(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលបណ្តោះអាសន្នថ្ងៃទី១៦ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដោយបញ្ជាក់ថា មានពលរដ្ឋចំនួន ៩.៣៤៧នាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី។
សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបានបញ្ជាក់ថា៖ លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ សម្រាប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅទូទាំងប្រទេស មានដូចខាងក្រោម៖
* ប្រជាពលរដ្ឋដែលបានមកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៩.៣៤៧នាក់
* អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួនសរុប ១២១.១៧៦នាក់
* អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួនសរុប ៨១.៥៣៧នាក់
* អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួនសរុប ៧៤.៧៥៩នាក់។
បើតាម គ.ជ.ប ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១-១៩ ខែតុលា ឆ្នាំ២០២០ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
គ.ជ.ប ថែមទាំងអញ្ជើញប្រជាពលរដ្ឋទាំងអស់៖
* ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ដើម្បីស្នើសុំកែទិន្នន័យ ប្រសិនបើមានចំណុចខុសឆ្គង
* ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ចំពោះប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៣) និងប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុន។
សូមបញ្ជាក់ថា បើតាមតារាងលទ្ធផលបណ្តោះអាសន្នរបស់ គ.ជ.ប រយៈពេល ១៦ថ្ងៃនេះ គឺចាប់ពីថ្ងៃទី០១-១៦ ខែតុលា ឆ្នាំ២០២០ មានប្រជាពលរដ្ឋសរុប ២៣៧៣២៦នាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី៕