(ភ្នំពេញ)៖ «សេចក្តីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅ របស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩» ត្រូវបានគណៈរដ្ឋមន្រ្តី អនុម័តគាំទ្រទាំងស្រុងហើយ ក្នុងកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា តាមបណ្តាញសង្គម Facebook។

លោក ផៃ ស៊ីផាន បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថានៅបន្តរក្សាកំណើនរឹងមាំក្នុងរង្វង់ ៧,១% ក្នុងឆ្នាំ២០១៩ ដែលគាំទ្រដោយកំណើនខ្ពស់លើសពីការរំពឹងទុកនៃអនុវិស័យសំណង់ កំណើនល្អប្រសើរនៃអនុវិស័យអចលនទ្រព្យ លក់ដុំ លក់រាយ និងអនុវិស័យដឹកជញ្ជូននិងទូរគមនាគន៍ខណៈដែលអនុវិស័យកាត់ដេរ មានកំណើនថមថយ ហើយវិស័យកម្មមានកំណើនអវិជ្ជមាន(-០,៥%)។ ឈរលើមូលដ្ឋាននេះ ផ.ស.ស. ថ្លៃបច្ចប្បន្នសម្រាប់ឆ្នាំ២០១៩ សម្រេចបានចំនួន ១១០ ០១៤ ប៊ីលានរៀល ហើយ ផ.ស.ស. សម្រាប់មនុស្សម្នាក់ៗបានកើនឡើងជាបន្តបន្ទាប់ពី ១ ៥៦៣ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ ដល់ ១ ៧០០ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។ ទន្ទឹមនឹងនេះ អត្រាអតិផរណាមធ្យមប្រចាំឆ្នាំ បានថយចុះពី ២,៥% ក្នុងឆ្នាំ២០១៨ មកត្រឹម ១,៨% ក្នុងឆ្នាំ២០១៩ ស្របពេលដែលអត្រាប្ដូរប្រាក់ស្ថិតក្នុងរង្វង់ដែលអាចគ្រប់គ្រងបានក្នុងកម្រិត ៤ ០៥៥ រៀល ក្នុងមួយដុល្លារអាមេរិក។

លោក ផៃ ស៊ីផាន បានបន្តថា ចំណូលថវិការដ្ឋ (ថវិកាថា្នក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ) ឆ្នាំ២០១៩ អនុវត្តបានចំនួន ៣៤ ៥៤៣ ៩០៦,១ លានរៀល ស្មើរនឹង ៣១,៤០% នៃ ផ.ស.ស. គឺខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុ ២៣,១% ដោយក្នុងនោះចំណូលក្នុងប្រទេស អនុវត្តបានចំនួន ២៧ ៩១៦ ៥៥០,៨ លានរៀល ស្មើនឹង ២៥,៣៨% នៃ ផ.ស.ស. គឺខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុ ៣០,៨% និងចំណូលមូលធនក្រៅប្រទេស អនុវត្តបានចំនួន ៥ ៤៧៥ ៦៧៣,៨ លានរៀល ស្មើនឹង ៤,៩៨% នៃ ផ.ស.ស. គឺទាបជាងច្បាប់ហិរញ្ញវត្ថុ ១,៨%។

ដោយឡែក នៅក្នុងឆ្នាំ២០១៩ ចំណាយថវិការដ្ឋ (ថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ) អនុវត្តបានចំនួន ២៨ ៦៧៦ ៦៣៩,៤ លានរៀល ស្មើនឹង ២៦,០៧% នៃ ផ.ស.ស. គឺទាបជាងច្បាប់ហិរញ្ញវត្ថុ ១,៤% ក្នុងនោះ ចំណាយចរន្តថវិការដ្ឋ (ថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ) អនុវត្តបានចំនួន ១៨ ៧៦៩ ៤១៤,៥ លានរៀល ស្មើនឹង ១៧,០៦% នៃ ផ.ស.ស. គឺខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុ ១,៧%។

លោកបញ្ជាក់ទៀតថា៖ ការអនុវត្តថវិកាឆ្នាំ២០១៩ បានរួមចំណែកគាំទ្រដល់ការអនុវត្តគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល ដូចខាងក្រោម៖

* បន្តពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ភូមិ ឃុំ សម្រាប់ការរបស់នៅដោយរក្សមក្សាន្តរបស់ប្រជាជន ព្រមទាំងការការពារឯករាជ្យអធិបតេយ្យ និងបូរណភាពទឹកដី មិនឱ្យកម្លាំងណាមករំលោភ បំពាន និងបំផ្លាញបានឡើង។

