(បន្ទាយមានជ័យ)៖ នាយប់ម៉ោង៨៖៣០នាទីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ស្ថានភាពទឹកជំនន់នៅតាមមាត់អូរខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កំពុងតែហក់ឡើងយ៉ាងខ្មួលខ្មាញ់ និងឡើងបណ្តើរៗ គួរឱ្យព្រួយបារម្ភ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ចេញប្រត្តិបត្តិការដឹកនាំមន្ត្រីអាជ្ញាធរក្រុងប៉ោយប៉ែត និងកម្លាំងសមត្ថកិច្ចរដ្ឋបាលក្រុងប៉ោយប៉ែត, លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់រង កម្លាំងកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ដឹកនាំដោយលោក នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងយោធាក្រុងប្រជាការពាភូមិ ចុះពិនិត្យទឹកជំនន់ដែលកំពង់តែហក់ឡើងខ្លាំងលិចចូលផ្ទះប្រជាពលរដ្ឋ។
ក្នុងនោះផងដែរលោក គាត ហ៊ុល និងកម្លាំងសមត្ថកិច្ចបានត្រៀមជាស្រេច ក្នុងការរំដោះប្រជាពលរដ្ឋចេញពីលំដ្ឋានមករកទីទួលសុវត្ថិភាព ក្នុងខណៈដែលទឹកជន់លិចខ្លាំង ហើយលោក អភិបាលក្រុង បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលរស់នៅតាមមាត់អូរព្រំដែនសូមឲ្យមានការប្រុងប្រយ័ត្នពីបញ្ហាទឹកជំនន់ និងសត្វមានពិស ខ្សែភ្លើង ដែលដាច់ធ្លាក់ចូលទឹកពិសេសបំផុតគឺប្រយ័ត្ន កូនតូចៗ ធា្លក់ទឹក។
លោក គាត ហ៊ុល បានបញ្ជាក់បន្ថែមទៀតថា បើសភាពមិនស្រួលត្រូវប្រញាប់ឡើងមករកទីទួលសុវត្ថិភាពជាបន្ទាន់ ព្រោះអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចត្រៀមខ្លួនជាស្រេច ដើម្បីចុះជួយបងប្អូន ប្រជាពលរដ្ឋ ឱ្យរួចផុតពីទឹកជំនន់គ្រប់ពេលវេលា៕