(ព្រះវិហារ)៖ ស្ថានភាពទឹកដងស្ទឹងសែនក្នុងខេត្តព្រះវិហារ នៅតែបន្តហក់ឡើងខ្លាំងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ រហូតកម្ពស់ ១១.៩៤ម៉ែត្រ បើប្រៀបធៀបថ្ងៃម្សិលមិញកម្ពស់ ១១.៥៨ លើសកម្រិតត្រូវប្រកាសអាសន្នគឺ ១១.៥០ម៉ែត្រ។ នេះបើតាមការឲ្យដឹងពីលោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ។
ជាមួយនឹងស្ថានភាពការហក់ឡើងខ្លាំង នៃកម្ពស់ទឹកដងស្ទឹងសែនលើសកម្រិតប្រកាសអាសន្ន នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងដល់ទីតាំងមួយចំនួនក្នុងស្រុកជយ័សែន ដែលកំពុងប្រឈម និងបញ្ហាទឹកជំនន់ដើម្បី រកមធ្យោបាយជួយអន្តរាគមន៍សង្រ្គោះបងប្អូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងអំពាវនាវដល់អាជ្ញាធរដែនដី និងសមត្ថកិច្ចនៅតាមមូលដ្ឋាន ត្រូវតាមដានឃ្លាំមើលស្ថានភាពទឹកនៅតាមតំបន់ របស់ខ្លួន គ្រប់ពេលវេលា និងរាយការណ៍ឲ្យបានឆាប់បំផុត ពិសេសត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែនឲ្យមានការប្រុងប្រយត្ន័ និងត្រៀមលក្ខណៈបង្ការទុកជាមុន កុំឲ្យមានការបាត់បង់ខូចខាតទ្រព្យសម្បត្តិ និងរងគ្រោះថ្នាក់ផ្សេងៗទៀតដោយទឹកជំនន់។
លោកទេសរដ្ឋមន្ត្រី មាស សុភា បាននាំអំណោយកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់និងប្រជាពលរដ្ឋក្រីក្រជាច្រើនគ្រួសារផងដែរ។
ដោយឡែក លោក រស់ ហេង អភិបាលស្រុកជ័យសែន បានថ្លែងបញ្ជាក់ឲ្យដឹងថា ស្ថានភាពទឹកក្នុងស្រុកជយ័សែនថ្ងៃនេះមានការហក់ឡើង ប៉ុន្តែមិនទាន់ប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនោះទេ។
លោកអភិបាលស្រុក បានអរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាទឹកជំនន់ក្នុងស្រុកជយ័សែន ហើយលោកបានថ្លែងនូវការអរគុណផងដែរដល់លោកកង សៅគុណប្រធានក្រុមការងារខេត្តចុះជួយស្រុក ដែលបានផ្តល់កាណូតមួយគ្រឿងទុកចម្លងប្រជាពលរដ្ឋដោយមិនយកលុយ៕