ថវិកាឆ្នាំ២០១៩ ក៏ដូចជាឆ្នាំកន្លងមកដែល គឺបានបន្ដធានាគាំទ្រយ៉ាងម៉ឺងម៉ាត់និងដាច់ខាតនូវសន្តិភាព សន្តិសុខនិងសណ្ដាប់ធា្នប់សង្គម នីតិរដ្ឋ និងលទ្ធិប្រជាធិតេយ្យ ដែលជាកត្តាដ៏សំខាន់សម្រាប់ធានាដល់កំណើនសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងឆ្នាំ២០១៩ នេះចំណាយថវិកាសម្រាប់វិស័យការពារជាតិ សន្តិសុខ និងសណ្ដាប់ធា្នប់សាធារណៈអនុវត្តបានចំនួន ៤ ៤១៥ ៤៤៤,៥ លានរៀល ត្រូវជា ៤,០១% នៃ ផ.ស.ស. ហើយស្មើនឹង ១០៣,២% នៃច្បាប់ហិរញ្ញវត្ថុ ដែលមានកំណើន ១០,៧% ធៀបនឹងការអនុវត្តឆ្នាំ២០១៨។

ជាលទ្ធផល សុខសន្ដិភាពត្រូវបានធានាបានយ៉ាងល្អប្រសើរដូចជា អំពើភេរវកម្ម និងបទលើ្មសនានា ត្រូវទប់ស្កាត់និងបង្ក្រាបជាមួយលទ្ធផលគួរឱ្យកត់សម្គាល់។ ការបង្ក្រាបក្មេងទំនើងនិងគ្រឿងញៀន ក៏ទទួលបានលទ្ធផលល្អដោយជនល្មើសត្រូវបានចាប់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ និងការអនុវត្តនូវកិច្ចសន្យាអប់រំណែនាំឱ្យបញ្ឈប់សកម្មភាព។
ក្នុងកិច្ចការទំនាក់ទំនងអន្តរជាតិទាំងក្នុងតំបន់និងនៅលើឆាកអន្តរជាតិ រាជរដ្ឋាភិបាលរក្សាបានយ៉ាងល្អនូវទំនាក់ទំនងជាមួយប្រទេសនានាជាមិត្ត ដោយការពារដាច់ខាតនូវផលប្រយោជន៍ប្រទេសជាតិ និងបន្តរក្សាបាននូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ រួមចំណែកថែរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់និងពិភពលោក។ ជាក់ស្ដែង នៅក្នុងទំនាក់ទំនងអន្តរជាតិ រាជរដ្ឋាភិបាលបានខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដើម្បីផ្ដល់ជាប្រយោជន៍ដល់ការអភិវឌ្ឍប្រទេស ពិសេសតាមរយៈការជំរុញផ្នែកពាណិជ្ជកម្ម វិនិយោគ និងការចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសើរីនានា ទាំងក្នុងក្របខ័ណ្ឌតំបន់និងសកលលោកជាដើម។

* ធានាអនុវត្តគោលនយោបាយ ដើម្បីជំរុញកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដើម្បីបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងបែងចែកផ្លែផ្កាកំណើនប្រកបដោយសមធម៌ដល់គ្រប់ស្រទាប់វណ្ណៈនៃប្រជាជន។

* បន្តធានាសម្រេចឱ្យបានកំណើនសេដ្ឋកិច្ចរឹងមាំប្រកបដោយបរិយាប័ន្ន ចីរភាព និងធន់នឹងវិបត្តិ ព្រមទាំងធានាបានស្ថិរភាពហិរញ្ញវត្ថុជាទូទៅ ក្នុងបរិការណ៍នៃអត្រាអតិផរណាទាបអាចគ្រប់គ្រងបាន និងអត្រាប្ដូរប្រាក់មានស្ថិរភាព។

ដើម្បីបន្តធានាសម្រេចឱ្យបានកំណើនសេដ្ឋកិច្ចរឹងមាំ រាជរដ្ឋាភិបាលបាលខិតខំធ្វើពិពិធកម្ម នៃមូលដ្ឋានសេដ្ឋកិច្ចថ្មីៗ និងអភិវឌ្ឍប្រភពកំណើនសេដ្ឋកិច្ចគន្លឹះបន្ថែមទៀតដែលមានមូលដ្ឋានទូលាយ និងមានភាពប្រកួតប្រជែងជាងមុន ដូចជាការបន្តអភិវឌ្ឍធនធានាមនុស្សការអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការកែលម្អប្រព័ន្ធឡូជីស្ទីក ផ្នែកដឹកជញ្ជូន ថាមពល និងឌីជីថលសម្រាប់បដិវត្តន៍ ឧស្សាហកម្មទី៤ ការពង្រឹងការប្រកួតប្រជែង និងលើកស្ទួយសហគ្រាសធុនតូច និងមធ្យម ការបង្កើនផលិតភាពសេដ្ឋកិច្ចជាដើម។
ជាលទ្ធផល ដោយសារការខិតខំប្រឹងប្រែងទាំងនេះ កម្ពុជាធានាបាននូវចីរភាពនៃកំណើនសេដ្ឋកិច្ចក្នុងអត្រាជាមធ្យមជាង ៧% ក្នុងរយៈពេល ៥ឆ្នាំ (ឆ្នាំ២០១៣-២០១៨)។ ឈរលើមូលដ្ឋាននៃសុខសន្តិភាពនិងស្ថិរភាពនយោបាយដ៏រឹងមាំ សេដ្ឋកិច្ចកម្ពុជាបន្តសម្រេចបានកំណើនល្អប្រសើរ ៧,១% ក្នុងឆ្នាំ២០១៩។

