(កំពង់ឆ្នាំង)៖ ដោយមានការយកចិត្តទុកដាក់ និងបញ្ជាពីឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ពិសេសក្រោមសម្របសម្រួលពីលោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ទើបឈានដល់ឃាត់ខ្លួនបានក្រុមជួញដូរ និងចែកចាយគ្រឿងញៀន៦នាក់ ដែលត្រូវបានសមត្ថកិច្ចបង្ក្រាប ក្នុងករណី៣កន្លែងផ្សេងគ្នា នៅក្នុងថ្ងៃតែមួយ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងមានគ្រឿងញៀនចំនួន២៥កញ្ចប់ និងឧករណ៍សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ព្រមទាំងកាំបិត ដាវសាំម៉ារៃ ទូរស័ព្ទមួយចំនួន និងអាវុធអាកា៤៧ ចំនួន១ដើមផងដែរ។
កិច្ចប្រតិបត្តិការបង្ក្រាបខាងលើនេះបានធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅក្នុងឃុំចំនួន៣ នៃស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោកវរសេនីយឯក ហ៊ុល វាសនា ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្នុងពេលបង្ហាញមុខអ្នកជួញដូរ និងចែកចាយគ្រឿងញៀនទាំង៦នាក់ នៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានឲ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះ នគរបាលស្រុករលាប្អៀរ បានសហការជាមួយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ជាលទ្ធផល៖
*ករណីទី១៖ ចាប់ឃាត់ខ្លួនមនុស្ស៣នាក់ នៅភូមិពពេលពក ឃុំគោកបន្ទាយ (ឈ្មោះ ថេង សីហា អាយុ២៩ឆ្នាំ, ឈ្មោះ គ្រឿង ពិសី អាយុ២១ឆ្នាំ និងឈ្មោះ ឡេប ភ័ស្ត អាយុ២៨ឆ្នាំ ភេទស្រី) ករណីនេះសមត្ថកិច្ចដកហូតថ្នាំញៀនបាន៤ កញ្ចប់ ដាវ១ដើម និងដំបងដែក១ដើម។
*ករណីទី២៖ ចាប់បានមនុស្ស២នាក់ នៅឃុំស្រែថ្មី (ឈ្មោះ ញឹម ទិត អាយុ២៦ឆ្នាំ រស់នៅភូមិទ្រាត្បូង និងឈ្មោះ ទុន ប៊ុនលី អាយុ៣៥ឆ្នាំ រស់នៅភូមិទ្រាជើង) ដោយដកហូតបានថ្នាំ ញៀនចំនួន៨កញ្ចប់ ដាវ១ដើម។
*ករណីទី៣៖ ចាប់បានមុខសញ្ញាចែកចាយថ្នាំញៀនម្នាក់ឈ្មោះ សុខ សូវី អាយុ៣១ឆ្នាំ រស់នៅធ្នង់កំបុត ឃុំស្វាយជ្រុំ ដោយដកហូតថ្នាំញៀនបាន១៣កញ្ចប់ (មាន២កញ្ចប់ធំ)
ម៉ូតូធំ១គ្រឿង និងអាវុធអាកា៤៧កាត់ស្វាយ១ដើម ដែលឈ្មោះនេះបានទិញអាវុធនេះក្នុងតម្លៃ៥០០០រៀល ពីជាងជួសជុលម៉ូតូម្នាក់ ដែលបានអូសអួនជាប់អាវុធអាកានេះពីក្នុងទន្លេផ្សារក្រោម ។
លោក ហ៊ុល វាសនា បញ្ជាក់ទៀតថា ក្រោយពីសមត្ថកិច្ចចាប់ឃាត់ខ្លួនមុខសញ្ញាជួញដូរ និងចែកចាយខាងលើនេះ លោកព្រះរាជអាជ្ញា និងលោកស្នងការនគរបាលខេត្ត បានអនុញ្ញាតឲ្យសមត្ថ កិច្ចចុះឆែកឆេរផ្ទះជនសង្ស័យទាំងអស់ខាងលើនេះបន្ថែមទៀត ទើបរកឃើញសំភារជក់គ្រឿងញៀន កាំបិត ដាវ អាវុធ នៅក្នុងផ្ទះជនសង្ស័យខាងលើ ដែលក្រៅពីការជួញដូរ ពួកគេក៏បានផ្តល់ទីតាំងឲ្យគេជក់គ្រឿងញៀននៅក្នុងលំនៅដ្ឋានផងដែរ។
ជនសង្ស័យជាអ្នកចែកចាយ និងជួញដូគ្រឿងញៀនទាំង៦នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងតាមនិតិវិធី ដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការ និងចំណាត់ការបន្តតាមផ្លូវច្បាប់៕