(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលអំណោយជាអង្ករ ចំនួន៣០តោន និងមីចំនួន៣០០កេស ពីក្រុមហ៊ុន TANI CHU ASSETMENT ដើម្បីចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ខណៈដែលសកម្មភាពរបស់កម្លាំងនគរបាលជាតិ នៅតែត្រៀមបន្តជួយសង្គ្រោះប្រជាពលរដ្ឋ នៅក្នុងតំបន់ទឹកជំនន់។
ជំនួយទាំងនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញពីវប្បធម៌នៃការចែករំលែក និងកិច្ចសហការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន។
ពិធីប្រគល់ និងទទួលអំណោយ ធ្វើឡើងរវាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក តានី ស៊ឺនជី ប្រធានក្រុមហ៊ុនអចលនទ្រព្យ TANI CHU ASSETMENT នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។
ជំនួយដ៏សប្បុរសធម៌នេះ គឺជាកាយវិការដ៏ឧត្តុង្គឧត្តមមួយពីសំណាក់ក្រុមហ៊ុនឯកជន ដែលបានមកធ្វើការវិនិយោគនៅប្រទេសកម្ពុជា ហើយនេះក៏ជាសក្ខីភាព បង្ហាញអំពីស្មារតីរួមចំណែក ដើម្បីជួយជនរងគ្រោះ ដែលកំពុងជួបប្រទះនូវបាតុភូតធម្មជាតិគ្រោះទឹកជំនន់។
ជានិច្ចកាល ក្រុមហ៊ុនឯកជន តែងតែជួយឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគ ជូនដល់អគ្គស្នងការដ្ឋានននគរបាលជាតិ ដើម្បីមានលទ្ធភាពចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ៕