(កំពង់ធំ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ណែនាំមន្រ្ដីក្រោមឱវាទ ឲ្យបន្តប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ជូនដល់សាធារណជន។
ការបន្ដណែនាំដល់មន្រ្ដីក្រោមឱវាទ របស់លោក ជា ចាន់តូធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រី-បុគ្គលិកសាខាធនាគារជាតិនៃកម្ពុជាខេត្តកំពង់ធំ។
លោក ជា ចាន់តូ បានផ្តាំផ្ញើឱ្យមន្ត្រី-បុគ្គលិកសាខាធនាគារជាតិនៃកម្ពុជា ពិសេសមន្ត្រី-បុគ្គលិកសាខាខេត្តកំពង់ធំទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាព ភាពស្មោះត្រង់ និងរក្សាការសម្ងាត់វិជ្ជាជីវៈ ដើម្បីបន្តបម្រើ និងផ្តល់សេវាដល់សាធារណជន ព្រមទាំងបន្តសហការល្អជាមួយមន្ទីរ អង្គភាព ស្ថាប័ន សាធារណៈ និងឯកជន ដើម្បីរួមចំណែកគាំទ្រ និងជំរុញដល់ការរីកចម្រើនសេដ្ឋកិច្ចក្នុងតំបន់ ដែលកើនឡើងឥតឈប់ឈរ។
ក្នុងនោះលោកបានវាយតម្លៃខ្ពស់ ចំពោះការបំពេញមុខងារភារកិច្ចរបស់សាខាធនាគារជាតិនៃកម្ពុជាខេត្តកំពង់ធំផងដែរ។
លោក ជា ចាន់តូ ក៏បានលើកទឹកចិត្តឱ្យមន្ត្រី-បុគ្គលិកបន្តខិតខំសិក្សាស្រាវជ្រាវ អភិវឌ្ឍចំណេះដឹង និងជំនាញ។
ក្នុងពេលដែលជំងឺកូវីដ១៩ មិនទាន់មានថ្នាំបង្ការនៅឡើយ លោក ជា ចាន់តូ ក៏បានផ្តាំផ្ញើឱ្យមន្ត្រី-បុគ្គលិក ត្រូវបន្តថែរក្សាសុខភាព និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមជម្រាបថា ខេត្តកំពង់ធំជាខេត្តសក្តានុពលមួយក្នុងវិស័យកសិកម្ម ដែលមានប្រជាជនសរុបប្រមាណ៨០ម៉ឺននាក់ ក្នុងនោះ៨០%ជាកសិករ។
ក្នុងនោះគ្រឹះស្ថានធនាគារដែលកំពុងប្រតិបត្តិការមានចំនួន១០, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ៦ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ៩។ ការផ្តត់ផ្គង់ និងតម្រូវការសាច់ប្រាក់សម្រាប់សម្រួលដល់សកម្មភាពសេដ្ឋកិច្ចក្នុងខេត្តបានកើនឡើង គួរឱ្យកត់សម្គាល់ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ ជាពិសេសការប្រើប្រាស់ប្រាក់រៀលបានកើនឡើងយ៉ាងឆាប់រហ័ស ដល់ចំនួនប្រហាក់ប្រហែលនឹងការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកដែរ។
ជាក់ស្តែងក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២០នេះ តម្រូវការប្រាក់រៀលពីសាខាធនាគារជាតិនៃកម្ពុជាខេត្តកំពង់ធំ មានចំនួន៤៤០ប៊ីលានរៀល (ប្រមាណ១០៧លានដុល្លារអាមេរិក) ហើយសាខាក៏បានទទួលប្រាក់រៀលពីអតិថិជន ចំនួន៥១១ប៊ីលានរៀល (ប្រមាណ១២៥លានដុល្លារអាមេរិក) ធៀបនឹងការទទួលប្រាក់ដុល្លារអាមេរិក១៣២លានដុល្លារអាមេរិក។
នៅក្នុងការអនុវត្តមុខងារភារកិច្ចរបស់ខ្លួន សាខាធនាគារជាតិនៃកម្ពុជា ខេត្តកំពង់ធំ បានសម្រួលចរាចរណ៍សាច់ប្រាក់នៅក្នុងខេត្ត ដោយប្រសិទ្ធភាព, បានចូលរួមក្នុងការលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀល, បានប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ដោយឥតគិតថ្លៃ, បានឆ្លើយតបនឹងសំណួរ និងបណ្តឹងនានារបស់សាធារណជន លើការប្រើប្រាស់សេវាធនាគារ, តាមដានស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងចូលរួមក្នុងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល៕