ទន្ទឹមនឹងការក្សាបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ក្នុងអត្រា ៧,១% ក្នុងឆ្នាំ២០១៩ និងការអភិវឌ្ឍលើគ្រប់វិស័យ រាជរដ្ឋាភិបាលក៏បានខិតខំរក្សាបានយ៉ាងពិតប្រាកដនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងស្ថិរភាពហិរញ្ញវត្ថុផងដែរ។ ជាក់ស្ដែង កម្រិតអតិផរណាក្នុងឆ្នាំ២០១៩ មានប្រមាណ ១,៨% ពោលគឺត្រូវបានរក្សាឱ្យស្ថិតនៅក្រោមកម្រិត ៥%។ ចំណែកអត្រាប្ដូរប្រាក់ត្រូវបានរក្សាឱ្យស្ថិតក្នុងរង្វង់ ៤ ០៥៥រៀលក្នុងមួយដុល្លារអាមេរិក ពោលគឺធានាបាននូវស្ថិរភាពអត្រាប្ដូរប្រាក់ និងអតិផរណាទាប ដែលរួមចំណែកនាំមកនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងពេញលេញ។
ការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនេះ បានបង្កើនភាពជឿជាក់ និងបរិយាកាសដ៏ល្អសម្រាប់ទាក់ទាញការវិនិយោគបន្ថែមទៀតមកកម្ពុជា។ ទន្ទឹមនឹងនេះ ការគ្រប់គ្រងបាននៃអត្រាអតិផរណា ក៏បានធានានូវកំណើនតម្លៃទំនិញនិងសេវាលើទីផ្សារ ក្នុងកម្រិតមួយដែលមិនប៉ះពាល់ដល់ជីវភាពរបស់ប្រជាជនផងដែរ។

* បន្តគាំទ្រដល់ការអនុវត្តការកែទម្រង់ដ៏ស៊ីជម្រៅទាំងឡាយ ដើម្បីអភិបាលកិច្ចល្អជាពិសេស ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ និងការកែទម្រង់កងកម្លាំងប្រដាប់អាវុធ ព្រមទាំងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
ឆ្នាំ២០១៩ ជាឆ្នាំដេលស្ថិតក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ (២០១៦-២០២០) ដែលមានគោលដៅធានាឱ្យមានការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ។ ដើម្បីឈានទៅសម្រេចនូវគោលដៅនេះ ច្បាប់ហិរញ្ញវត្ថុឆ្នាំ២០១៩ បានបន្តគាំទ្រឱ្យរាជរដ្ឋាភិបាលធ្វើការពង្រីកវិសាលភាពនៃការអនុវត្តថវិកាកម្មវិធីពេញលេញនៅគ្រប់ក្រសួង ស្ថាប័ន និងតាមបណ្ដារដ្ឋបាលរាជធានី ខេត្តមួយចំនួន ស្របគ្នានឹងការបង្កើត និងដាក់ឱ្យអនុវត្តគម្រោង កម្មវិធី និងសកម្មភាពផ្ទាល់ ឬអ្នកបច្ចេកទេសបានដឹងពីថវិការបស់ខ្លួន និងអាចធ្វើសកម្មភាពក្នុងលក្ខណៈបុរេសកម្ម។

នៅក្នុងឆ្នាំ២០១៩ រដ្ឋបាលថ្នាក់ក្រោមជាតិ បានដាក់ឱ្យដំណើរការអនុវត្តថវិកាកម្មវិធីដល់រដ្ឋបាលរាជធានី ខេត្តចំនួន ៦បន្ថែមទៀត ដូច្នេះរដ្ឋបាលរាជធានី ខេត្ត ដែលបានអនុវត្តថវិកាកម្មវិធីមានចំនួនសរុប ១៨រាជធានី ខេត្ត។ យន្តការនេះកំពុងតែបន្តនឹងគ្រោងបញ្ចប់ក្នុងឆ្នាំ២០២១។ ចំពោះការអនុវត្តថវិកាកម្មវិធី រដ្ឋបាលរាជធានី ខេត្តមួយចំនួនធំមិនមានបញ្ហាប្រឈមខ្លាំងនោះទេ ដោយសាររដ្ឋបាលរាជធានី ខេត្តទាំងនោះបានទទួលការគាំទ្រជាប្រចាំពីមន្រ្តីបច្ចេកទេសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួមជាមួយនឹងការដាក់ចេញនូវគោលការណ៍ណែនាំនិងនីតិវិធីនៃការរៀបចំ និងអនុវត្តថវិកាកម្មវិធីបានច្បាស់លាស់ និងស្របតាមតថភាពជាក់ស្ដែងនៃរដ្ឋបាលរាជធានី ខេត្តទាំងនោះ។

