសប្រជាជនទៅកាន់ទីទួលសុវត្ថិភាពសរុប ៤៩៨ គ្រួសារ។ លិចស្រូវ ២៦,៦៦៣ ហិកតា។ ដំណាំរួមផ្សំប៉ះពាល់ ៣០,១៨៦ ហិកតា។ លិចសាលារៀន ៣៤ កន្លែង។
លោក គុយ សុផល បានជម្រាបជូនពីព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សព្វថ្ងៃព្រះអង្គកំពុងគង់សម្រាកពិនិត្យព្យាបាលព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ ព្រះអង្គមានព្រះរាជហឫទ័យនឹករលឹកសាកសួរសុខទុក្ខ ក្នុងព្រះរាជហឫទ័យអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គដែលទទួលរងគ្រោះ ដោយទឹកជំនន់ទឹកភ្លៀងរស់នៅស្រុកមោងឫស្សី និងបណ្តាស្រុកដទៃទៀតក្នុងខេត្តបាត់ដំបង និងនៅតាមបណ្តាខេត្តដទៃទៀតនៃប្រទេសកម្ពុជា ដែលកំពុងជួបប្រទះនូវការលំបាកខ្វះខាតក្នុងជីវភាពជាខ្លាំង ដូចជាការប្រឈមមុខទៅនឹងការខ្វះខាត ស្បៀងអាហារ ទីជម្រក បញ្ហាសុខភាព ការខូចខាតនូវភោគផលដំណាំ ទ្រព្យសម្បត្តិផ្សេងៗ និងការបំផ្លិចបំផ្លាញដល់ហេដ្ឋារចនាសម្ពន្ធសង្គមជាតិ។ ហេតុនេះហើយព្រះអង្គទាំងទ្វេបានប្រោសព្រះរាជទានឱ្យលោក គួយ សុផល ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ នាំមកនូវព្រះរាជអំណោយចែកជូនប្រជាពលរដ្ឋទាំង ៥១១ គ្រួសារក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរបស់ប្រជាពលរដ្ឋ។
ព្រះរាជអំណោយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ដែលលោក គុយ សុផល ចែកជូនដល់ប្រជារាស្ត្ររងគ្រោះដោយទឹកជំនន់នោះ ក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ៥០ គីឡូក្រាម ឃីត ១ កញ្ចប់ (មានមុង ១ ភួយ ១ ក្រមា ១ សារុង ១) មី ១ កេស ត្រីខ ១០ កំប៉ុង កៅស៊ូតង់ ១ ផ្ទាំង សាប៊ូ ៥ ដុំ អាវយឺត ១ និងថវិកា ៤០០ ពាន់រៀល។
ព្រះរាជអំណោយដ៏ថ្លៃថ្លាដែលបានប្រោសព្រះរាជទាន សម្រាលការលំបាកក្នុងបញ្ហាខ្វះខាតស្បៀងអាហាររបស់ប្រជារាស្រ្តរស់នៅក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅពេលនេះ គឺជាព្រះរាជហឫទ័យសណ្ដោសប្រោសប្រណីដ៏មហាប្រសើរថ្លៃថ្លា នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ដែលព្រះអង្គតែងតែមានព្រះរាជហឫទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ជានិច្ចចំពោះសុខទុក្ខរបស់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គនៅទូទាំងកម្ពុជា ពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្សត់ខ្សោយរងគ្រោះដោយគ្រោះធម្មជាតិមានទឹកជំនន់ ខ្យល់ព្យុះ និងភាពរាំងស្ងួតជាដើម ត្រូវបានព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះអង្គប្រោសព្រះរាជទាននូវព្រះរាជអំណោយដ៏ឧត្តុងឧត្តមគ្រប់បែបយ៉ាង ទាំងព្រះរាជអំណោយសំរាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងព្រះរាជអំណោយជាឧត្តមប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍ក្នុងមូលដ្ឋានភូមិឃុំទាំងមូល ដើម្បីរួមចំណែកធ្វើអោយជីវភាពរស់នៅរបស់ប្រជារាស្រ្ត កាន់តែមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់។
គួរបញ្ជាក់ថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយ ជួយសង្រ្គោះបញ្ហាជីវភាពរបស់ប្រជារាស្ត្ររងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានចំនួន ៥១១ គ្រួសារ តាមរយៈលោក គុយ សុផល នាពេលនេះបានប្រព្រឹត្តទៅបន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះអង្គបានប្រោសព្រះរាជទានព្រះរាជអំណោយតាមរយៈលោក គុយ សុផល ព្រះរាជតំណាងជួយស្រោចស្រង់បញ្ហាជីវភាព ប្រជារាស្ត្ររងគ្រោះដោយជំនន់ទឹកភ្លៀងមានចំនួនសរុប ៦៤៥ គ្រួសាររស់នៅក្នុងឃុំចំនួន ៤ របស់ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ រួចមកហើយ។
ប្រជារាស្រ្តដែលទទួលបានព្រះរាជអំណោយរស់នៅក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះព្រះរាជទានដ៏ថ្លៃថ្លានេះ និងសូមថ្វាយព្រះសព្ទសាធុការពរដ៏បវរមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី សូមព្រះអង្គបានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការមានព្រះរាជសុខ ភាពដ៏ល្អបរិបូណ៍ ព្រះកាយពលមាំមួន និងមានព្រះជន្មយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ដល់កូន ចៅ ចៅទួតរបស់ព្រះអង្គជាដរាបតរៀងទៅ។
បន្ទាប់ពីបំពេញភារកិច្ចជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ ក្នុងពិធីចែកព្រះរាជអំណោយដ៏ថ្លៃថ្លាជូនប្រជារាស្រ្តរងគ្រោះដោយទឹកជំនន់រួចមក លោក គុយ សុផល បានចុះពិនិត្យស្ថានភាពស្រះទឹកដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលមានទំហំ ១០០ ម៉ែត្រ x ១០០ ម៉ែត្រ និងជម្រៅ ៣ ម៉ែត្រ ស្ថិតនៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
ជាមួយគ្នានេះដែរ លោកបានបន្តដំណើរទៅពិនិត្យសាលារៀនមួយខ្នងមានពីរជាន់ស្មើ ២០ បន្ទប់ ដែលជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់សម្តេចឪ សម្តេចម៉ែ ស្ថិតនៅក្នុងបឋមសិក្សា និងអនុវិទ្យាល័យសម្តេចឪ-សម្តេចម៉ែភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង៕