(ភ្នំពេញ)៖ ក្រសួងបរិស្ថាន រកឃើញរូបវន្តបុគ្គល និងនីតិបុគ្គល ៣៣រូប ដែលទទួលបានប្រតិបត្តិល្អចំពោះបរិស្ថានក្នុងកម្មវិធី «លើកទឹកចិត្តមេត្រីភាពបរិស្ថានឆ្នាំ២០២០» នារសៀលថ្ងៃទី២៣ ខែតុលា ម្សិលមិញ ដែលពិធីប្រគល់បណ្ណមេត្រីភាពបរិស្ថានដល់នីតិបុគ្គល និងរូបវន្តបុគ្គលទាំង៣៣រូបនេះ ក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
ក្នុងឱកាសនេះដែរ លោក ជួប ប៉ារីស៌ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានថ្លែងថា កម្មវិធី «លើកទឹកចិត្តមេត្រីភាពបរិស្ថាន» នេះរៀបចំឡើងក្នុងគោលបំណងដើម្បី លើកទឹកចិត្តដល់រូបវន្តបុគ្គល និងនីតិបុគ្គលដែលបានចូលរួមប្រតិបត្តិសកម្មភាពមេត្រីភាពបរិស្ថានឆ្នើម និងបន្តផ្សព្វផ្សាយ និងការចែករំលែកបទពិសោធន៍នៃការប្រតិបត្តិមេត្រីភាពបរិស្ថាន ដល់រូបវន្តបុគ្គល និងនិតិបុគ្គលផ្សេងៗទៀតបានយល់ដឹង និងប្រតិបត្តិតាម។
លោក ជួប ប៉ារីស៌ បានបន្តថា ការបញ្រ្ជាបការយល់ដឹង និងជំរុញការប្រតិបត្តិមេត្រីភាពបរិស្ថាន ដល់ស្រទាប់យុវជន ប្រជាសហគមន៍ សាធារណជន គឺជាសញ្ញាណវិជ្ជមានបំផុសឱ្យចូលរួមស្រឡាញ់ធម្មជាតិ គាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការរស់នៅដោយចីរភាពសម្រាប់ជាឧត្តមប្រយោជន៍យូរអង្វែង របស់ប្រជាជនកម្ពុជា។ ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានផលិតវីដេអូផ្សព្វផ្សាយពីសក្តានុពល និងសំរស់ នៃធនធានធម្មជាតិ ជីវចម្រុះ នៅកម្ពុជាបានចំនួន ៥០វីដេអូ ដែលទទួលបាននូវការចាប់អាម្មរណ៍ យ៉ាងខ្លាំងពីសាធារណៈជន តាមរយៈកំរងរូបភាពដ៏ល្អត្រកាលនេះ។
លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងប្រតិបត្តិករបរិស្ថានទាំងអស់ ដែលបានរួមគ្នាយ៉ាងសកម្មចំពោះបុព្វហេតុបរិស្ថាន កាយវិការនេះគឺស្តែងអោយឃើញនូវការយល់ពីកាតព្វកិច្ចទាំងអស់គ្នាដើម្បីកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព។
លោករដ្ឋមន្រ្តី បានបន្តថា បច្ចុប្បន្នក្រសួងបរិស្ថានបានផ្លាស់ប្តូរយុទ្ធសាស្រ្តក្នុងកិច្ចការងារបរិស្ថាន ក្រៅពីការអនុវត្តក្នុងក្របខណ្ឌផែនការយុទ្ធសាស្រ្តបរិស្ថានតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងក៏បានបញ្ជ្រាបចំណេះដឹងបរិស្ថាន សំដៅប្រតិបត្តិមេត្រីភាពបរិស្ថាន ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាមានផ្នត់គំនិតវិជ្ជមានចំពោះបរិស្ថាន តាមរយៈការផ្សព្វផ្សាយ រូបភាព ការផលិតនូវវីដេអូឯកសារ និងបទចម្រៀងបរិស្ថាន ដែលបង្ហាញពីសំរស់ធនធានធម្មជាតិ ជីវចម្រុះ ទេសភាពស្រុកយើង តំបន់ទេសភាពកំរ ពពួកសត្វស្លាប សត្វព្រៃកំរ និងជិតផុតពូជជាដើម។ ការងារនេះ ស្របពេលដែលកម្ពុជាកំពុងទទួលបានផ្លែផ្កានៃសុខសន្តិភាពពេញលេញ ប្រជាពលរដ្ឋកម្ពុជាកាន់តែយល់ដឹងពីសុមាលភាព សេចក្តីថ្លៃថ្នូរក្នុងការរស់នៅ ជាសង្គមស៊ីវិល័យ ចង់បានបរិស្ថានស្អាត ទើបបង្កលក្ខណៈអោយការបញ្ជ្រាបនូវចំណេះនៃកិច្ចគាំពារបរិស្ថានយើង ទទួលបានប្រសិទ្ឋភាពខ្ពស់។
លោក សាយ សំអាល់ បានបន្ថែមទៀតថា ដើម្បីឱ្យការគ្រប់គ្រងសំរាម សំណល់រឹង នៅទីប្រជុំជនប្រកបដោយប្រសិទ្ធភាព តល្លាភាព និងគណនេយ្យភាព ក្រសួងបរិស្ថានបានធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងសំរាម សំណល់រឹងទៅថ្នាក់ក្រោមជាតិទាំងបច្ចេកទេស និងថវិកា។ ជាងនេះទៅទៀត ក្រសួងបរិស្ថានក៏បានជំរុញ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការផ្សព្វផ្សាយតំបន់អេកូទេសចរណ៍ សំដៅធ្វើឱ្យសេដ្ឋកិច្ចមូលដ្ឋានកាន់តែល្អប្រសើរកាត់បន្ថយសំពាធបរិស្ថាន។
គួរបញ្ជាក់ថា កាលឆ្នាំ២០១៩ ក្រសួងបរិស្ថាន បានប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថានដល់ប្រតិបត្តិគំរូ ចំនួន១២រូប ជូនដល់ក្រុមការងារពាក់ព័ន្ធ នឹង គម្រោងរេដបូកជាតិ (REED+) ចំនួន ៤៨០រូប មន្រ្តីនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ មន្ទីរពាក់ព័ន្ធ និងយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា ដែលចូលរួមធ្វើអនាម័យបរិស្ថានក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នាឆ្នាំ២០១៩ ចំនួន៧០។
នាពេលថ្មីៗនេះ លោករដ្ឋមន្រ្តី សាយ សំអាល់ ក៏បានប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថានជូនដល់អ្នកថតរូប មេត្រីភាពបរិស្ថានឆ្នើមចំនួន ៣២រូបរ។ ទន្ទឹមគ្នានេះដែរ នាពេលកន្លងទៅនេះក្រុមការងារ បានចុះផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថានទៅដល់ទីតាំងរបស់ប្រតិបត្តិករផ្ទាល់មានដូចជា៖ សាលារៀន វត្តអារាម រោងចក្រសហគ្រាស និងធនាគារ សរុបចំនួន០៩ ប្រតិបតិ្តករ ក្នុងនោះដែរ មានរូបវន្ត បុគ្គលចំនួន០២រូប និងនីតបុគ្គលចំនួន ០៧៕