(បន្ទាយមានជ័យ)៖ ថ្លែងចេញពីស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រតិកម្មនឹងអ្នកវិភាគមួយចំនួន ដែលយករូបភាពរបស់សម្ដេចចុះចែកអំណោយតាមខ្នងផ្ទះប្រជាពលរដ្ឋ ដែលលិចលង់ដោយទឺកជំនន់ថា «ជរាពាធ» និងតម្រូវឲ្យគេជួយគ្រា។
ក្នុងឱកាសបន្ដជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលដ្ឋ ដែលរងគ្រោះដោយទឹកជំនន់៥ពាន់គ្រួសារ នៅស្រុកអូរជ្រៅ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅមនុស្សទាំងនោះដែលប្រមាថ និងមាក់ងាយសុខភាពរបស់មនុស្សចាស់ បើរាសីមិនដល់ទេអាចនឹងស្លាប់មុនសម្ដេចទៀតក៏ថាបាន ព្រោះសម្ដេចអាយុជីវិតសម្ដេចនៅថ្លៃណាស់។
សម្ដេចតេជោ ហ៊ុន សែន បានចំអកទៅក្រុមអ្នកវិភាគស្ទើរភ្លើងនោះទៀតថា វិភាគខូចណាស់សូម្បីតែរូបថតរបស់សម្ដេច ក៏មិនលើកលែងដែរ ខណៈរូបសម្ដេចជាច្រើន ដែលធ្វើសកម្មភាពចុះចែកអំណោយ និងសួរសុខទុក្ខប្រជាពលរដ្ឋជាច្រើនសន្លឹកទៀត មិនព្រមយកទៅវិភាគនោះទេ ពោលយកតែរូបចុះជណ្ដើរ ចុះទូកទៅវិភាគប៉ុណ្ណោះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «រូបភាពច្រើនណាស់វាប្រកាច់មិនយកទៅវិភាគ។ វាយករូបភាពចុះជណ្ដើរ ចុះទូក វាយករូបភាពតែមួយសន្លឹកយកទៅធ្វើវិភាគ ត្រង់រូបឯងដើរត្រុយវាអត់វិភាគ។ អានេះវាខូចខូចមែនទែន តាំងពីរូបក៏វាខូចដែរ»។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលស្ទើរគ្មានពេលសម្រាកក្នុងអំឡុងពេលទឹកជំនន់ ដោយត្រូវអញ្ជើញជួប និងពិនិត្យដោយផ្ទាល់ពីស្ថានភាពរបស់ប្រជាពលរដ្ឋ នៅតាមបណ្ដាខេត្តនោះ បានប្រាប់ទៅក្រុមអ្នកវិភាគទាំងនោះទៀតថា យមរាជ មិនទាន់ត្រូវការសម្ដេចទេ ព្រោះយមរាជទុកសម្ដេចឲ្យនៅកម្ចាត់ក្រុមក្បត់ជាតិ ហើយក្រុមក្បត់ជាតិនេះ មិនដែលត្រូវជាមួយនាយករដ្ឋមន្ដ្រីឡើយ។
គួរជម្រាបថា មួយរយៈពេលដែលកម្ពុជា ជួបនៅគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀងនេះ សម្ដេចតេជោ ហ៊ុន សែន មិននៅស្ងៀមនោះទេ។ សម្ដេចបានចុះទៅពិនិត្យស្ថានភាពនៃការរងគ្រោះរបស់ប្រជាពលរដ្ឋ ដោយជំនន់ស្ទឹងព្រែកត្នោត នៅខណ្ឌដង្កោ ទាំងយប់ក៏មានដែរ។
ក្រោយមកសម្ដេចតេជោនាយករដ្ឋមន្ដ្រី បានធ្វើដំណើរតាមរថយន្ដទៅខេត្តសៀមរាប ហើយបន្ដទៅខេត្តបន្ទាយមានជ័យ ដើម្បីជួបប្រជាពលរដ្ឋរងគ្រោះជាង២ម៉ឺនគ្រួសារ កាលពីដើមសប្ដាហ៍នេះ ប៉ុន្ដែដោយសារសម្ដេចត្រូវដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី ក៏ត្រឡប់មករាជធានីភ្នំពេញវិញ។ តមកក្រោយបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ដ្រី សម្ដេចក៏ត្រឡប់ទៅខេត្តសៀមរាបវិញ ដើម្បីបន្ដជួបប្រជាពលរដ្ឋនៅស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ។
តាមរយៈការចុះដោយផ្ទាល់ស្ទើរពេញមួយសប្ដាហ៍នេះ បានបញ្ជាក់យ៉ាងច្បាស់អំពីស្ថានភាពសុខភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថាសម្ដេចនៅមានសុខភាពល្អ រឹងមាំ បើទោះបីត្រូវដើរលុយទឹកស្ទើរត្រឹមចង្កេះ ក៏អាចបន្ដដំណើរបានមិនរុញរាឡើយ។ នេះហើយជាទឹកចិត្តដ៏មហាមនុស្សធម៌ របស់សម្ដេចតេជោ ហ៊ុន សែន ដែលមានចំពោះជាតិ និងប្រជាជនកម្ពុជា៕