(ភ្នំពេញ)៖ លោក សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក បាន គីមូន ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បានបេ្តជ្ញាបន្តពង្រឹងកិច្ចសហការរួមគ្នា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីគាំទ្រដល់ការអនុវត្តន៍សកម្មភាពរួមគ្នា ដែលចូលរួមចំណែកសម្រេចកម្មវិធីគោលនយោបាយជាតិ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជា និងការងារបន្តការពង្រឹងសមត្ថភាពទាំង មន្ត្រីថ្នាក់ជាតិ ស្ថាប័នថ្នាក់ក្រោមជាតិ និងបន្តកៀគរធនធានគាំទ្រចាំបាច់នានា ក្នុងគោលបំណងរួមចំណែកសម្រេចគោលដៅការអភិវឌ្ឍន៍ដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
ការប្រកាសប្តេជ្ញារួមគ្នាបែបនេះរបស់លោក សាយ សំអាល់ និងលោក បាន គីមូន បានធ្វើឡើង ក្នុងកិច្ចប្រជុំអនឡាញ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។ ក្នុងកិច្ចប្រជុំនេះដែរលោក បាន គីមូន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់រដ្ឋមន្ត្រីបរិស្ថាន ក្នុងការសម្រេចបានសមិទ្ធផលធំៗ ក្នុងវិស័យបរិស្ថានគួរឱ្យកត់សំគាល់ ក្នុងនោះរួមមាន ការសិក្សាបុរេសមិទ្ធិលទ្ធភាព នៃគម្រោងទាញយកឥន្ធនៈចំហេះពីសំណល់រឹង (RDF) ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងគោលដៅ ការជំរុញការបករើប្រាស់ថាមពលនិរន្តរភាព និងការគ្រប់គ្រងសំណល់នៅខេត្តបាត់ដំបង និងកែប។
លោក សាយ សំអាល់ បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញ និងលើកកម្ពស់ការអភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជា តាមរយៈការកសាងគោលនយោបាយ និងយុទ្ធសាស្ត្រនានា ដើម្បីចូលរួមចំណែកបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការប្រើប្រាស់ ធនធានធម្មជាតិ ការបញ្ចេញកាបូនតិច ការរស់នៅដោយចីរភាព និងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
ក្នុងឋានៈជាសមាជិករបស់វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលតាំងពីឆ្នាំ២០១១មក កម្ពុជាបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការរៀបចំគោលនយោបាយជាតិ រួមមាន៖
*គោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍បៃតង
*ផែនការយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍន៍បៃតង
*ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍បៃតង
*ផែនការយុទ្ធសាស្ត្រលើវិស័យអាទិភាពមានដូចជា៖ ផែនការអភិវឌ្ឍន៍ទីក្រុងនិរន្តរភាពសម្រាប់រាជធានីភ្នំពេញ២០១៨-២០៣០, កម្មវិធីវាយតម្លៃការតម្រង់ទិសគោលនយោបាយស្តីពី ការអភិវឌ្ឍន៍បៃតង, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងគោលដៅចំនួន៧ និងការសិក្សាបុរេសមិទ្ធិលទ្ធភាពនៃគម្រោងទាញយកឥន្ធនៈចំហេះពីសំណល់រឹង (RDF)។
ជាទីបញ្ចប់នៃកិច្ចប្រជុំលោក បាន គីមូន បានអបអរសាទរនូវសមិទ្ធផលការងារដែលសម្រេចបានរួមគ្នាកន្លង ក្នុងកិច្ចសហការរវាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព ក្រសួងបរិស្ថាន។
លោកបានផ្តាំសួរសុខទុក្ខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលជាមិត្តចាស់ ក្នុងអាណត្តិដែលលោកបំពេញតួនាទី ជាអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិកន្លងមក និងសូមជូនពរសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ចការងារ៕