(បន្ទាយមានជ័យ)៖ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ទូកចំនួន២០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន តំណាងរាស្រ្ត ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចំនួន១០គ្រឿង រដ្ឋបាលក្រុងប៉ោយប៉ែត ចំនួន២គ្រឿង រដ្ឋបាលស្រុកមង្គលបូរី ចំនួន៣គ្រឿងរដ្ឋបាលស្រុកអូរជ្រៅចំនួន២គ្រឿង រដ្ឋបាលក្រុងសិរីសោភ័ណ ចំនួន៣គ្រឿង សម្រាប់យកទៅបម្រេីការងារជួយសង្រ្គោះប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ប្រធានស្តីទី អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ព្រមទាំងក្រុមការងារ នៅខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ជួសឱ្យថ្នាក់ដឹកនាំមន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋ ទូទាំងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ សិទ្ធ ឡោះ ស្នង ការនគរបាលខេត្ត បានថ្លែងអំណរយ៉ាងជ្រាលជ្រៅបំផុតដល់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងភរិយា ឧកញ៉ា ហេម ចិត្តា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ ដែលតែងតែគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យគ្រប់កាល:ទេស: ហេីយទូកទាំង២០គ្រឿងនេះជាមធ្យោបាយយ៉ាងសំខាន់ស្របពេលដែលរដ្ឋបាលខេត្តបន្ទាយមានជ័យខ្វះខាតនូវមធ្យោបាយសម្រាប់ជួយជនរងគ្រោះទៅកាន់ទីទួលសុវត្ថិភាព។