(កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០២នេះ បានដឹកក្រុមការងារនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះជំនន់ទឹកភ្លៀងចំនួន ១១១គ្រួសារ មកពី៨ភូមិ នៃឃុំត្នោតជុំ ស្រុកបារាយណ៍ ខណៈប្រជាពលរដ្ឋបានបង្ហាញក្ដីរំភើប និងកក់ក្ដៅចំពោះការយកចិត្តទុកដាក់របស់ក្រុមការងារចុះមូលដ្ឋាន ទោះបីថារងផលប៉ះពាល់ដោយគ្រោះធម្មជាតិនេះក៏ដោយ។
នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជម្រាបដល់ប្រជាពលរដ្ឋ ដែលសម្ដេចទាំងទ្វេតែងតែនឹករឭក និងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ខណៈដែលសម្ដេចតេជោក៏កំពុងចុះជួយប្រជាពលរដ្ឋនៅខេត្តភាគពាយព្យ ដែលរងផលប៉ះពាល់ខ្លាំងជាងគេផងដែរ។
លោកបានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងមានទម្លាប់ចុះជួយប្រជាពលរដ្ឋដែលជួបការលំបាកជានិច្ច ដាច់ខាតមិនដែលរត់ចោលប្រជាពលរដ្ឋ ឬឱ្យប្រជាពលរដ្ឋរត់ទៅរកសម្ដេចវិញឡើយ «ទីណាមានប្រជាពលរដ្ឋជួបទុក្ខ ទៅនោះមានមុខសម្ដេចតេជោ ហ៊ុន សែន»។ លោកថា គណបក្សប្រជាជនកម្ពុជាមានពាក្យស្លោកមួយឃ្លា និងតែងអនុវត្តជារៀងរហូតមក នោះគឺ «ស្រលាញ់ជាតិ គឺជួយប្រជាជន»។
លោក ថោង ខុន លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវរក្សាទឹកទុកសម្រាប់ប្រើប្រាស់ទៅថ្ងៃមុខ និងទុកក្នុងស្រែដើម្បីឱ្យស្រូវមានការលូតលាស់ល្អ ពិសេសត្រូវត្រៀមស្រូវពូជ ាឬគ្រាប់ពូជដំណាំផ្សេងទៀត ដើម្បីបង្កបង្កើនផលនៅរដូវក្រោយ។ ជាមួយគ្នានោះ លោកបានផ្ដាំផ្ញើទៅកាន់ប្រធានការិយាល័យកសិកម្មស្រុកបារាយណ៍ត្រូវសហការជាមួយអាជ្ញាធរ ដើម្បីត្រៀមអន្តរាគមន៍ជួយប្រជាពលរដ្ឋអំពីការងារនេះឱ្យបានដិតដល់។
លោករដ្ឋមន្ត្រីបានក្រើនរំឭកបន្ថែមដល់ប្រជាពលរដ្ឋឱ្យត្រូវចូលរួមថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត និងប្រកបដោយអនាម័យខ្ពស់។ ម្យ៉ាងទៀត ក៏ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តវិធានសុវត្តិភាព និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឱ្យបានល្អ។
លោកបានបន្តដាស់តឿនដល់មន្ត្រីមូលដ្ឋាន ពិសេសក្រុមការងារចុះមូលដ្ឋាន យុវជនបក្ស សាខាបក្សតាមភូមិ ប្រសិនបើមូលដ្ឋានណាមួយ ស្ថានភាពទឹកស្រកចុះទៅវិញហើយ ត្រូវត្រៀមជួសជុល ឬដោះស្រាយទៅតាមភាពជាក់ស្ដែង ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។
គួរបញ្ជាក់ថា អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង ១១១គ្រួសារខាងលើនោះ ក្នុងមួយគ្រួសារទទួលបានអង្ករ ១បាវ (២៥គីឡូក្រាម) មី ១កេស ទឹកបរិសុទ្ធ ១កេស ត្រីខ ១យួរ ទឹកត្រី ឬទឹកស៉ីអ៉ីវ ១យួរ និងថ្នាំ Tiffy ៥បន្ទះ។
បន្ទាប់ពីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខាងលើនេះ លោក ថោង ខុន ក៏បានដឹកនាំក្រុមការងារបន្តចុះពិនិត្យស្ថានភាពទឹក ស្រែស្រូវ ផ្លូវធ្វើដំណើរ ព្រមទាំងចុះសួរសុខទុក្ខ និងចែកជូនអំណោយមួយចំនួនទៀតជូនប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះដែលត្រូវទឹកជំនន់លិចផងដែរ៕