* បន្តគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកា ២០១៨-២០២៥។ យុទ្ធសាស្រ្ដនៃការកែទម្រង់ប្រព័ន្ធថវិកា ២០១៨-២០២៥ មានទិសដៅឆ្ពោះទៅរកប្រព័ន្ធថវិកា ដែលផ្អែកលើព័ត៌មានសមិទ្ធផល និងប្រែក្លាយប្រព័ន្ធថវិការបស់កម្ពុជាទៅជាប្រព័ន្ធមួយដែលមានប្រសិទ្ធភាព គណនេយ្យភាពនិងតម្លាភាពស្របតាមឧត្តមានុវត្តន៍អន្ដរជាតិ។ កន្លងមករាជរដ្ឋាភិបាលបានអនុវត្តប្រកបដោយជោគជ័យនូវជំហានបន្ដបន្ទាប់នៃការកែទម្រង់ប្រព័ន្ធថវិកាដែលរួមមានជំហានទី១ «ភាពជឿទុកចិត្តបាននៃថវិកា» ជំហានទី២ «គណនេយ្យភាពហិរញ្ញវត្ថុ» ជំហានទី៣ ដែលកំពុងអនុវត្ត គឺ «ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» ដែលនឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ២០២០។ ចំពោះជំហានទី៤ «គណនេយ្យភាពសមិទ្ធកម្ម» នឹងត្រូវអនុវត្តចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។

នៅក្នុងការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរដ្ឋបាលថ្នាកក្រោមជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំនូវយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០១៩-២០២៥ សម្រាប់រៀបចំប្រព័ន្ធថវិកាថ្នាក់ក្រោមជាតិមួយដែលឆ្លើយតបបានទៅនឹងការបង្កើត «សេវាសាធាណៈ បរិយាប័ន្ននិងតម្លៃលុយ»។

* បន្តគិតគូរ និងដំឡើងបៀវត្សជូនមន្រ្ដីរាជការស៊ីវិល និងកងសម្លាំងប្រដាប់អាវុធក្នុងកម្រិតសមស្របជូនដល់មន្ត្រីរាជការទូទៅ ព្រមទាំងបង្កើនប្រាក់សោធនជូននិវត្តជន និងអតីតយុទ្ធជន និងផ្ដល់អាទិភាពលើការដំឡើងប្រាក់បំណាច់មុខងារជូនមន្ត្រីក្នុងកម្រិតគ្រប់គ្រង នងិមន្ត្រីដែលមានជំនាញខ្ពស់ ក្នុងក្របខ័ណ្ឌនៃការផ្សារភ្ជាប់ការកែទម្រង់រដ្ឋបាលសាធារណៈទៅនឹងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ក្នុងឆ្នាំ២០១៩ បៀវត្សមូលដ្ឋាននិងប្រាក់ឧបត្តម្ភផ្សេងៗ ត្រូវបានដំឡើងជាបន្ដបន្ទាប់ដូចជា៖ (១)-ការដំឡើងបៀវត្សមូលដ្ឋានក្នុងអត្រា ១០,០% ដោយដំឡើងបៀវត្សមូលដ្ឋានតាមតម្លៃឯកតាសន្ទស្សន៍ ២ ៣៤០ រៀល ដោយគិតចាប់ពីខែមករា ឆ្នាំ២០១៩ (២)-ការដំឡើងប្រាក់បំណាច់មុខងារបន្ថែមចំនួន ៣០ ០០០ រៀល ដល់មន្ត្រីរាជមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលមានប្រាក់បំណាច់មុខងារចាប់ពី ៧៥០ ០០០ រៀល ចុះក្រោមដែលបានអនុវត្តចាប់ពីមេសា ឆ្នាំ២០១៩។

* បន្ដអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ជាពិសេសការដាក់ឱ្យអនុវត្តនូវកម្មវិធីគាំពារសង្គមជាអាទិភាពមួយចំនួន រួមមាន៖ (១)-កម្មវិធីឧបត្តម្ភស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ០២ឆ្នាំនៃគ្រួសារក្រីក្រ (២)-រប បថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ និង(៣)-របបសោធនសម្រាប់កម្មករនិយោជិត។
អនុវត្តផែនការសកម្មភាពនានាតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ក្នុងគោលបំណងធានាឱ្យបាននូវសន្ដិសុខប្រាក់ចំណូល និងកាត់បន្ថយភាព និងសាមគ្គីភាពសង្គម ព្រមេទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា។

ក្របខ័ណ្ឌគោលនយោបាយនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនលទ្ធភាពទទួល បានសេវាជំនួយសង្គម និងសន្តិសុខសង្គមសម្រាប់មន្ត្រីសាធារណៈ និងវិស័យឯកជន ព្រមទាំងប្រជាជននៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ប្រព័ន្ធគាំពារសង្គមមកម្ពុជាមានសសរស្ដម្ភ ២គឺ៖ (១)-ប្រព័ន្ធសន្តិសុខសង្គម និង(២)-ប្រព័ន្ធជំនួយសង្គម។

