(សៀមរាប)៖ ដើមត្នោត គឺជាប្រភេទរុក្ខជាតិនិម្មិតរូបជាតិកម្ពុជា និងជាប្រភេទរុក្ខជាតិដែលមានសារសំខាន់ជាទីបំផុត សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិនេះ អាចប្រើប្រាស់បានទៅតាមតម្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងអាចប្រើប្រាស់ជាសម្ភារផ្គុំសំណង់ផ្ទះ និងធ្វើជាទូកសម្រាប់ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកទៀតផង។
ដោយយល់ឃើញពីសារប្រយោជន៍នៃដើមត្នោត អាជ្ញាធរជាតិអប្សរាបានរៀបចំបណ្តុះ និងដាំដើមត្នោតឡើងវិញបានចំនួន ៦០០០ ដើមក្នុងរមណីយដ្ឋានអង្គរក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះ។
អាជ្ញាធរជាតិអប្សរាបានរំពឹងទុកថា នៅពេលធំ ត្នោតទាំងនោះមិនត្រឹមតែផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គរប៉ុណ្ណោះទេ តែថែមទាំងបានបង្កើតជាទស្សនីយភាព វប្បធម៌ដ៏ល្អអស្ចារ្យទៀតផង។
អាជ្ញាធរជាតិអប្សរានឹងបន្តបណ្តុះ និងដាំកូនត្នោតទៀតឱ្យបានកាន់តែច្រើនថែមទៀត៕