(បន្ទាយមានជ័យ)៖ ថ្លែងក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ច្បាប់ថវិកាឆ្នាំ២០២១ ដែលគណៈរដ្ឋមន្ត្រីទើបអនុម័ត នៅថ្ងៃទី២៣ ខែតុលាម្សិលមិញ ជាថវិកាសម្រាប់ប្រយុទ្ធការពារអាយុជីវិតប្រជាជន និងស្តារសេដ្ឋកិច្ចឡើងវិញ។
ការពារអាយុជីវិតរបស់ប្រជាជន សំដៅដល់ការគិតគូរពីផលប៉ះពាល់បង្កឡើងដោយជំងឺកូវីដ១៩ និងគ្រោះមហន្តរាយផ្សេងៗ ដូចជាគ្រោះទឹកជំនន់ជាដើម ដែលធ្វើឲ្យប្រជាជនជួបការលំបាក និងស្តារសេដ្ឋកិច្ចជាតិ ក្រោយជំងឺកូវីដ១៩ ស្រាកស្រាន្តទៅ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ម្សិលមិញនេះគណៈរដ្ឋមន្ត្រីមានការប្រជុំ ដើម្បីអនុម័ត នូវច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១។ ក្នុងច្បាប់ថវិកានេះ យើងបានគិតគូរយ៉ាងម៉ត់ចត់ អំពីស្ថានភាពនៃបញ្ហាដែលយើងត្រូវប្រឈម នៅពេលខាងមុខ ទាំងកូវីដ១៩ និងទាំងការស្តារឡើងវិញ នូវជីវភាពរបស់ប្រជាជនក្រោយទឹកជំនន់ និងដំណើរការក្រោយកូវីដ១៩។ ដូច្នេះថវិកា ឆ្នាំ២០២១ គឺយើងប្រើប្រាស់ប្រសិទ្ធនាមថា ជាថវិកាប្រយុទ្ធការពារជីវិតប្រជាជន រក្សាលំនឹងសង្គម សេដ្ឋកិច្ច និងជីវភាពប្រជាជន ព្រមទាំងតម្រង់ទិសទៅរកការស្តារឡើងវិញ ក្រោយពេលជំងឺកូវីដ១៩។ ថវិកាឆ្នាំ២០២១ មានចរិតពិសេសរបស់វា មិនមែនគ្រាន់តែជាថវិកាធម្មតាទេ ប៉ុន្តែជាថវិកាសម្រាប់ប្រយុទ្ធ ដើម្បីការពារអាយុជីវិតប្រជាជន ដែលទាក់ទងនឹងកូវីដ១៩ ដែលនៅបន្ត ហើយវាអាចនឹងមានគ្រោះមហន្តរាយផ្សេងៗទៀត»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាការងារ ធ្វើរបស់ប្រជាពលរដ្ឋនៅជនបទ ក្នុងច្បាប់ថវិកាឆ្នាំ២០២១ រាជរដ្ឋាភិបាលបានបង្កើនថវិកាសម្រាប់កម្មវិធីសាច់ពលកម្ម ពី១០០លានដុល្លារ ដល់ ១៦០លានដុល្លារ ដើម្បីជួយដល់ប្រជាពលរដ្ឋ អាចចូលរួមធ្វើហេដ្ឋារចនាសម្ព័ន្ធជនបទ ដូចជាប្រឡាយទឹក ផ្លូវថ្នល់ ក្នុងភូមិឋានរបស់ខ្លួន ហើយទទួលបានត្រឡប់មកវិញ នូវប្រាក់កម្រៃតាមតម្លៃពលកម្មទីផ្សារ។ តាមការប៉ាន់ស្មានសាច់ប្រាក់ ១៦០លានដុល្លារនេះ នឹងបង្កើតការងារជូនពលរដ្ឋ ចំនួន១លានកន្លែង។
សម្តេចតេជោបានថ្លែងផងដែរ សម្តេចទើបតែបានអនុម័តឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ចេញថវិកាទិញពូជស្រូវមិនប្រកាន់រដូវ ចំនួន២ពាន់តោនបន្ថែមទៀត ដើម្បីចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដែលធ្វើស្រែ ហើយទទួលរងការខូចខាត ដោយសារទឹកជំនន់ ត្រូវការពូជស្រូវបង្កបង្កើនឡើងវិញ ដោយមួយគ្រួសារនឹងទទួលបានស្រូវពូជ ១០០គីឡូក្រាម។
សម្តេចតេជោនាយកដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ចំពោះប្រជាពលរដ្ឋដែលមិនប្រកបរបរធ្វើស្រែ បង្កបង្កើនផលស្រូវ រាជរដ្ឋាភិបាលនឹងចែកជូននូវពូជបន្លែ ចំនួន៦មុខ ដើម្បីធ្វើការដាំដុះក្រោយទឹកជំនន់ស្រកវិញ។
សូមជម្រាបថា «សេចក្ដីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១» ដែលច្បាប់សម្រាប់ការចាយវាយរបស់រដ្ឋក្នុងឆ្នាំ២០២១ ត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចអនុម័តទាំងស្រុង នៅក្នុងកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
ថវិកាឆ្នាំ២០២១ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថា ជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលអាចជួយឱ្យរាជរដ្ឋាភិបាលឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យផងទាំងពួង ទាំងក្នុងនិងក្រៅប្រទេសសំដៅធានាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា និងការពារអាយុជីវិតប្រជាជនពីការរាតត្បាតនៃជំងឺកូវីដ-១៩ ព្រមទាំងការស្តារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ បានស្រាកស្រាន្ត។
ថិវកាឆ្នាំ២០២១ អាចប្រសិទ្ធនាមបានថាជា «ថវិកាប្រយុទ្ធការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយពេលស្រាកស្រាន្តពីវិបត្តិជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីថ្មីដើម្បីធានាសុខសន្តិភាព ស្ថិរភាពសង្គម និងចីរភាព នៃកំណើនសេដ្ឋកិច្ច ព្រមទាំងភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយនឹងការបន្តលើកស្ទួយសុខុមាលភាពរបស់ប្រជាជន»៕