* ពន្លឿនការអនុវត្តឱ្យបានខ្លាំងក្លានូវវិធានការ គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលជា យុទ្ធសាស្រ្តកំណើនសេដ្ឋកិច្ចថ្មី តាមរយៈការជំរុញវិនិយោគសាធារណៈឱ្យគ្រប់គ្រាន់លើហេដ្ឋារចនាសម្ព័ន្ធ និងការផ្ដល់សេវាសាធារណៈចាំបាច់សម្រាប់គាំទ្រសកម្មភាពឧស្សាហកម្ម។

ថវិកាឆ្នាំ២០១៩ បានចូលរួមចំណែកគាំទ្រយ៉ាងសកម្មដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ រួមមានការកែប្រែនិងពង្រីករចនាសម្ព័ន្ធឧស្សាហកម្មក្នុងសេដ្ឋកិច្ច ការបង្កើនពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងភាពប្រកួតប្រជែង ការលើកកម្ពស់ផលិតភាព ការកែទម្រង់វិស័យសាធារណៈ និងសមត្ថភាពស្ថាប័ន ការលើកកម្ពស់បរិស្ថានវិនិយោគ និងធុរកិច្ច ការគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងការបណ្ដុះបណ្ដាលជំនាញ ដែលឆ្លើយតបនឹងតម្រូវការទីផ្សារជាដើម។

ជាក់ស្ដែង នៅឆ្នាំ២០១៩ ថវិកាប្រមាណ ១០០លានដុល្លារអាមេរិក ត្រូវបានវិភាជសម្រាប់ការផ្ដល់ទុនដល់ការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម (SMEs Bank)។ ទន្ទឹមនេះ ឥណទានថវិកាត្រូវបានវិភាជជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រាប់ធ្វើការសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ដែលចូលរួមអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដោយផ្ទាល់។

* បន្តជំរុញការអភិវឌ្ឍធនធានមនុស្ស តាមរយៈការលើកកម្ពស់គុណភាពអប់រំ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទាំងកម្រិតទាប មធ្យម និងខ្ពស់ ដើម្បីផ្គត់ផ្គង់ពលកម្មជំនាញ ប្រកបដោយផលិតភាពឱ្យបានគ្រប់គ្រាន់ទៅតាមតម្រូវការបស់ធុរកិច្ច។

ថវិកាឆ្នាំ២០១៩ ផ្ដល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ក្នុងគោលដៅជំរុញការអភិវឌ្ឍធនធានមនុស្ស ដែលជាធនធានសំខាន់បំផុតសម្រាប់ការគាំទ្រ និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ជាក់ស្ដែង ចំណាយសម្រាប់វិស័យសង្គមកិច្ចក្នុងឆ្នាំ២០១៩ អនុវត្តបានចំនួន ៦ ២៨០ ០០៣,៤ លានរៀល ស្មើនឹង ៣៥,១% នៃចំណាយចរន្ដថវិកាថ្នាក់ជាតិ ត្រូវជា ៥,៧% នៃ ផ.ស.ស. និងមានការកើនឡើង ៩,១% ធៀបនឹងការអនុវត្តឆ្នាំ២០១៨។

* បន្ដលើកកម្ពស់សេវាសុខាភិបាល តាមរយៈការបង្កើនការវិនិយោគបន្ថែម ទាំងលើអគារមន្ទីរព្រទ្យ សម្ភារបរិក្ខារ និងសមត្ថភាពមន្ត្រីសុខាភិបាល។
ក្នុងឆ្នាំ២០១៩ ចំណាយរបស់ក្រសួងសុខាភិបាល អនុវត្តបាន ១ ៤៩៨ ៨៤៧,២ លានរៀល ស្មើនឹង ១,៣៦% នៃ ផ.ស.ស. ពោលគឺកើនឡើង ៨,៧% ធៀបនឹងការអនុវត្តឆ្នាំ២០១៨ ក្នុងគោលដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល។

* បន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ ជាពិសេសផ្តោតសំខាន់លើការតភ្ជាប់ក្នុងវិស័យ ដឹកជញ្ជូន វិស័យថាមពល និងវិស័យឌីជីថល ដោយក្នុងនោះ តម្លៃអគ្គិសនី នឹងត្រូវបានបញ្ជុះទៅតាមកម្មវិធី និងតារាងតម្លៃជាក់លាក់ សម្រាប់ឆ្នាំ២០១៩ និងឆ្នាំ២០២០ ដើម្បីជំរុញការលូតលាស់ក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។

ក្នុងគោលដៅទ្រទ្រង់កំណើនសេដ្ឋកិច្ច ការលើកកម្ពស់ភាពប្រកួតប្រជែង និងផលិតភាពសេដ្ឋកិច្ច ថវិកាឆ្នាំ២០១៩ បានគាំទ្រដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ទាំងផ្នែករឹងនិងផ្នែកទន់។ ជាក់ស្ដែង ចំណាយវិនិយោគសាធារណៈដោយហិរញ្ញប្បទាន ក្នុងប្រទេសក្នុងឆ្នាំ២០១៩ អនុវត្តបានចំនួន ៣ ៥១៥ ៧៩៣,៣ លានរៀល គឺមានការកើនឡើង ៣៩,៥% ធៀបនឹងការអនុវត្តឆ្នាំ២០១៨ ត្រូវជា ៣,២០% នៃ ផ.ស.ស.។

