(ព្រះវិហារ)៖ ភូមិសង្កែលិចត្រង់ចំណុចទួល៤២ ក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង ធ្វើឲ្យលិចផ្លូវ និងផ្ទះសំបែងរបស់បងប្អូន ប្រជាពលរដ្ឋដែលជាគ្រួសារកងទ័ពនៅព្រលប់ថ្ងៃទី១៦ ខែតុលា និងរហូតមកដល់ថ្ងៃទី១៧ ខែតុលា។
ក្រោយទទួលបានព័ត៌មានស្តីពីហេតុការណ៍ជំនន់ទឹកភ្លៀងហូរចូលភូមិប្រជាពលរដ្ឋ និងទទួលបានបទពបញ្ជាពីលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទព័ជើងគោក និងជាមេបញ្ជាការកងពលធំអអន្តរាគមន៍លេខ៣ភ្លាម, លោកឧត្តមសេនីយ៍ទោ ជូ តុងអាន មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ បានមូលជើងខោដឹកនាំកម្លាំងវរសេនាតូចវិស្វកម្មកងពលធំ អន្តរាគមន៍លេខ៣ ចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋទាំងយប់។
លោកឧត្តមសេនីយ៍ទោ ជូ តុងអាន បានថ្លែងបញ្ជាក់ថា ស្ថានភាពជំនន់ទឹកភ្លៀងដែលហូរចូលភូមិសង្កែលិច ចំណុចទួល៤២នោះ បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋដែលជាគ្រួសារកងទ័ពជាច្រើនខ្នង រងការលិចលង់ និងផ្លូវក្រាលគ្រួសក្រហមប្រហែលជាង១០០ម៉ែត្រ ត្រូវបានទឹកហូរច្រោះទន្ទឹម និងនោះបានប៉ះពាល់ដល់ផលដំណាំ និងសត្វមាន់ទាមួយចំនួនផងដែរ។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ជូ តុងអាន បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយត្ន័ការពារទ្រព្យសម្បត្តិ កុំឲ្យមានការបាត់បង់ដោយទឹកជំនន់ ពិសេសណែនាំកូនចៅតូចៗ កុំឲ្យចុះលេងទឹកផ្តេសផ្តាសខ្លាចមានគ្រោះថ្នាក់ជាយថាហេតុកើតឡើង៕