(ភ្នំពេញ)៖ លោក Haiko Vandermarel ប្រធានមជ្ឈមណ្ឌលវេជ្ជសាស្ដ្រ Intercare Medical Center បានផ្ដួចផ្ដើមបង្កើតកម្មវិធីបរិច្ចាគឈាមសង្គ្រោះជីវិតអ្នកជំងឺ ដែលត្រូវការឈាមជាចាំបាច់ដើម្បីរស់រានមានជីវិត។

លោក Haiko Vandermarel បានថ្លែងថា ការដឹកនាំបុគ្គលិកស្ម័គ្រចិត្តជាច្រើនរូប ចូលរួមបរិច្ចាគឈាម ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម គឺដើម្បីចូលរួមជួយសង្គ្រោះជីវិតអ្នកជំងឺ ដែលកំពុងខ្វះខាត និងត្រូវការឈាមជាចាំបាច់។

លោកបន្ដថា «ខ្ញុំសប្បាយចិត្ដណាស់ ដែលបានបង្កើតកម្មវិធីបរិច្ចាគឈាម ជួយសង្រ្គោះជីវិតពលរដ្ឋកម្ពុជា ដោយមានសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម របស់ក្រសួងសុខាភិបាល»

មូលហេតុចម្បងដែលបង្កើតកម្មវិធីនេះឡើង គឺដោយតែសង្កេតឃើញថានៅកម្ពុជា ក៏ដូចជាទូទាំងសកលលោក មានអ្នកស្លាប់ដោយសារខ្វះឈាម ឬគ្រោះថ្នាក់សុខភាពណាមួយកើតមានឡើង ដូចជាគ្រោះថ្នាក់ចរាចរណ៍ជា ជំងឺស្លេកស្លាំងធ្ងន់ធ្ងរ និងវះកាត់ដែលធ្វើឱ្យបាត់បង់ឈាមច្រើន។ មិនថាតែនៅកម្ពុជាទេ នៅតាមបណ្ដាប្រទេសក៏តែងតែខ្វះខាតឈាម ដើម្បីជួយសង្គ្រោះអ្នកដែលត្រូវការឈាម ដើម្បីរស់រានមានជីវិតដែរ។

លោក Haiko Vandermarel បានបញ្ជាក់ថា ការបរិច្ចាគឈាមមិនត្រឹមតែអាចជួយសង្គ្រោះជីវិតអ្នកជំងឺ និងសង្គមជាតិប៉ុណ្ណោះទេ វាថែមទាំងផ្តល់អត្ថប្រយោជន៍ សម្រាប់លោកអ្នកដែលចូលរួមបរិច្ចាគផងដែរ។ ការផ្តល់ឈាមធ្វើឲ្យសរីរាង្គ ក្នុងខ្លួនមនុស្សបង្កើនការបង្កើតគោលិកាក្រហមឡើងវិញជាស្វ័យប្រវត្តិ។

លោកថ្លែងអំណរគុណសម្រាប់អ្នកចូលរួមផ្ដល់ឈាមនៅថ្ងៃនេះ៖ «យើងនឹងបន្ដបង្កើតកម្មវិធីបរិច្ចាគឈាមនេះ បន្ដទៀត ព្រោះការផ្ដល់ឈាម គឺងាយស្រួល ហើយជួយសង្គ្រោះជីវិតមនុស្សបាន ជាពិសេសមិនប៉ះពាល់ថែមទាំងធ្វើឱ្យយើងមានសុខភាពល្អថែមទៀត»។

ក្នុងចំណោមអ្នកផ្ដល់ឈាមខាងលើនោះ បានលើកឡើងស្រដៀងៗគ្នា ការផ្ដល់ឈាមនេះ គឺជាការផ្ដល់ជីវិតដល់អ្នកជំងឺ ដែលត្រូវការឈាមដើម្បីរស់ ហើយមិនធ្វើឱ្យយើងមានវិប្បដិសារី និងការសោកស្ដាយ ដោយយើងទុកឱ្យជំងឺស្លាប់ដោយសារខ្វះឈាម។

ក្នុងឱកាសនោះ លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងថា ក្នុងនាមមជ្ឈមណ្ឌលជាតិ ផ្ដល់ឈាមនៃក្រសួងសុខាភិបាល មន្ដ្រីរាជការ បុគ្គលិកទាំងអស់ «នាងខ្ញុំរីករាយណាស់ ចំពោះសប្បុរស ជនទាំងអស់ ដែលបានធ្វើអំណោយទានសម្រាប់ជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ និងមិនគិតកម្រៃ រួមចំណែក ជួយង្គ្រោះជីវិតជនរងគ្រោះដោយក្ដីសប្បុរស»