ចំណាយវិនិយោគសាធារណៈហិរញ្ញប្បទាន ដោយក្រៅប្រទេសក្នុងឆ្នាំ២០១៩ អនុវត្តបានចំនួន ៥ ០២៧ ០៨៩,២ លានរៀល ក្នុងនោះ៖
-វិស័យថាមពលមានប្រមាណ ១៣,០%
-វិស័យធារាសាស្រ្តមានប្រមាណ ១២,៣%
-វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តមានប្រមាណ ៣៣,៦% និង(៤)-វិស័យអាទិភាពផ្សេងៗដែលរួមមានគម្រោងក្នុងវិស័យកសិកម្ម សុខាភិបាលការផ្គតផ្គង់ទឹកស្អាត ហិរញ្ញវត្ថុ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអប់រំ ជាដើមមានប្រមាណ ៤១,១%។ ចំណាយវិនិយោគសាធារណៈដោយក្រៅប្រទេសនេះ មានការកើនឡើង ១៦,៣% ធៀបនឹងការអនុវត្តឆ្នាំ២០១៨ ត្រូវជា ៤,៥៧% នៃ ផ.ស.ស.។ ចំណាយវិនិយោគសាធារណៈត្រូវបានប្រើប្រាស់លើវិស័យអាទិភាពសម្រាប់ទ្រទ្រង់ ចលនការនៃកំណើនសេដ្ឋកិច្ចការអភិវឌ្ឍ និងជាការបំពេញបន្ថែមលើការសវិនិយោគឯកជន។

* បន្ដជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដោយផ្តោតលើការបង្កើនផលិតភាព ពិពិធកម្មការកែច្នែកសិផល និងពាណិជ្ជូននីយកម្ម។

ក្នុងឆ្នាំ២០១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុវត្តចំណាយបានចំនួន ២៦៧ ៩៨៧,៧ លានរៀល ស្មើនឹង ១,៥% នៃចំណាយចរន្តថវិកាជាតិ គឺមានកំណើន ១៥,៣% ធៀបនឹងការអនុវត្តឆ្នា២០១៨ ស្មើនឹង ០,២៤% នៃ ផ.ស.ស.។

* ពង្រឹងលំហថវិកា និងយន្តការគ្រប់គ្រងហានិភ័យដែលអាចកើតមានឡើងជាយថាហេតុ។
បន្ទាប់ពីទទួលបាននូវលទ្ធផលល្អប្រសើរលើសពីការរំពឹងទុក ពីការអនុវត្តគោលនយោបាយវិត្ថារកម្មថវិកាក្នុងឆ្នាំ២០១៨ ដែលបានជំរុញកំណើនសេដ្ឋកិច្ចរហូតដល់ ៧,៥% ពោលគឺជាកំណើនមួយខ្ពស់បំផុតក្នុងរយៈពេល ១០ឆ្នាំ ចុងក្រោយ រាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០១៩ បានដាក់ចេញនូវជំហរគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ដែលមានចរិតជាគោលនយោបាយពង្រឹងការគ្រប់គ្រងថវិកា (Fiscal Consolidation) ក្នុងគោលដៅបន្តពង្រឹងលំហថវិកា និងបង្កើនប្រសិទ្ធភាពចំណាយថវិការដ្ឋ តាមរយៈការវិភាជឱ្យកាន់តែចំគោលដៅ និងកាត់បន្ថយចំណាយមិនចាំបាច់នានា។

* បន្តគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥។

ក្នុងក្របខណ្ឌនៃការអភិវឌ្ឍទីផ្សារ និងស្ថាប័នហិរញ្ញវត្ថុ ការអនុវត្តយុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ សម្រាប់គាំទ្រដល់ការគ្រប់គ្រងស្ថិរភាពហិរញ្ញវត្ថុ ការផ្ដល់ហិរញ្ញប្បទាន និងការកៀរគរចំណូល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

វិស័យទីផ្សារមូលបត្រនៅកម្ពុជាបានវិវត្តខ្លួនយ៉ាងឆាប់រហ័ស និងបានក្លាយជាផ្នែកដ៏សំខាន់មួយនៃកំលាំងចលករក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់នូវប្រភពទុនរយៈពេលវែងសម្រាប់សហគ្រាសពាណិជ្ជកម្មនៅកម្ពុជា និងលើកកម្ពស់នូវតម្លាភាព និងគណនេយ្យភាពក្នុងវិស័យឯកជននៅកម្ពុជា ក៏ដូចជាការគៀរធនធានដែលនៅសេសសល់ក្នុងស្រុក និងបង្កើននូវជម្រើសវិនិយោគសម្រាប់ប្រជាជនកម្ពុជា។

