(កំពត)៖ លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី អគ្គនាយករង នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ និងលោកស្រី ហ៉ឹម ច្រឹប ព្រមទាំងក្រុមគ្រួសារ និងសហការី ចូលរួមប្រកបដោយសុទ្ធាជ្រះថ្លា ផ្ដើមជាអង្គកឋិនទាន ប្រមូលបច្ច័យ ត្រៃចីវរ និងគ្រឿងបរិក្ខារ ដង្ហែទៅវេរប្រគេនព្រះសង្ឃ ក្នុងពុទ្ធសីមាវត្តព្រែកអំពិល ស្ថិតនៅក្នុងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ។
ពិធីបុណ្យកឋិនទាននេះ បានប្រារព្ធធ្វើតាមគន្លងប្រពៃណីព្រះពុទ្ធសានា ដោយនៅវេលាល្ងាច ថ្ងៃសុក្រ ៧កើត ខែកក្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ និមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត និងសម្ដែងព្រះធម៌ទេសនា លុះព្រឹកថ្ងៃ ៨កើត ខែ-ឆ្នាំដដែល ត្រូវនឹងថ្ងៃទី១៨ ខែតុលា ជួបជុំអ្នកផ្តើមបុណ្យ និងពុទ្ធបរិស័ទជិតឆ្ងាយ ប្រារព្ធពិធីដង្ហែអង្គកឋិនទានសាមគ្គី រួចវេរប្រគេន ព្រះសង្ឃក្រាលគ្រង តាមពុទ្ធានុញ្ញាតិ និងពុទ្ធបញ្ញាត្តិ។
លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី និងលោកស្រី ហ៉ឹម ច្រឹម និងអ្នកផ្តើមបុណ្យទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ទាំងអស់ ដែលបានអញ្ជើញចូលរួម និងបានចូលបច័្ចយ ដល់អង្គកឋិនទាន និងសូមឧទ្ទិសកុសលផលបុណ្យ ដែលកើតចេញពីអង្គកឋិនទាននេះ។ បច្ច័យដែលប្រមូលបានពីអង្គកឋិនសាមគ្គីនេះ គឺមានចំនួន ជាង៥៦លានរៀល ដែលបច្ច័យទាំងអស់នេះ តម្កល់ទុកកសាងសមិទ្ធផលនានា ក្នុងវត្តព្រែកអំពិលខាងលើ។
ក្នុងឱកាសជួបជាមួយអស់លោក លោកស្រី និងពុទ្ធបរិស័ទនាពេលនេះ លោក មាស ប៊ុនឡី បានកោតសរសើរ ចំពោះអាជ្ញាធរថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ គ្រប់ថ្នាក់ គ្រប់ផ្នែក និងប្រជាពលរដ្ឋ ព្រះសង្ឃ ក្នុងមូលដ្ឋានពិសេសក្នុងខេត្តកំពតទាំងមូល ដែលបានសហការគ្នាយ៉ាងល្អប្រសើរ ក្នុងដំណើរកិច្ចអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ រក្សាបាននូវស្ថេរភាពសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងសង្គម ធានាបាននូវ សុខសុវត្ថិភាព និងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយជីវភាពសុខដុមរមនាយ៉ាងពិតប្រាកដ ក្នុងមូលដ្ឋានខេត្តកំពត។
លោក មាស ប៊ុនឡី បានបន្តថា ភាពរីកចម្រើនរបស់ប្រទេសជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងក្ដីសប្បាយរីករាយ និងលូតលាស់រីកចម្រើនទាំងអស់ ដូចសព្វថ្ងៃនេះ គឺផ្ដើមចេញនូវមូលដ្ឋានគ្រឹះ នៃនយោបាយឈ្នះឈ្នះក្រោមម្លប់ នៃសុខសន្តិភាព ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស យ៉ាងពេញបរិបូណ៌។
ដោយឡែក សម្រាប់សមិទ្ធផលនានានៅមូលដ្ឋាន ក្នុងឃុំកោះតូចស្រុកទឹកឈូនេះ លោក មាស ប៊ុនឡី បានវាយតម្លៃ និងកោតសរសើរ ពីភាពរីកចម្រើន និងមានការអភិវឌ្ឍធ្វើឲ្យជីវភាពប្រជាពលរដ្ឋ ធូរធារគួរឲ្យកត់សម្គាល់។ ជាក់ស្ដែងមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ក៏ដូចជាក្នុងសហគមន៍ ពិសេសក្នុងនោះដែរ សមទ្ធិផលនៅក្នុងវត្តព្រែកអំពិលនេះ ក៏មានការរីកចម្រើន ក្រោមកិច្ចខិតខំរបស់ព្រះសង្ឃប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ថ្នាក់ដឹកនាំ និងសប្បុរសជននានា ក្នុងន័យចូលរួមចំណែកបម្រើវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ធ ឲ្យបានកាន់តែរុងរឿងប្រសើរឡើងថែមទៀត។
លោកក៏បានអំពាវនាវផ្ដាំផ្ញើដល់អាជ្ញាធរ ប្រជាពលរដ្ឋកងកម្លាំង ក្នុងមូលដ្ឋាននៃឃុំកោះតូចទាំងមូល សូមឲ្យបន្តចូលរួមកិច្ចសហការគ្នាឲ្យបានកាន់តែសកម្ម ថែមទៀត ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ពិសេសសុខសន្តិភាព ដែលរកបានមកដោយលំបាក និងត្រូវជម្រុញការចូលរួមសហការក្នុង កិច្ចអភិវឌ្ឍមូលដ្ឋាន ឲ្យបានកាន់តែរីកចំរើនបន្ថែមទៀត៕