(ភ្នំពេញ)៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យមើលសេចក្តីព្រាងច្បាប់ចំនួន៤ ដែលនឹងត្រូវដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា ខាងមុខនេះ។
សេចក្តីព្រាងច្បាប់ទាំង៤នោះរួមមាន៖
* សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។
* សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។
* សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។
* សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការវិនិយោគរវាងបណ្តារដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ក៏ពិនិត្យនូវសេចក្តីព្រាងច្បាប់ចំនួន៤ ដែលជាសំណើរបស់រាជរដ្ឋាភិបាល ដើម្បីប្រគល់ជូនគណៈកម្មការជំនាញពិនិត្យសិក្សា ហើយរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ សេចក្តីព្រាងច្បាប់ទាំង៤ ដែលទទួលបានពីរាជរដ្ឋាភិបាល មានដូចជា៖
* សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម
* សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ
* សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖ ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិក អាស៊ានណាមួយ និង ពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណល រវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន
* សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម៕