(កណ្ដាល)៖ នៅថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២០ ប្រជាពលរដ្ឋចំនួន២៥៧គ្រួសារ បានសំដែងទឹកមុខញញឹមញញេមនៅគ្រាដែលថ្នាក់ដឹកនាំខេត្តកណ្ដាលរួមមាន លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល, លោកបណ្ឌិត គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការអាវុធហត្ថខេត្ត ព្រមទាំងមន្ត្រីជាច្រើននាក់ផ្សេងទៀត បានចុះសួរសុខទុក្ខ និងចែកអំណោយដល់ពលរដ្ឋនៅសង្កាត់ព្រែកហូរក្រុងតាខ្មៅដែលកំពុងរងគ្រោះដោយទឹកជំនន់។ ជំនួយមនុស្សធម៌នេះឧបត្ថម្ភដោយក្រុម ហ៊ុន E-GetS ជាក្រុមហ៊ុនដឹកជញ្ជូន ម្ហូបអាហារឈានមុខគេនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ដែលមានសេវាកម្មជាច្រើនផ្សេងទៀត។
ប្រជាពលរដ្ឋដែលទទួលជំនួយនេះបានប្រាប់ Fresh News ប្រចាំខេត្តកណ្ដាលថា ពួកគាត់មានការត្រេកអរណាស់ចំពោះទឹកចិត្តដ៏ល្អប្រពៃរបស់ថ្នាក់ដឹកនាំខេត្តកណ្ដាល ដែលបានគិតគូរ យកចិត្តទុកដាក់ជួយសង្រ្គោះពលរដ្ឋ ខណៈដែលពួកគាត់កំពុងមានទុក្ខកង្វល់ទឹកលិចលង់។ «សូមអរគុណដល់សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត រួមទាំងថ្នាក់ដឹកនាំខេត្តកណ្ដាលទាំងអស់ ដែលមិនបំភ្លេចពលរដ្ឋចោល ហើយតែងតែជួយឃើញមុខជួយរាល់គ្រាមានអាសន្តអន់ក្រជានិច្ច មិនដូចបក្សផ្សេងទេ ដែលបានតែមាត់តែគ្មានបានជួយអ្វីដូចបក្សប្រជាជនសោះឡើយ»។
នាឱកាសនេះ លោកបណ្ឌិត ម៉ៅ ភិរុណ បានផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចទាំងទ្វេរតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈហើយតែងតែបារម្ភចំពោះប្រជារាស្ត្រកូនចៅមិនថាយប់ឬថ្ងៃឡើយ។
លោកបណ្ឌិតបន្តថា ទីណាមានទុក្ខលំបាកទីនោះមានគណបក្សប្រជាជនកម្ពុជាជានិច្ច ដែលចាំសង្រ្គោះជានិច្ច ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ឡើយ ពោលគឺជួយទាំងអស់ ព្រោះគណបក្សប្រជាជនស្រលាញ់ជាតិ និងតែងតែនៅជាមួយប្រជាជាតិប្រជាជនជានិច្ចនិរន្ត។
ទន្ទឹមនឹងសារនេះដែរ លោកបណ្ឌិត គង់ សោភ័ណ្ឌ បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរក្សាសុវត្ថិភាពខ្លួនឯង និងសមាជិកគ្រួសារនៅក្នុងបន្ទុកកុំឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ ជាពិសេសបង្កឡើងដោយការធ្វេសប្រហែល ចំពោះកុមារតូចៗលេងទឹកឡើយ ដែលអាចបណ្ដាលឱ្យមានហានិភ័យកើតឡើជាយថាហេតុ ការពារពីសត្វអសិរពិសនានា ហើយបងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវការរស់នៅ ប្រកបដោយអនាម័យ ជាពិសេសការហូបទឹកស្អាត ឬផឹកទឹកដាំពុះដើម្បីគេចផុតពីជំងឺដង្កាត់ផ្សេងៗ។
លោកអភិបាលខេត្តបន្តថា ទម្រាំស្រុកទេសយើងបានមករីកចំរើនមកសព្វថ្ងៃនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងណាស់ ធ្វើយ៉ាងណាដើម្បីដឹកនាំនាវាមួយនេះឱ្យមានសុខសន្តិភាពល្អ មានសេដ្ឋកិច្ចរឹងមាំ ដែលញ៉ាំងឱ្យវិនិយោគិនបរទេសចូលមកវិនិយោគកាន់តែច្រើនឡើងៗ ដើម្បីបង្កើនសេដ្ឋកិច្ចឲ្យកាន់តែរីកលូតលាស់ និងផ្ដល់ការងារ និងប្រាក់ខែល្អៗដល់ប្រជារាស្ត្រខ្មែរកាន់តែច្រើនឡើងៗផងដែរ ។
លោកអភិបាលខេត្តក៏បានផ្ដែផ្ដាំដល់ពលរដ្ឋទាំងអស់បន្តអនុវត្តន៍តាមវិធានការកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់កយំឱ្យជម្ងឺនេះរីករាលក្នុងសហគម ដ្បិតរាជរដ្ឋាភិបាលកម្ពុជាមានសមត្ថភាពខ្លាំងក្នុងការគ្រប់គ្រងមែនពិត ប៉ុន្តែសុំឲ្យពលរដ្ឋចូលរួមទាំងអស់គ្នាផងដែរ។
តំណាងក្រុមហ៊ុន E-GETS កញ្ញ៉ា EMMI បានលើកឡើងថា ដោយសារតែមានចិត្តអាណិតអាសូរដល់ពលរដ្ឋខ្មែរដែលកំពុងរងគ្រោះរងគ្រោះដោយជំនន់ទឹកភ្លៀង និងពិសេសមានចិត្តរំភើប ពេលឃើញអាជ្ញាធរខេត្តកណ្ដាលតែងតែចុះជួយដល់ពលរដ្ឋរងគ្រិះ ដែលនេះញ៉ាំងៅយក្រុមហ៊ុនមានចិត្តចង់ចូលរួមជួយ ហើយបានមូលមតិគ្នា ឧបត្ថម្ភនូវសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិការផងដែរ។
អំណោយដែលផ្តល់ជូនគ្រួសាររងគ្រោះនាពេលនេះមាន៖ មួយគ្រួសារ អង្គ២០គីឡូ ទឹកសុទ្ធមួយកេស មីមួយកេស ធុងជ័រមួយ សរុប ២៥៧គ្រួសារ។
សូមបញ្ជាក់ថា ទូទាំងខេត្តកណ្ដាល មានស្រុក២ និងក្រុង១ ទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងនោះមានស្រុកកណ្ដាលស្ទឹង ស្រុកអង្គស្នួល និងក្រុងតាខ្មៅ៕