(ព្រៃវែង)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តព្រៃវែង នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្រុមគ្រួសារយុទ្ធជនពលី និងមរណៈចំនួន១១១គ្រួសារ ដែលកំពុងរស់នៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
ថ្លែងក្នុងឱកាសនោះ លោក ស សុខា បានរំលឹកដល់គំរូវីរភាពដ៏មុះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន និងយុទ្ធនារីគ្រប់រូប ជាពិសេសសាច់ញាតិរបស់បងប្អូន ពូមីង លោកយាយ លោកតា នៅស្រុកស៊ីធរកណ្ដាល ដែលពួកគាត់បានពលិកម្មយ៉ាងអង់អាចក្លាហាន លះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីប្ដូរយកសន្តិភាពជូនជាតិមាតុភូមិជាទីស្នេហានៃយើង។
លោកក៏បានបញ្ជាក់បន្ថែមថា «ទោះបីជាបច្ចុប្បន្ន ប្រទេសជាតិមានសុខសន្តិភាពពេញលេញក៏ដោយ ក៏រាជរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា មិនបានបំភ្លេចនូវគុណ បំណាច់របស់បងប្អូនយុទ្ធជន យុទ្ធនារី និងក្រុមគ្រួសារឡើយ»។ លោក ស សុខា ក៏បានអំពាវនាវដល់គ្រួសារបងប្អូនអតីតយុទ្ធជនពលី និងមរណៈ បន្តរក្សាស្មារតីស្នេហាជាតិ និងរួមគ្នាការពារសន្តិភាព ដែលយើងរកបានដោយលំបាកកុំឲ្យបាត់បង់។
នៅចុងបញ្ចប់ ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ លោក ស សុខា បានក្រើនរំលឹកប្រជាពលរដ្ឋឲ្យខិតខំការពារខ្លួន និងអនុវត្តវិធានការអនាម័យឲ្យបានជាប់ជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្នុងនោះ លោកបាននាំយកអំណោយប្រគល់ជូនគ្រួសារយុទ្ធជនពលី និងមរណៈទាំង១១១គ្រួសារ ដោយមួយគ្រួសារៗទទួលបាន អង្ករ២០គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ, ស្កសរ១គីឡូក្រាម, អំបិល១គីឡូក្រាម និងថវិកាចំនួន២ម៉ឺនរៀល៕