គិតត្រឹមឆ្នាំ២០១៩ តាមរយៈទីផ្សារមូលបត្រ បានផ្ដល់នូវហិរញ្ញប្បទានសរុបចំនួន ១៥១លានដុល្លារអាមេរិក ដល់សហគ្រាសចំនួន ៨នៅកម្ពុជា ដែលក្នុងនោះមានក្រុមហ៊ុន/សហគ្រាសចំនួន ៥ ដែលបានចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធ និងក្រុមហ៊ុន ៣ ដែលបានចុះបញ្ជីបោះផ្សាយលក់មូលបត្របំណុល។ ក្នុងឆ្នាំ២០១៩ សន្ទស្សន៍ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា មានការកើនឡើង ៥៨,៣៧% ដោយកើនឡើងពី ៤៨០,៩៨ពិន្ទុ ទៅ៧៦១,៧៣ពិន្ទុ ធៀបនឹងឆ្នាំ២០១៨ ដែលមូលធននីយកម្មទីផ្សារមានការកើន ៣០៩,៦៥% និងតម្លៃជួញដូរកើនឡើង ៤៩៧,៨៥% ដែលនេះជាអត្រាកំណើនដ៏ខ្ពស់មួយបើប្រៀបធៀបនឹងឆ្នាំកន្លងមក។

វិស័យធានារ៉ាប់រង បានចូលរួមចំណែកក្នុងការបន្ដពង្រឹងកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈដង់ស៊ីតេធានារ៉ាប់រង (Insurance Density) ប្រចាំឆ្នាំ២០១៩ មានចំនួន ១៥,២៩ ដុល្លារអាមេរិក កើនោឡើងប្រមាណ ២៦% បើធៀបនឹងឆ្នាំ២០១៨ រីឯអត្រានៃចំណូលពីសេវាធានារ៉ាប់រងធៀបនឹងផលិតក្នុងស្រុកសរុបប្រចាំឆ្នាំ២០១៩ មានចំនួន ០,៩៣% កើនឡើង ០,១៣% បើធៀបនឹងឆ្នាំ២០១៨។ ទ្រព្យសកម្មសរុបប្រមាណ ៥៧៤,៨៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ៣៦% ទ្រព្យសកម្មសរុប កើនដល់ប្រមាណជា ២៨០,០៤ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៥១% និងមូលនិធិម្ចាស់ហ៊ុន កើនដល់ប្រមាណជា ២៩៤,៨២ លានដុល្លារអាមេរិក កើនឡើងប្រមាណ២៤% បើធៀបនឹងឆ្នាំ២០១៨។

* បន្តសគ្រប់គ្រងបំណុលសាធារណៈ ប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព សំដៅបន្តរក្សាចីរភាពបំណុលសាធារណៈរយៈពេលវែង និងកម្រិតហនិភ័យបំណុលឱ្យនៅទាប។

ការក្សាបាននូវស្ថិរភាពហិរញ្ញវត្ថុ ពិតជាមិនអាចកាត់ផ្ដាច់ចេញពីការគ្រប់គ្រងបំណុលសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពបានឡើយ។ ក្នុងឆ្នាំ២០១៩ រាជរដ្ឋាភិបាលរក្សាបាននូវទំហំនៃការខ្ចីឥណទានសម្បទានមិនឱ្យលើសពីច្បាប់កំណត់ ពោលគឺរាជរដ្ឋាភិបាលបានខ្ចីឥណទានសម្បទានពីដៃគូអភិវឌ្ឍសរុបប្រមាណ ១ ២៨៨,២៧ លានដុល្លារអាមេរិក ឬប្រមាណ ៩២៧,០១ លានអេសដេអ៊ែរ ធៀបនឹងច្បាប់កំណត់ ១ ៤០០ លានអេសដេអ៊ែរ។ គោលដៅនៃការខ្ចីឥណទានសម្បទានទាំងនោះ គឺសម្រាប់ហិរញ្ញប្បទានលើគម្រោងវិនិយោគសាធារណៈ ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច និងផលិតភាពផលិតកម្ម ដែលក្នុងនោះវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ (ផ្លូវថ្នល់ ស្ពាន កំពង់ផែ អគ្គិសនី ប្រព័ន្ធធារាសាស្រ្ត និងការផ្ដត់ផ្ដង់ទឹកស្អាត) គ្របដណ្ដប់ប្រមាណ ៨៥,៣% និងវិស័យអាទិភាពផ្សងទៀតប្រមាណ ១៤,៦១%។

* គាំទ្រដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣។

ចំណាយថវិកាឆ្នាំ២០១៩ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អនុវត្តបាន ៦១ ៣៩៦,៩ លានរៀល ដែលសមាមាត្រស្មើនឹង ០,៣% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ក្នុងនោះបានផ្ដោតជាពិសេសទៅលើការគាំទ្រដល់ការចុះឈ្មោះការពិនិត្យបញ្ជីឈ្មោះ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ឱ្យប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌។

* បន្ដកែទម្រង់អភិបាលកិច្ច និងពង្រឹងសមត្ថភាពស្ថាប័ន និងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ ជាពិសេសការពង្រឹងប្រសិទ្ធភាពអនុវត្តការងារ ដើម្បីធានាប្រសិទ្ធភាពស័ក្ដិសិទ្ធិភាព គណនេយ្យភាព និងតម្លាភពនៃសេវាសាធារណៈ ដើម្បីទទួលបាននូវការជឿទុកចិត្តកាន់តែខ្លាំងឡើងថែមទៀតពីសំណាក់ប្រជាជន។

