(ព្រៃវែង)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់ដល់ក្មួយៗកុមារកំព្រានៅខេត្តព្រៃវែងថា ទោះបីក្មួយៗកំព្រាឪពុកម្ដាយក៏ពិតមែន តែមិនកំព្រាក្នុងចិត្តនោះទេ ដោយសារមានអាជ្ញាធរដែនដី ថ្នាក់ដឹកនាំខេត្ត អង្គការដៃគូជាមួយរដ្ឋាភិបាល ចាំគិតគូរ និងជួយបីបាច់ថែរក្សាជានិច្ច ដូច្នេះត្រូវខិតខំរៀនសូត្រក្រេបយកចំណេះវិជ្ជាដើម្បីក្លាយខ្លួនជាពលរដ្ឋល្អ សិស្សល្អ និងជាក្លាយខ្លួនជាទំពាំងស្នងឫស្សី ប្រកបដោយចំណេះ និងជំនាញពិតប្រាកដ។
ការថ្លែងរបស់លោក ស សុខា បែបនេះនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ក្នុងដំណើរអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ប្អូនៗ ក្មួយៗ កុមារកំព្រានៅមជ្ឈមណ្ឌលកុមារកំព្រា ក្នុងខេត្តព្រៃវែងដោយមានការចូលរួមពីលោក សួន សុម៉ាលីន អភិបាលរងខេត្តព្រៃវែងតំណាងលោក ជា សុមេធី អភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
លោក ស សុខា បានជំរុញដល់ប្អូនៗក្មួយៗទាំងអស់ត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវចេះអនាម័យខ្លួនប្រាណឲ្យបានជាប់ជាប្រចាំ ដូចជា៖ លាងដៃជាមួយសាប៊ូ អាកុល ជែល និងពាក់ម៉ាស់នៅទីប្រជុំជនដើម្បីបង្ការទប់ស្កាត់កុំឱ្យមានការឆ្លងនូវជំងឺកូវីដ១៩។
លោកបានកោតសរសើរដល់អង្គការដៃគូ ដែលបានចំណាយទាំងពេលវេលា និងថវិកាធនធាន ក្នុងការទំនុបបម្រុងថែទាំប្អូនៗក្មួយៗ ដែលជាកុមារកំព្រានេះ នឹងសូមសរសើរលោកគ្រូអ្នកគ្រូ ម៉ែដោះ ទាំងអស់ ដែលបានខិតខំប្រឹងប្រែង បង្រៀន និងមើលថែទាំដល់កុមារកំព្រាទាំងអស់នេះ ដូចជាកូនបង្កើតបានយ៉ាងល្អប្រសើរបំផុត។
សម្ភារដែលលោកផ្ដល់ជូននោះមាន អង្ករ, ត្រីខ, មី, ទឹកត្រី,ទឹកស៊ីអ៊ីវ, ទឹកដោះគោ, សម្ភារលេង, ទឹកសុទ្ធ និងថវិកាមួយចំនួសម្រាប់មណ្ឌលទាំង៤ ក្នុងខេត្តព្រៃវែង ដើម្បីប្រើប្រាស់ជាបន្តទៅទៀត។
សូមបញ្ជាក់ថា មណ្ឌលកុមារកំព្រាក្នុងខេត្តព្រៃវែងមាន ៤មណ្ឌល-មជ្ឈមណ្ឌលកុមារកំព្រាខេត្ត, មណ្ឌលភូមិ SOS, អង្គការមូលនិធិអភិវឌ្ឍសហគមន៍កម្ពុជានិងអង្គការមូលនិធិ នៃក្តីសង្ឃឹម មានក្មេងចំនួន១៩៦នាក់ (ស្រី១០៤នាក់) និងក្មេងអាយុក្រោម៩ឆ្នាំ ចំនួន៥៣នាក់ (ស្រី១៦នាក់)៕