(ព្រះសីហនុ)៖ មុខសញ្ញាដែលធ្វើសកម្មភាពដើរកាត់ខ្សែភ្លើង ដាក់អំពូលបំភ្លឺតាមផ្លូវសាធារណៈ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវកម្លាំងនគរបាលខេត្តព្រះសីហនុ តាមស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនជនដៃដល់២នាក់ផងដែរ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅក្រុមទី៧ ភូមិ១ សង្កាត់លេខ៣។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានទទួលបណ្តឹងតំណាងឲ្យក្រុមហ៊ុន P.P.D ឈ្មោះ ថៅ ស៉ីណាត អាយុ២៩ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្រុមទី10 ភូមិ3 សង្កាត់លេខ3 ក្រុង-ខេត្តព្រះសីហនុ ប្តឹងរាយការណ៍ថា មានជនមិនស្គាល់មុខពេលយប់ឡើង បានលួចកាត់យកខ្សែភ្លើង ដែលដាក់អំពូលបំភ្លឺតាមផ្លូវចំនួន០៤លើក។
*លើកទី១៖ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ នៅផ្លូវ២៨ មិថុនា ក្រុមទី៨ ភូមិ១ សង្កាត់លេខ៣ កាត់យកអស់ប្រវែង២១០ម៉ែត្រ
*លើកទី២៖ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នៅផ្លូវបូរីគុជអាស៉ី ក្រុមទី៨ ភូមិ១ សង្កាត់លេខ៣ កាត់យកអស់ប្រវែង១៤០ម៉ែត្រ
*លើកទី៣៖ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ នៅផ្លូវបូរីគុជអាស៉ី ក្រុមទី៨ ភូមិ១ សង្កាត់លេខ៣ កាត់យកអស់ប្រវែង១០៥ម៉ែត្រ
*លើកទី៤៖ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នៅផ្លូវ៦០២ កែងផ្លូវ២៨ មិថុនា កាត់យកអស់ប្រវែង២១០ម៉ែត្រ។
ក្រោយទទួលបានពាក្យបណ្ដឹង លុះមកដល់ថ្ងៃទី២៤ ខែតលា ឆ្នាំ២០២០នេះ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ នៅក្នុងផ្ទះចាំដីមួយកន្លែងក្រុមទី៧ ភូមិ១ សង្កាត់លេខ៣ ទី១៖ឈ្មោះ ហ៉ិន ភណ្ឌ អាយុ៣២ឆ្នាំ (ជនដៃដល់ក្នុងអំពើលួចកាត់ខ្សែភ្លើង) និងទី២៖ឈ្មោះ សន ម៉ាប់ អាយុ២៥ឆ្នាំ រីឯបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួន (ជាអ្នកសមគំនិត)។
វត្ថុតាងចាប់យកមានខ្សែភ្លើងស្ពាន់ពណ៌ក្រហម ប្រវែង១ម៉ែត្រ ចំនួន៧កំណាត់, សំបកខ្សែភ្លើងមួយចំនួន, កាំបិតតាំងតោសម្រាប់សកខ្សែភ្លើង១ និងដែកភ្លើងសម្រាប់រូលខ្សែភ្លើង១។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សន ម៉ាប់ បានឲ្យដឹងថា រយៈពេលកន្លងមកពួកគេមានគ្នា៣នាក់ ដែលតែងតែដើរលួចយកដែក, ខ្សែភ្លើង និងគ្រឿងសំណង់ដែលគ្នា៥នាក់ចាំ ជាក់ស្តែងឈ្មោះ ហ៉ិន ភណ្ឌ និងឈ្មោះ វុធ (គេចខ្លួន) កាលពីយប់មិនចាំក្នុងខែតុលា ឆ្នាំ២០២០ ដើរទៅលួចកាត់ខ្សែភ្លើង នៅចំណុចផ្លូវកែង៦០២ កែងផ្លូវ២៨ មិថុនា (ជាខ្សែភ្លើងរបស់រដ្ឋសម្រាប់តបំភ្លឺផ្លូវ) ពេលលួចបានពួកគាត់បានដឹកតាមរ៉ឺម៉កយកទៅផ្ទះដែលពួកខ្លួនស្នាក់នៅ ពេលដឹកដល់ ពួកខ្លួនជួយសកសំបកយកស្ពាន់ពណ៌ក្រហមបានហើយ ឈ្មោះ ហ៉ិន ភណ្ឌ ជាអ្នកយកទៅលក់ បានប្រាក់ចែកគ្នាចាយទិញគ្រឿងញៀនជក់ និងទិញអាហារហូបទាំងអស់គ្នា។
បន្ទាប់មកបានធ្វើការពិនិត្យទឹកនោម ជាលទ្ធផលឃើញថា ជនសង្ស័យទាំងពីរនាក់ ពិតជាបានប្រើប្រាស់ថ្នាំញៀនពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