(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោក ធូ ភា អភិបាលរងខេត្ត និងលោកជំទាវឧកញ៉ា ស៊ុ ហៀង សភាពាណិជ្ជកម្មខេត្ត ព្រមក្រុមការងារ បានទទួលព្រះអំណោយស្បៀងពីព្រះសន្តិមហារតន៍មុនី សាន់ លី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្ត និងជាព្រះចៅអធិការវត្តសន្តិមារាម សម្រាប់យកទៅបម្រើដល់ការងារមនុស្សធម៌ក្នុងខេត្ត ជាពិសេសយកទៅជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋទីទាល់ក្រខ្វះខាតស្បៀង ដែលកំពុងមានបញ្ហាជីវភាពគ្រួសារ ដោយសារជំនន់ទឹកភ្លៀង និងការផ្ទុះឡើងនូវជំងឺកូវីដ-១៩។
ការទទួលអំណោយនេះបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅវត្តសន្តិមារាម ហៅវត្តអូរច្រា ស្ថិតក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ព្រះគ្រូសន្តិមហារតន៍មុនី សាន់ លី ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្ត បានមានសង្ឃដីកាថា អំណោយដែលឧបត្ថម្ភនាពេលនេះ គឺបានមកពីពុទ្ធបរិស័ទ ចំណុះជើងវត្ត ជិតឆ្ងាយ ប្រគេនដល់ព្រះសង្ឃក្នុងវត្ត ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ហើយព្រះសង្ឃក៏បានផ្តល់ជូនបន្តដល់អាជ្ញាធរខេត្តប៉ៃលិន សម្រាប់បម្រើដល់ការងារមនុស្សធម៌ក្នុងខេត្ត ដូចជា ជួយដល់ជនក្រីក្រ ជនងាយរងគ្រោះ ក្មេងកំព្រា ចាស់ជរាគ្មានទីពឹង និងជួបបញ្ហាផ្សេងៗទៀត ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សប្បុរ និងនិន្នាការនយោបាយឡើយ។
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានថ្លែងថា «ព្រះពុទ្ធសាសនា បច្ចុប្បន្នបានចូលរួមចំណែកយ៉ាងសកម្មទាំងផ្នែកការងារមនុស្សធម៌ និងលើកកម្ពស់សីលធម៌ ចរិយាធម៌ ដល់កុលបុត្រកុលធីតាបច្ឆាជនជំនាន់ក្រោយ ឲ្យចេះសាងអំពើល្អ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ក្នុងគោលបំណងកាត់បន្ថយ ការខុសឆ្គង ក្នុងច្បាប់រដ្ឋ និងប្រពៃណីជាតិយើង ដើម្បីពង្រឹងទាំងចំណេះដឹងទាំងជំនាញ និងបទពិសោធន៍ រួមចំណែកដល់ការអភិវឌ្ឍជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។
លោកបានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអំណរព្រះគុណ ចំពោះព្រះមេគណខេត្តទាំង២គណៈ និងព្រះសង្ឃគ្រប់វត្ត ដែលជានិច្ចកាលបានចូលរួមចំណែកក្នុងវិស័យអាណាចក្រមានដូចជា បច្ច័យ គ្រឿងឧបភោគបរិភោគ ដើម្បីចូលរួមចំណែកការងារមនុស្សធម៌នៅក្នុងខេត្តប៉ៃលិន ដែលនេះបានបង្ហាញពីវប្បធម៌នៃការចែករំលែក ជួយគ្នាក្នុងគ្រាលំបាក គឺខ្មែរស្រលាញ់ខ្មែរ។
សូមបញ្ជាក់ថា ព្រះអំណោយដែលរដ្ឋបាលខេត្តប៉ៃលិនទទួលពីព្រះគ្រូសន្តិមហារតន៍មុនី សាន់ លី ព្រះមេគណខេត្ត រួមមាន៖ អង្ករ ០២តោន, ទឹកភេសជ្ជៈ ៣៩កេស, ទឹកសុទ្ធ ៥០យួ, និងស្ករសមួយចំនួនផងដែរ សម្រាប់យកទៅបម្រើដល់ការងារមនុស្សធម៌ក្នុងខេត្ត៕