(ភ្នំពេញ)៖ គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានសហការជាមួយក្រុមហ៊ុន អេស៉ីលីដា ស៉ីឃ្យួរឹធី ភីអិលស៉ី និងធនាគារ អេស៉ីលីដា ភីអិលស៉ី បើកវគ្គបណ្តុះបណ្តាលដល់វិនិយោគិនក្នុងវិស័យមូលបត្រ ក្រោមប្រធានបទស្តីពី «ឱកាសចំណេញក្នុងការវិនិយោគលើមូលបត្រ»។
វគ្គបណ្តុះបណ្តាលនេះ ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងបន្ថែម ពាក់ព័ន្ធនឹងក្របខណ្ឌផ្សារមូលបត្រ ក្នុងការធានាទំនុកចិត្តរបស់វិនិយោគិន, មូលដ្ឋានគ្រឹះនៃការវិនិយោគ និងយុទ្ធសាស្រ្តជួញដូរមូលបត្រជូនដល់វិនិយោគិន និងសាធារណជន។
វគ្គបណ្តុះបណ្តាលធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ឈុន សម្បត្តិ អគ្គនាយករង នៃគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) តំណាងលោក ស៊ូ សុជាតិ អគ្គនាយកនៃ គ.ម.ក. និងលោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៉ីលីដា។
ក្នុងឱកាសនោះ លោកបណ្ឌិត អ៉ិន ចាន់នី បានថ្លែងថា តាមរយៈសិក្ខាសាលានេះ គេនឹងបានដឹងកាន់តែច្បាស់ពីឱកាសចំណេញ ក្នុងការវិនិយោគក្នុងវិស័យមូលបត្រ យុទ្ធសាស្ត្រក្នុងការជួញដូរក្នុងវិស័យមូលបត្រ មូលដ្ឋានគ្រឹះក្នុងការវិនិយោគក្នុងវិស័យមូលបត្រ មូលដ្ឋានគ្រឹះ និងបច្ចុប្បន្នភាព ក្នុងទីផ្សារមូលបត្រ ព្រមទាំងវឌ្ឍនភាពធនាគារអេស៉ីលីដាផងដែរ។
លោកសង្ឃឹមយ៉ាងមុតមាំថា នឹងមានវិនិយោគិន និងសាធារណជនជាច្រើន ចាប់អារម្មណ៍លើការវិនិយោគ នៅក្នុងវិស័យមូលបត្រកម្ពុជាទៀតផង។
គួរបញ្ជាក់ថា ធនាគារ អេស៉ីលីដា ភីអិលស៉ី ជាធនាគារពាណិជ្ជទី១ នៅក្នុងប្រវត្តិសាស្ត្រទីផ្សារមូលបត្រនៅកម្ពុជា ដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) នៅផ្សារមូលបត្រកម្ពុជា។ ភាគហ៊ុនរបស់ធនាគារអេស៉ីលីដា ជាង៤លានហ៊ុន ស្មើនឹង១ភាគរយនៃភាគហ៊ុនសរុបរបស់ធនាគារ ត្រូវបានចុះបញ្ជីលក់ នៅផ្សារមូលបត្រកម្ពុជា។
តម្លៃនៃការជួញដូរមូលបត្រជាសាធារណៈលើកដំបូង (IPO) របស់អេស៉ីលីដា មានតម្លៃ១៦,២០០រៀលក្នុង១ហ៊ុន។ តម្លៃ IPO នេះ ធ្វើធនាគារប្រមូលទុនប្រមាណជាង១៧លានដុល្លារ។
បើតាមលោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាហិរញ្ញវត្ថុ និងជាមន្រ្តីទំនាក់ទំនងសាធារណៈ បានសង្កេតឃើញថា ដំណើរការនៃការទិញលក់របស់វិនិយោគិន នៅក្នុងទីផ្សារមូលបត្រ មានភាពសកម្មបន្ទាប់ពីធនាគារអេស៉ីលីដា ចូលក្នុងផ្សារមូលបត្រនេះ។
លោកស្រីថ្លែងទៀតថា ពេលអេស៉ីលីដាចូលភ្លាម សង្កេតឃើញស្ទើរតែជាង៩០ភាគរយហើយ ដែលមានសកម្មភាពទិញលក់ នៅក្នុងមូលបត្រកម្មសិទ្ធិរបស់អេស៉ីលីដា។ លោកស្រីថា ការទិញលក់មូលបត្រកម្មសិទ្ធិ របស់អេស៉ីលីដា ជាមធ្យមប្រហែលជាង២ម៉ឺនហ៊ុនក្នុងមួយថ្ងៃ។
សម្រាប់លោក ឈុន សម្បត្តិ បានសម្តែងមោទនភាព ពេលដែលឃើញកំណើនជួញដូរ ក្នុងផ្សារមូលបត្រកើនឡើងជាងមុន បន្ទាបពីធនាគារអេស៉ីលីដា ចូលក្នុងផ្សារមួយនេះ៕