(ភ្នំពេញ)៖ លោក លីន ញ៉ក់ អភិបាលរងខណ្ឌឫស្សីកែវ និងជាអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ តំណាងលោក ជា ពិសី អភិបាលខណ្ឌ និងជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដឹកនាំមន្ត្រីមកទទួលអំបិល ចំនួន១តោន ដើម្បីត្រៀមទុកជួយដល់ប្រជាពលរដ្ឋតាមមូលដ្ឋានពីលោក ឡាយ ឡុងឆាយ។
ជាមួយគ្នានេះលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដឹកនាំមន្ត្រី បានចុះចែកអំណោយរូមមានជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនមកឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋជួបការខ្វះខាត ចំនួន៥គ្រួសារ។
ពិធីប្រគល់ និងទទួលអំបិល និងចែកអំណោយជូនដល់ប្រជាពលរដ្ឋជួបការខ្វះខាតនេះមានការចូលរួម ពីមន្ត្រីក្រោមឱវាទ ជាសមាជិកគណៈកម្មាធិការអនុសាខា និងមន្ត្រីខណ្ឌមួយចំនួនទៀត ព្រមទាំងក្រុមការងារអនុសាខាខណ្ឌ និងក្រុមការងារ ក.ក្រ.ក សង្កាត់ និងចៅ ដែលបានរៀបចំធ្វើឡើងនៅសាលាខណ្ឌឫស្សីកែវ និងនៅសង្កាត់ច្រាំងចំរេះទី២ នាព្រឹក និងរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។
ក្នុងសកម្មភាពមនុស្សធម៌ ក៏ដូចជាទទួល និងប្រគល់អំបិលនេះ, ក្រៅពីការថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក ឡាយ ឡុងឆាយ, លោក លីន ញ៉ក់ បានផ្តាំផ្ញើសាកសួរសុខទុក្ខពី សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ តាមជាក់ស្ដែង ពីព្រោះនៅទីណាឲ្យតែមានប្រជាពលរដ្ឋ ងាយរងគ្រោះ ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជា មកជួយសង្គ្រោះជានិច្ច ដែលស្របតាមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃប្រកបដោយកិត្តិព្រឹទ្ធបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