(ភ្នំពេញ)៖ ដោយទតឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាជន សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានចាត់ឲ្យក្រុមការងារមនុស្សធម៌របស់សម្តេច រួមជាមួយពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នាំយកនូវព្រះរាជអំណោយផ្ទាល់ និងសម្ភារផ្សេងៗ ទៅចែកជូនដល់ជនរងគ្រោះក្នុងខណ្ឌដង្កោចំនួន៣០០គ្រួសារ។
ព្រះរាជអំណោយរបស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាអម្ចាស់ និងជាព្រះសាកលវិទ្យាធិការ ដឹកនាំដោយលោក ងួន ស្តេចភក្តី លេខាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ និងជាប្រធានក្រុមការងារមនុស្សធម៌ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងលោកស្រី ប៉ែន ច័ន្ទចរិយា សាកលវិទ្យាធិការរង ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រួមមាន៖ អង្ករចំនួន ៤តោន, សម្ភារបរិក្ខារមួយចំនួនទៀត និងរូបព្រះឆាយាលក្ខណ៍សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី សម្រាប់ប្រោសប្រទានចែកជូនប្រជាពលរដ្ឋជួបប្រទះភាពខ្វះខាត និងរងគ្រោះដោយសារទឹកជំនន់ នៅក្នុងខណ្ឌដង្កោ ទាំង៣០០គ្រួសារនេះ ដោយក្នុងម្នាក់ៗទទួលបាន ៖ អង្ករ ១៥គីឡូ, មី៥កញ្ចប់, ត្រីខ ២កំប៉ុង, ទឹកត្រី ២ដប, ទឹកស៊ីអ៊ីវ ២ដប, ស្ករស ១គីឡូ, អំបិល ១គីឡូ, ទឹកដោះគោ ២កំប៉ុង, សាប៊ូ ៤ដុំ និងថវិកាចំនួន១ម៉ឺនរៀល។
លោក ងួន ស្តេចភក្តី ព្រះរាជតំណាងបានមានប្រសាសន៍ថា សម្តេចព្រះសាកលវិទ្យាធិការ សាកលវិទ្យាធិការរង សាស្ត្រាចារ្យ បុគ្គលិក សមណនិស្សិត និស្សិត នៃពុទ្ធិកសាលវិទ្យាល័យ ព្រះសីហមុនីរាជា បានចូលរួមចំណែកជាមួយរដ្ឋាភិល ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលទទួលរងគ្រោះ ខ្វះខាតចំណីអាហារ និងជួយរៀបចំទីទួលសុវត្ថិភាពជូនពួកគាត់ទៀតផង។
ពិសេសនោះ សម្តេចព្រះមហាសង្ឃរាជជាអម្ចាស់ ទ្រង់តែងតែប្រោសប្រទានអាហារូបករណ៍ ១០០% ចំនួន៦០០កន្លែង ជូនសមណសិស្ស-សិស្ស សមណនិស្សិត-និស្សិត គ្រប់រូប ដើម្បីបន្តការសិក្សា នៅពុទ្ធិកសាកលវិទ្យាល័យ ជារៀងរាល់ឆ្នាំដើម្បីកសាងខ្លួនឯង គ្រួសារ និងសង្គមជាតិ អោយរីកចម្រើនរុងរឿងជាលំដាប់៕