(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ និងការចូលរួមគាំទ្រដ៏ថ្លៃថ្លាបំផុតចំពោះក្រុមការងារយុវជនថ្នាក់កណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងសប្បុរសជនទាំងអស់ដែលបានចូលរួមឧបត្ថម្ភថវិកា អង្ករ និងទឹកសុទ្ធ ជួយដល់កងទ័ព ដើម្បីសង្គ្រោះប្រជាជនដែលជួបគ្រោះទឹកជំនន់។
សូមបញ្ជាក់ថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ក្រុមការងារយុវជនថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា រួមមានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំទ្វីបអឺរ៉ុប កាណាដា អូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ផ្នែកក្រសួង-ស្ថាប័ន ផ្នែកគ្រឹះស្ថានសិក្សា និងសប្បុរសជនានា បន្តចូលរួមឧបត្ថម្ភថវិកា អង្ករ និងទឹកសុទ្ធ ដើម្បីចូលរួមចំណែកជួយដល់កងទ័ពជើងគោក ក្នុងយុទ្ធនាការដោះស្រាយការងារជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងប្រទេសដែលកំពុងរងគ្រោះដោយទឹកជំនន់។
បើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា (គិតពីថ្ងៃទី១ ខែកញ្ញា ដល់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០-ល្ងាច) ប៉ះពាល់ ២០រាជធានី-ខេត្ត ស្មើ ១១៧ក្រុង/ស្រុក/ខណ្ឌ រួមមាន៖ ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ
* ប៉ះពាល់ប្រជាជនប្រមាណ ១៣៣,៧៩៤គ្រួសារ ស្មើប្រមាណ ៥៣៥,១៧៦នាក់
* ប្រជាជនជម្លៀសប្រមាណ ១១,៦៤៧គ្រួសារ ស្មើប្រមាណ ៤៦,៥៥៨នាក់
* ប្រជាជនស្លាប់ ៣៩នាក់ (ធៀបល្ងាច ថ្ងៃទី២២ ខែតុលា ពុំមានកើន)
* ផ្ទះប៉ះពាល់ប្រមាណ ១១៧,៨៨២ខ្នង និងខូចខាត ៦៣ខ្នង
* សាលារៀនលិចទឹកប្រមាណ ៩២៤កន្លែង និងវត្តលិចទឹកប្រមាណ ៣០៥កន្លែង
* ស្រូវលិចទឹកប្រមាណ ២៦៣,៩៣៣ហិកតា និងដំណាំរួមផ្សំលិចទឹក ៨៨,៧៧៩ហិកតា
* ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប៉ះពាល់ប្រមាណ ៥៤៧ គីឡូម៉ែត្រ
* ផ្លូវលំជនបទលិចទឹកប្រមាណ ១,៦៨៥ គីឡូម៉ែត្រ
* ទំនប់ ប៉ះពាល់ប្រមាណ ៤១ គីឡូម៉ែត្រ
* ប្រឡាយមេ ប៉ះពាល់ប្រមាណ ២៣៦ គីឡូម៉ែត្រ
* ប្រឡាយរង ប៉ះពាល់ប្រមាណ ១៩៣ គីឡូម៉ែត្រ
* ប្រឡាយស្រោចស្រព ប៉ះពាល់ប្រមាណ ១២៩ គីឡូម៉ែត្រ
* ច្រាំងទន្លេ ប៉ះពាល់ ២១៩៥ ម៉ែត្រ៕