(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងសារនយោបាយសំខាន់មួយថា សម្តេចមានសមត្ថភាពក្នុងការរំលត់ភ្លើងសង្គ្រាម ប៉ុន្តែសម្តេចអត់មានសមត្ថភាពធ្វើជាគ្រូអាចារ្យ ក្នុងការប្រដៅណែនាំក្រុមប្រឆាំង ដែលជាក្រុមជនអគតិតែងតែប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ចង់ផ្តួលរំលំរាជរដ្ឋាភិបាល ឲ្យដើរមករកផ្លូវត្រូវវិញបានឡើយ។
សារនយោបាយរបស់សម្តេចប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញបន្តដំណើរចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំងទាំងនោះបានជេរអ្នកគាំទ្រគណបក្សប្រជាជនសុទ្ធតែយួន និងដាក់ចេញនយោបាយ «មានឯងអត់អញ មានអញអត់ឯង» ដែលប្រការនេះធ្វើឲ្យសម្តេចមិនអាចត្រាប្រណីចំពោះពួកគេបានទៀតទេ។ សម្តេចលើកឡើងថា ក្រុមប្រឆាំងថែមទាំងមិនមានចិត្តស្មោះសរ ក្នុងការធ្វើនយោបាយបម្រើជាតិ ជាមួយរាជរដ្ឋាភិបាលនោះដែរ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះ៖ «ខ្ញុំសូមបញ្ជាក់ជាសារថា ខ្ញុំមានលទ្ធភាពត្រឹមតែរំលត់ភ្លើងសង្គ្រាមប្រដាប់អាវុធតែប៉ុណ្ណោះ តែខ្ញុំអត់មានលទ្ធភាព ដើម្បីនឹងធ្វើគ្រូអាចារ្យប្រដៅមនុស្សមួយក្រុម ដែលប៉ុនប៉ងបំផ្លាញជាតិតាមរយៈ នៃសកម្មភាពបដិវត្តន៍ពណ៌នោះទេ។ អគ្គរដ្ឋទូតខ្លះ គេបាននិយាយជាមួយខ្ញុំថាឯកឧត្តម (សម្តេចតេជោ) ដោះស្រាយបានជាមួយនឹងទ័ពព្រៃ ខ្មែរក្រហម ប៉ុន្តែហេតុអ្វីបានជាឯកឧត្តម មិនអាចដោះស្រាយបានជាមួយនឹងពួកនេះ បាន (ក្រុមប្រឆាំង)។
«បងប្អូនទាំងឡាយអើយ បើអ្នកណាក៏សុទ្ធតែយួនទាំងអស់ ឲ្យតែដើរតាម ហ៊ុន សែន យួនទាំងអស់ហ្នឹងឲ្យធ្វើម៉េច? អ្នកណាក៏ដោយ ឲ្យតែគាំទ្ររាជរដ្ឋាភិបាល គាំទ្រគណបក្សប្រជាជនកម្ពុជា ក្លាយជាយួនទាំងអស់ អញ្ចឹងទេខ្ញុំអត់មានលទ្ធភាពទេ។ (ពួកគេ) ដាក់ចេញឡើងសុទ្ធតែនយោបាយ «មានឯងអត់អញ មានអញអត់ឯង» តើនរណាមានលទ្ធភាពនឹងធ្វើរឿងហ្នឹង? ខ្ញុំអត់មានលទ្ធភាពទេ»។
សម្តេចមានប្រសាសន៍បន្តថា សកម្មភាពរបស់ក្រុមប្រឆាំង ដែលមានមេឧទ្ទាមរត់ចោលស្រុក គឺជានយោបាយបំផ្លាញជាតិខ្មែរសុទ្ធសាធ ពោលពួកគេមិនមែនជាក្រុម ដែលមានទស្សនៈជួយអភិវឌ្ឍន៍ជាតិឡើយ។ សម្តេចថ្លែងថា បើក្រុមប្រឆាំងប្រើនយោបាយ មានឯងអត់អញ មានអញអត់ឯង បែបនេះ សម្តេចក៏មិនអាចបន្តរួមរស់ ជាមួយពួកគេបានដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហើបថា បាតុករមួយក្រុម ដែលធ្វើសកម្មភាពបាតុកម្ម នៅមុខស្ថានទូតចិន ស្ថានទូតអាមេរិក និងស្ថានទូតបរទេសមួយចំនួនទៀត ប្រចាំរាជធានីភ្នំពេញ ចំថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ដែលជាថ្ងៃខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺមានអ្នកបញ្ជាពីក្រោយខ្នង។ សម្តេចអះអាងថា សារសំឡេងនោះបញ្ជាពីអាមេរិក មករាជធានីភ្នំពេញ ប៉ុន្តែសម្តេចចាត់ទុកថា បញ្ជារបស់ពួកប្រឆាំងនៅក្រៅស្រុកទាំងនេះ គឺជាដើមចមដែលធ្វើឲ្យអ្នកប្រឆាំង នៅក្នុងស្រុកជាប់ពន្ធនាគារប៉ុណ្ណោះ ខណៈបាតុករខ្លះកំពុងត្រូវបានសមត្ថកិច្ចតាមស្រាវជ្រាវស្វែងរក។
«ខ្ញុំចង់បើកសារឲ្យស្តាប់បញ្ជាពីអាមេរិកមករាជធានីភ្នំពេញ អ្នកធ្វើបាតុកម្មនៅភ្នំពេញ ប៉ុន្តែបញ្ជាពីអាមេរិក។ នែក! ទៅឈរខាងនេះទូតចិនប៉ុន្មាន ហើយបន្ទាប់ទៅទូតអាមេរិកយ៉ាងម៉េច។ អញ្ចឹងរុញឲ្យអ្នកខាងក្នុងចូលគុក។ ហើយអាអ្នកខាងក្នុងមួយចំនួន ត្រូវសមត្ថកិច្ចតាមរកផង»។ នេះជាការបញ្ជាក់ របស់សម្តេចតេជោ ហ៊ុន សែន។
សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បានព្រមានធ្ងន់ៗទៅកាន់អ្នកដែលមានគម្រោងចង់ធ្វើបាតុកម្ម នៅមុខស្ថានទូតចិន ចំថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ខណៈអ្នកបញ្ជាឲ្យធ្វើបាតុកម្មនេះ កំពុងស្ថិតនៅក្រៅប្រទេស។ ទោះជាយ៉ាងនេះក្តី ក្រុមប្រឆាំងនៅតែមិនស្តាប់ ហើយថែមទាំងផ្គើន ក្នុងការប្រមូលផ្តុំគ្នាធ្វើសកម្មភាពពួកគេថែមទៀត។
ដោយសារមិនស្តាប់សារព្រមាននេះ យ៉ាងហោចណាស់មានក្រុមបាតុករចំនួន ៣នាក់ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញចាប់ខ្លួន។ មុនពេលចាប់ខ្លួន អាជ្ញាធរបានសំណូមពរ ឲ្យពួកគេបំបែកហ្វូងបាតុកម្មខុសច្បាប់ដែរ ប៉ុន្តែនៅតែបំពានការសំណូមពររបស់អាជ្ញាធរយ៉ាងអនាធិបតេយ្យ។
សូមរំលឹកដែរថា មានមនុស្សចំនួន ០៩នាក់ ដែលគេស្គាល់ថាជាអតីមន្ត្រីបក្សប្រឆាំងផ្កាប់មុខ ហើយភាគច្រើនពួកគេកំពុងរត់គេចខ្លួនពួនអាត្មា នៅក្រៅប្រទេសកំណើតរបស់ខ្លួន ត្រូវបានតុលាការចេញដីការបិទប្រកាស ឲ្យចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីដោះសារលើបទចោទក្នុងសំណុំរឿង «ឧបឃាត» ឬប៉ុនប៉ងធ្វើរដ្ឋប្រហារ ប្រព្រឹត្តនៅរាជធានីភ្នំពេញ។
ដីកាប្រកាសត្រូវបានសមត្ថកិច្ចយកទៅបិទជាប់របងអតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដែលមានទីតាំងស្ថិតនៅក្នុងទឹកដីខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបង្គាប់ឲ្យជនត្រូវចោទដែលមានឈ្មោះ ទី១៖ លោក សម រង្ស៉ី, លោក អេង ឆៃអៀង, លោក មួ សុខហួ, លោក អ៊ូ ចន្ទ័ប្ញទិ្ធ, លោក ហូ វ៉ាន់, លោក ឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ, លោក ជូឡុង សួមូរ៉ា និងលោក នុត រំដួល៕