(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំអាជ្ញាធរដែនដី កងកម្លាំងទាំង៣ប្រភេទ លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុប្រធានភូមិ ប្រជាការពារភូមិ មន្រ្តីរាជការសាលាស្រុក និងយុវជនសសយកជាច្រើនរូបទៀត បានទៅចូលរួមជួយច្រូតស្រូវ របស់ប្រជាពលរដ្ឋនៅភូមិព្រៃបន្ទាយ ឃុំស្វាយយា ស្រុកស្វាយជ្រំ ដែលជាន់លិចដោយជំនន់ទឹកភ្លៀងចំនួន៤ហិកតា។
លោក តូច ប៉ូលីវ៉ា បានថ្លែងផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង ដែលជានិច្ចកាលតែងតែនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋ នៅខេត្តស្វាយរៀង ជាពិសេសក្នុងគ្រាដែលមានជំនន់ទឹកភ្លៀង ហើយលោកស្រីក៏បានចូលរួមសោកស្តាយ ចំពោះគ្រោះធម្មជាតិជំនន់ទឹកភ្លៀងជន់លិចស្រូវរបស់ប្រជាពលរដ្ឋផងដែរ។
ជាមួយនេះលោក តូច ប៉ូលីវ៉ា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចូលរួមបង្ការ និងកាត់បន្ថយផលប៉ះពាល់នានាដែលបណ្ដាលមកពីគ្រោះធម្មជាតិនេះ ជាពិសេសត្រូវយកចិត្តទុកដាក់ដល់ការថែទាំកុមារតូចៗ កុំឱ្យលេងទឹក ប្រកាន់ខ្ជាប់នូវការអនាម័យ ដើម្បីចៀសផុតពីជំងឺផ្សេងៗ ក្នុងករណីមានការប្រឈមណាមួយកើតឡើងក្នុងអំឡុងពេលនេះ សូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរ និងសមត្ថកិច្ចដែលនៅជិតបំផុតឲ្យបានឆាប់ ដើម្បីត្រៀមលក្ខណៈគ្រប់បែបយ៉ាង និងគ្រប់ពេលវេលា ក្នុងការជួយអន្តរាគមន៍សង្គ្រោះ ឧបត្ថម្ភ និងដោះសា្រយជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះឲ្យបានទាន់ពេលវេលា៕