(បន្ទាយមានជ័យ)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បានប្រគល់ សម្ភារប្រើប្រាស់មួយចំនួន ជូនដល់សាលាខេត្តបន្ទាយមានជ័យ ដើម្បីទុកជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ដែលជាជំនួយរបស់អង្គការ JICA។
សម្ភារ ដែលសាលាខេត្តបន្ទាយមានជ័យ ទទួលបានរួមមាន៖ តង់វែង៤៦តង់, តង់ដេក៦៣កេះ គុណ២ ស្មើ២៦តង់, ភួយ១៦ដុំ គុណ៣០ ស្មើ៤៨០ភួយ, កំរាលដេក៥០កេះ គុណ១០ ស្មើ៥០០ កំរាល, ដុំព្រីភ្លើង២ដុំ, ម៉ាស៊ីនភ្លើង២គ្រឿង, ស្នប់ចំរោះទឹក១០, ថុងទឹក១០លីត្រ ២កេះ គុណ៥០ ស្មើ១០០ថុង។
ក្នុងឱកាសនេះ ទេសរដ្ឋមន្ដ្រី គន់ គីម តំណាងឲ្យរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានគោរពថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលបានផ្ដល់ជំនួយទាំងអស់នេះ ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាបណ្ដាខេត្តផ្សេងៗ។
បើតាមទេសរដ្ឋមន្ដ្រី គន់ គីម បានគូសបញ្ជាក់ថា នេះគ្រាន់តែជាជំនួយលើកទី១ ដែលអាចនឹងមានមកជាបន្ដបន្ទាប់ទៀត។
លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ដែលបានចាត់ចែងបែងចែក នូវជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA មកខេត្តបន្ទាយមានជ័យ។
លោក អ៊ុ រាត្រី បានគូសបញ្ជាក់ថា ជំនួយទាំងនេះ ជាការរួមចំណែក ជួយសម្រាលនូវការលំបាកមួយកម្រិតទៀត នៅខេត្តបន្ទាយមានជ័យ ជាពិសេសជួយសម្រាលការលំបាក របស់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះទឹកជំនន់។
អភិបាលខេត្តបន្ទាយមានជ័យ បានបន្ថែមទៀតថា សម្ភារទាំងអស់នេះ នឹងឆ្លើយតបបានទាន់ពេលវេលា និងឆ្លើយតបចំពោះមុខ នៃការលំបាករបស់ប្រជាពលរដ្ឋ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលកំពុងលិចលង់ដោយគ្រោះទឹកជំនន់ ប្រមាណជាង៤ម៉ឺនគ្រួសារ៕