(ភ្នំពេញ)៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចូលរួមសហការជាមួយកម្លាំងនាយដ្ឋានប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) នៃក្រសួងមហាផ្ទៃ ចុះពិនិត្យ និងបិទមិនឲ្យចរាចរណ៍ ផលិតផលមួយចំនួនរបស់ក្រុមហ៊ុន «ជេ ឈ៉ីង សម្រស់ ស៊ីជម្ពូ ខសមេធីក» នៅផ្ទះលេខG52 ផ្លូវGOLD ក្រុមទី០៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយរង់ចាំការសម្រេចពីគណៈកម្មការសិន និងបានឲ្យប្រធានក្រុមហ៊ុនចូលទៅបំភ្លឺ។
សកម្មភាពនេះបានធ្វើឡើងនៅថ្ងៃទី២១ ខែតុលា ឆាំ្ន២០២០ ដោយមានការសម្របសម្រួលពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ទោ តាន់ គុណតារា អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។
ក្នុងទីតាំងនោះ សមត្ថកិច្ចរកឃើញថា ផលិតផលកំពុងស្នើសុំចុះបញ្ជីការណ៍ប្រវេទន៍ រួមមាន៖
១៖ CC Cream Sun ចំនួន៤០កេស ស្មើនឹង៣៥០០ដប
២៖ DongBeak Facia Foam ចំនួន២0កេស ស្មើនឹង៧000ដប
៣៖ Body Lotion ចំនួន៦០កេស ស្មើនឹង២២០០ដប
៤៖ U Weel Lotion ចំនួន១២កេស ស្មើនឹង១២០ដប
៥៖ Miracle Special Night Cream ចំនួន៣០០ដប
៦៖ សំបកខ្លង ចំនួន៨៥ខ្លង។
ចំណែកឯផលិតផល មានចុះបញ្ជីការណ៍ប្រវេទន៍ រួមមាន៖
១៖ Honey សារ៉ូមស្បែក២៥០ក្រាម ចំនួន២០០ដប
២៖ Lip Stick ចំនួន២០០ដប
៣៖ Honey Collagen Serum ចំនួន១០០ដប។
បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យទីតាំងខាងលើ សមត្ថកិច្ចបានពិនិត្យឃើញថា ផលិតផលមួយចំនួន មិនមានលេខប្រវេទស៍ ពីក្រសួងសុខាភិបាលត្រឹមត្រូវ ហើយដោយបានការ ឯកភាពពីលោកព្រះរាជអាជ្ញារង ចែ សុង កម្លាំងសមត្ថកិច្ច គ.ប.ផ.ក បានសម្រេចធ្វើការផ្អាកបន្ទប់ នៃទីតាំងស្តុកខាងលើបណ្តោះអាសន្ន និងបង្គាប់ម្ចាស់ទីតាំងចូលបំភ្លឺនៅលេខាធិការដ្ឋាន គ.ប.ផ.ក។
បច្ចុប្បន្នវត្ថុតាងខាងលើ កម្លាំងសមត្ថកិច្ច គ.ប.ផ.ក ចូលរួមវិចខ្ចប់រក្សារទុកនៅក្នុងបន្ទប់ខាងលើជាបណ្តោះអាសន្ន និងដកយកមួយចំនួនបញ្ចូនទៅនាយដ្ឋានប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផៃ្ទ ដើម្បីគ្រប់គ្រង និងចាត់ការបន្តតាមនីតិវិធី។
ម្ចាស់ក្រុមហ៊ុនខាងលើ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ក្រោយការចុះត្រួតពិនិត្យរួច សមត្ថកិច្ចបានហៅឲ្យអ្នកស្រីចូលទៅបំភ្លឺនៅចំពោះមុខគណៈកម្មការចំពោះផលិតមួយចំនួន តែខាងសមត្ថកិច្ចមិនបានបិទក្រុមហ៊ុនទាំងមូលនោះទេ ពោលនៅដំណើរការអាជីវកម្មដដែល៕