ជាពិសេស សូមថ្លែងអំណរគុណដល់ លោក Haiko Vandermarel ដែលបានផ្ដួចផ្ដើមបង្កើតកម្មវិធីផ្ដល់ឈាមដោយស្ម័គ្រចិត្ដ ដើម្បីសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ដើម្បីរស់រានមានជីវិតឡើងវិញ។

លោកស្រីសង្ឃឹមថា នៅថ្ងៃអនាគត Olympia Medical Hub នឹងសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្នុងការផ្ដល់ឈាមដោយស័្មគ្រចិត្ដបន្ដទៀត ។សម្រាប់ការបរិច្ចាគឈាមនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ យើងបានទទួលបានអ្នកបរិច្ចាគឈាមជាង១០០នាក់ផងដែរ ។

លោកស្រីថ្លែងបញ្ជាក់ថា «៩ខែ ឆ្នាំ២០២០នេះ អ្នកមកផ្ដល់ឈាម ៥៤,០០០នាក់។ ដោយសារឆ្នាំនេះ នៅលើសកលលោក រួមទាំងកម្ពុជា ស្ថិតនៅក្នុងស្ថានភាពជំងឺកូវីដ ការផ្ដល់ឈាមដោយស្ម័គ្រចិត្ដ មានការធ្លាក់ចុះបន្ដិច បានតែ១៥%ប៉ុណ្ណោះ សម្រាប់ការផ្ដល់ឈាមប្ដូរតាមរយៈយកទៅជួយក្រុមគ្រួសារមាន៨៥%»

ដូច្នេះ ការឆ្លើយតបទៅនឹងតម្រូវការឈាមមិនគ្រប់គ្រាន់ឡើយ សម្រាប់ជួយសង្គ្រោះអ្នកជំងឺ ដែលត្រូវការឈាមជាចាំបាច់។ លោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមផ្ដល់ឈាមដោយស័្មគ្រចិត្ដ ដើម្បីគាំពារសុវត្ថិភាពឈាម និងមានចំនួនឈាមគ្រប់គ្រាន់ ឱ្យដូចនៅតាមបណ្ដាប្រទេសផងដែរ។

លោកស្រីវេជ្ជបណ្ឌិត មើក សាមាន លើកឡើងទៀតថា ប្រសិនបើប្រជាពលរដ្ឋយើង បានចូលរួមទាំងអស់រង្វង់១% នៃចំនួនប្រជាពលរដ្ឋទូទាំងប្រទេស មជ្ឈមណ្ឌលជាតិផ្ដល់ឈាម មិនខ្វះឈាម ហើយឈាមមានគុណភាពថែមទៀតផង។ ព្រោះប្រជាពលរដ្ឋ ជាវត្ថុធាតុដើមនៃឈាម ដោយឈាមមិនមានរោងចក្រផលិតបានទេ ដូច្នេះសូមដើរចូលរួមផ្ដល់ឈាមទាំងអស់គ្នា ទើបមិនចាំបាច់តម្រូវការផ្ដល់ឈាមភ្លាមៗដើម្បីប្ដូរយកឈាម ទៅជួយគ្រួសាររបស់ខ្លួននោះទេ។

លោកស្រីបានពន្យល់ពីអត្ថប្រយោជន៍ផ្នែកសុខភាពនៃការបរិច្ចាគឈាមថា៖

*ការបរិច្ចាគឈាមម្ដង ទទួលបានការពិនិត្យពិគ្រោះសុខភាពម្ដង ឲ្យយើងបានដឹងពីជំងឺ៖ ថ្លើមប្រភេទ បេ សេ ស្វាយ អេដស៍-ល- ហើយក្រុមការងារនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាមលាក់ការសម្ងាត់ជូន។

* វាជួយកាត់បន្ថយផងដែរនូវហានិភ័យនៃជម្ងឺមហារីកនានា

* កាត់បន្ថយកំហាប់ឈាមនិងការលើសជាតិដែកដែលធ្វើឲ្យមានផលប៉ះពាល់ ដល់ថ្លើមនិងលំពែង។

* ជួយធ្វើឲ្យប្រសើរឡើងនូវ សុខភាពបេះដូង បន្ថយការឡើងទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។

* អ្នកនឹងមានភាពសប្បាយរីករាយ នៅពេលអ្នកអាចក្លាយជាជំនួយការខានមិនបានម្នាក់សម្រាប់ វេជ្ជបណ្ឌិតក្នុងការសង្គ្រោះជីវិតអ្នកជំងឺ។ ការកិច្ចបរិច្ចាគឈាម មិនប៉ះពាល់ដល់សុខភាពទេ៕