(ព្រះវិហារ)៖ ផ្លូវជាតិលេខ៩៤ ពីស្រុកឆែបទៅឃុំកំពង់ស្រឡៅ ជាប់ព្រំដែនប្រទេសឡាវ ត្រូវបានជួសជុលឡើងវិញ បន្ទាប់ពីរងការខូចខាតនៅកន្លែងមួយចំនួនដោយសារជំនន់ទឹកភ្លៀង ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានធ្វើដំណើរដោយស្រួល។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះថា ផ្លូវជាតិលេខ៩៤ ពីស្រុកឆែបទៅឃុំកំពង់ស្រឡៅមួយ ឃុំកំពង់ស្រឡៅពីរ ជាប់ព្រំដែនឡាវមានប្រវែង៦៥គីឡូម៉ែត្រ ផ្លូវនេះជាប្រភេទផ្លូវក្រាលគ្រួសក្រហម។
លោកបន្តថា នៅរដូវវស្សានេះ ទឹកភ្លៀងបានធ្លាក់ជោគជាំធ្វើឲ្យផ្លូវនេះរងការខូចខាតដោយកន្លែង ដែលធ្វើឲ្យពិបាកធ្វើដំណើរ តែពេលនេះក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនបានធ្វើការជួសជុលផ្លូវនេះឡើងវិញរួចរាល់ អាចឲ្យប្រជាពលរដ្ឋធ្វើដំណើរដោយស្រួលបានវិញហើយ។
លោកបញ្ជាក់ថា នៅពេលខ្លីខាងមុខនេះ ក្រុមការងារថែទាំជួសជុលផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នឹងបន្តការជួសជុលផ្លូវជាតិលេខ៩២ ផ្លូវជាតិលេខ៩៥ ក៏ដូចជាផ្លូវជាច្រើនខ្សែរទៀត ក្នុងទិសដៅឲ្យប្រជាពលរដ្ឋបានធ្វើដំណើរដោយស្រួល ប៉ុន្តែមកដល់ថ្ងៃនេះ ផ្លូវខ្លះទឹកមិនទាន់ស្រកអស់នោះទេ។
លោកបានធ្វើការរំលឹកថា ដោយអនុវត្តន៍តាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក្នុងអំឡុងពេលដែលមានគ្រោះទឹកជំនន់ មន្ទីរបានត្រៀមលក្ខណៈចាត់ចែងក្រុមការងារ ឈរជើងតាមទីតាំងមួយចំនួនមានគ្រឿងចក្រ និងសម្ភារគ្រប់គ្រាន់ ក្នុងលក្ខណៈត្រៀមអន្តរាគមន៍ជួយសង្រ្គោះប្រជាពលរដ្ឋមិនឲ្យរងគ្រោះដោយទឹកជំនន់នោះទេ។
លោកបានបន្ថែមថា ក្នុងស្ថានភាពគ្រោះទឹកជំនន់ ក្រុមការងារថែទាជួសជុលផ្លូវថ្នល់ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅតែបន្តធ្វើសកម្មភាព ក្នុងទិសដៅរក្សាការពារមិនឲ្យផ្លូវខូច ពិសេសមិនឲ្យផ្លូវពីក្រលុកសំបុកមាន់ ក្លាយជាថ្លុកឫអូរនោះទេ ហើយសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា ដើម្បីជាប្រយោជន៍ឲ្យការប្រើប្រាស់បានយូរអង្វែង និងកុំដឹកលើសទម្ងន់ជាដាច់ខាត៕