(ភ្នំពេញ)៖ តាមរយៈទីភ្នាក់ងារផ្តល់ជំនួយ របស់សហរដ្ឋអាមេរិក USAID សហរដ្ឋអាមេរិកផ្តល់ថវិកាសរុបចំនួន ១០០០០០ដុល្លារ ជាជំនួយមនុស្សធម៌ ដើម្បីជួយក្នុងការឆ្លើយតបនឹងគ្រោះធម្មជាតិទឹកជំនន់ ដែលបង្កឡើងដោយទឹកភ្លៀងនៅប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា ចេញនៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ។
នៅទូទាំងប្រទេសកម្ពុជា ភ្លៀងដ៏ច្រើនតាំងពីដើមខែតុលាមកបានបណ្តាលឲ្យមានគ្រោះទឹកជំនន់ភ្លាមៗ ដែលបណ្តាលឲ្យមនុស្សចំនួនយ៉ាងតិច២៤នាក់ស្លាប់ ប៉ះពាល់ដល់មនុស្សចំនួនជាង២៤ម៉ឺននាក់ (គិតត្រឹមថ្ងៃទី១៧ ខែតុលានេះ) ព្រមទាំងបណ្តាលឲ្យមានការខូចខាតច្រើនកន្លែង។
នេះជាការឆ្លើយតបការិយាល័យផ្នែកជំនួយមនុស្សធម៌របស់ទីភ្នាក់ងារ USAID ធ្វើជាដៃគូជាមួយអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់ជំនួយសម្រាប់គ្រាបន្ទាន់ ដល់មនុស្សដែលរងការប៉ះពាល់ ដោយទឹកជំនន់ នេះ។
គិតតាំងពីឆ្នាំ២០១៨ មក ជំនួយ របស់ទីភ្នាក់ងារ USAID បានជួយអង្គការ WFP នៅក្នុងការចាប់ដំណើរការទំរង់កម្មវិធីគ្រប់ជ្រុងជ្រោយលើកដំបូងបង្អស់ ស្តីពីការគ្រប់គ្រងហានិភ័យនៃមហន្តរាយ (កម្មវិធីសម្រាប់តាមដាន ស្ថាន ភាព និងផលប៉ះពាល់ភ្លាមៗ) នៅកម្ពុជាដើម្បីពង្រឹងការត្រៀមរៀបចំទប់ទល់ និងការឆ្លើយតប ដើម្បីសង្រ្គោះជីវិត និងកាត់បន្ថយផលប៉ះពាល់ទៅលើផ្នែកសេដ្ឋកិច្ច សង្គម ដោយសារមហន្តរាយធម្មជាតិ។
គិតតាំងពីឆ្នាំ២០០០មក ទីភ្នាក់ងារ USAID បានផ្តល់ថវិកាចំនួនជាង ៧លានដុល្លារ សម្រាប់ឆ្លើយតបនឹងគ្រោះមហន្តរាយ ការត្រៀមរៀបចំបង្ការជាមុន និងជំនួយសម្រាប់កាត់បន្ថយហានិភ័យនៅកម្ពុជា។ តាមរយៈភាពជាដៃគូរវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិក សហរដ្ឋអាមេរិកថែមទាំងកំពុងតែពង្រឹងការត្រៀមបង្ការគ្រោះមហន្តរាយ និងការឆ្លើយតបនៅក្នុងស្រុក នៅទូទាំងប្រទេសទាំង៥ ក្នុងតំបន់មេគង្គក្រោម ដែលរួមមានទាំងប្រទេសកម្ពុជាផងដែរ៕