(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បាននិយាយរំលឹកអំពីគុណបំណាច់របស់ភាគីពាក់ព័ន្ធដែលចូលរួមធ្វើឱ្យនយោបាយឈ្នះឈ្នះរបស់សម្តេចបានទទួលជោគជ័យ។ សម្តេចបានថ្លែងរំលឹកថា បើគ្មាន លោក អ៉ី ឈាន និង លោក សុក ភាព ដែលជាមេទ័ពរបស់ខ្មែរក្រហមចូលរួម កាលពីឆ្នាំ១៩៩៦ទេ ម្ល៉េះនយោបាយឈ្នះឈ្នះរបស់សម្តេចនឹងមិនទទួលបានជោគជ័យឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកបែបនេះ នៅក្នុងឱកាសដែល សម្តេចបានចុះជួបប្រជាពលរដ្ឋ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលជាតំបន់អតីតសង្គ្រាមដ៏ក្តៅគគុក នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នយោបាយឈ្នះឈ្នះ ដែលខ្ញុំបានដាក់ចេញ និងដឹកនាំដោយខ្ញុំផ្ទាល់ បើគ្មានតួអង្គ អ៉ី ឈាន និង សុក ភាព ទេប្រហែលជានយោបាយឈ្នះឈ្នះ មិនបានចេញជារូបរាងទេ ប៉ុន្តែអ្នកទាំងពីរនេះ អ៉ី ឈាន បានដឹកនាំកងពល៤១៥ នៅប៉ៃលិនបះបោរនៅទីនោះ សុក ភាព ដឹកនាំកងពល៤៥០ បះបោរនៅម៉ាឡៃនេះ នោះហើយជាការចាប់ផ្តើមនៃការអនុវត្តទ្រង់ទ្រាយធំ នៅក្នុងដំណើរការផ្តាច់ខ្លួន ដើម្បីរួមចំណែកនាំមកនូវសន្តិភាពទឹកដី និងការឯកភាពជាតិដំបូងក្នុងប្រវត្តិសាស្រ្តរាប់រយឆ្នាំរបស់កម្ពុជា»។
នយោបាយឈ្នះឈ្នះ ដែលទទួលបានជោគជ័យទាំងស្រុង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ត្រូវបានដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន ដើម្បីបើកការចរចាបញ្ចប់សង្គ្រាម។ មេទ័ពខ្មែរក្រហម២រូប គឺលោក អ៉ី ឈាន ដែលពេលនេះជារដ្ឋលេខាធិការក្រសួងការពារជាតិ និង លោក សុក ភាព អនុរដ្ឋលេខាធិការក្រសួងការពារជាតិ បានគាំទ្រ និងចូលរួមបះបោរប្រឆាំងនឹងប៉ុលពត ដែលជំរុញឱ្យមេដឹកនាំខ្មែរក្រហម អស់លទ្ធភាព និងទទួលយការចរចា បញ្ចប់សង្គ្រាមនាំមកនូវសន្តិភាពដូចសព្វថ្ងៃ។ ទោះជាយ៉ាងនេះក្តី នយោបាយឈ្នះឈ្នះ ក៏ទទួលបានការគាំទ្រពីគ្រប់ភាគីទាំងអស់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា៖ «ស្ថាបនិកសន្តិភាព មិនមែនមានតែខ្ញុំម្នាក់ទេ គឺប្រតិបត្តិករទាំងអស់សុទ្ធតែមានចំណែក មិនថាប្រតិបត្តិករពីខាងសំណាក់រាជរដ្ឋាភិបាលទេ អ្នកនៅក្នុងជួរដែលបានផ្តាច់ខ្លួនចូលរួមជាមួយរាជរដ្ឋាភិបាល គឺសុទ្ធតែមានចំណែកទាំងអស់»។
សម្តេចបានបន្តថា បើគិតពីសមាហរណកម្មឆ្នាំ១៩៩៦ រហូតដល់ពេលនេះ មានរយៈពេល២៤ឆ្នាំ បានប្រែក្លាយស្រុកម៉ាឡៃ ដែលជាតំបន់ក្តៅគគុក ទៅជាតំបន់មានការអភិវឌ្ឍមួយ ដែលនេះបង្ហាញអំពីមោទនភាពរបស់ជាតិសាសន៍កម្ពុជា។
សម្តេចបានថ្លែងថា ប្រសិនបើពេលនោះ មិនមានការធ្វើសមាហរណកម្មតាមរយៈនយោបាយឈ្នះឈ្នះ និងតាមតួអង្គពាក់ព័ន្ធ ក្នុងការរួមចំណែកនៃសន្តិភាព តាមរយៈការផ្តាច់ខ្លួនចេញពីអង្គការចាត់តាំងនយោបាយខ្មែរក្រហម ហើយមករួមរស់ជាមួយនឹងរាជរដ្ឋាភិបាល ដោយសមាហរណកម្មនៅពេលនោះ ប្រហែលជាពេលនេះយើងគ្មានលទ្ធភាពជួបមុខគ្នាទេ ហើយសង្គ្រាមនៅតែបន្តមិនឈប់ឈរ ដែលមិនត្រឹមតែម៉ាឡៃទេ ដែលមានសង្គ្រាម សូម្បីតែតំបន់ជុំវិញក៏មិនបានសុខដែរ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រទេសមួយចំនួនមិនទាន់បញ្ចប់ដោយជម្លោះប្រដាប់អាវុធនៅឡើយទេ ដូចជានៅប្រទេសហ្វីលីពីន មីយ៉ាន់ម៉ា និងនៅភាគខាងត្បូងប្រទេសថៃ តែកម្ពុជាបានបញ្ចប់ទាំងស្រុង ដែលតំបន់ម៉ាឡៃ និងតំបន់មួយចំនួន ចប់នៅឆ្នាំ១៩៩៦ និងឈានទៅចប់បញ្ចប់ទាំងស្រុងនៅចុងឆ្នាំ១៩៩៨៕