ការដាក់ឱ្យអនុវត្តជាបណ្ដើរៗនូវប្រព័ន្ធបចេ្ចកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដែលជាចំណែកដ៏សំខាន់សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយបានដាក់បញ្ចូលចំណាត់ថ្នាក់ថវិកាទាំង៧ បង្កើតបានជាមូលដ្ឋានសម្រាប់ការកត់ត្រាគណនេយ្យគ្រប់ជ្រុងជ្រោយ និងអាចផលិតរបាយការណ៍ទាន់ពេលវេលា។ ជាក់ស្ដែងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការដល់ក្រសួង ស្ថាប័ន ចំនួន១០ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ទាំង២៥ បន្ថែមទៀតនៅក្នុងឆ្នាំ២០១៩ នេះ ព្រមទាំងបានប្រកាសបន្ដពង្រីកការអនុវត្តប្រព័ន្ធ FMIS ទៅកាន់ក្រសួង ស្ថាប័ន ចំនួន១៧ ផ្សេងទៀត ដែលគ្រោងនឹងដាក់ឱ្យអនុវត្តក្នុងឆ្នាំ២០២០ ដើម្បីចូលរួមធានាដល់ការអនុវត្តថវិកាប្រកបដោយគណនេយ្យភាព និងតម្លាភាព។

ថវិកាឆ្នាំ២០១៩ គឺជាថវិកាដែលត្រូវបានរៀបចំឡើងតាមគោលនយោបាយពង្រឹងការគ្រប់គ្រងថវិកា ក្នុងគោលដៅដោះស្រាយឱ្យបានជាសារវ័ន្ដនូវសេចក្តីត្រូវការក្នុងការឆ្លើយតបទៅនឹងអាទិភាពគោលនយោបាយធំៗ របស់រាជរដ្ឋាភិបាល និងត្រូវការចាំបាច់ជាមូលដា្ឋនរបស់ក្រសួង ស្ថាប័ននានា ដើម្បីបម្រើ និងផ្ដល់នូវការឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងការទន្ទឹងរង់ចាំ និងបំណងប្រាថ្នារបស់ប្រជាជនដែលជាម្ចាស់ឆ្នោតនៅក្នុងឆ្នាំ២០១៩ ដែលជាឆ្នាំទី១ នៃរាជរដ្ឋាភិបាលនីតិកាសទី៦ នៃរដ្ឋសភា ជាពិសេសការអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្ដែងប្រកបដោយប្រសិទ្ធភាពនូវ កម្មវិធីនយោបាយ និងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

លទ្ធផលនៃការអនុវត្តថវិកាឆ្នាំ២០១៩ បានបង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវសូចនាករសំខាន់ៗនៃម៉ាក្រូសេដ្ឋកិច្ច និងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈជាអាទិ៍កំណើនសេដ្ឋកិច្ចសម្រេចបាន ៧,១% ដូចការគ្រោងទុក។ ផ.ស.ស. សម្រាប់មនុស្សម្នាក់ៗសម្រេចបាន ១ ៧០០ ដុល្លារអាមេរិក អតិផរណាជាមធ្យមប្រចាំឆ្នាំ២០១៩ មាន១,៨% ធៀបនឹងការគ្រោងទុក គឺក្នុងរង្វង់ ៣,១% អត្រាប្ដូរប្រាក់ជាមធ្យម ៤ ០៥៥ រៀលក្នុង១ដុល្លារអាមេរិកធៀបនឹងការគ្រោង ៤ ០៣៧រៀល។ ចំពោះក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ កំណើនចំណូលចរន្ដសរុបសម្រេចបាន ៣,០១ពិន្ទុភាគរយ នៃ ផ.ស.ស. ធៀបនឹងគោលដៅ ០,៥៧ពិន្ធុភាគរយ នៃ ផ.ស.ស.។

ដោយសារលទ្ធផលនៃការប្រមូលចំណូលខ្ពស់ និងការអនុវត្តចំណាយថវិកាប្រកបដោយប្រសិទ្ធភាព រាជរដ្ឋាភិបាលមិនត្រឹមតែពុំបានប្រើបា្រស់ប្រាក់សន្សំក្នុងបញ្ជើ រាជរដ្ឋាភិបាលដែលត្រូវបានគ្រោងក្នុងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ចំនួន ៤០៥ ០០០ លានរៀលប៉ុណ្ណោះទេ តែថែមទាំងសម្រេចបាននូវអនុវត្តថវិកាក្នុងឆ្នាំ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ចំនួន ៣ ៧៣៥ ២៦៧,៤ លានរៀលទៀត ដែលត្រូវបានដាក់បង្កើនជាប្រាក់សន្សំបន្ថែមសម្រាប់រួមចំណែកគាំទ្រដល់ការអនុវត្តអាទិភាពគោលនយោបាយផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល៕