(បាត់ដំបង)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញសាកសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នៅភូមិចិនដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង២៥០គ្រួសារ និងភូមិនរា១ ឃុំនរា ស្រុកសង្កែ ២០០គ្រួសារ ក្នុងខេត្តបាត់ដំបង។

ពីធីនេះធ្វើឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ និងគណៈប្រតិភូ ជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ដូចគ្នា នៅឯភូមិឫស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

អំណោយដែលចែកជូនបងប្អូនខាងលើ គឺជាការឧបត្ថម្ភពីសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (សយមក) ដែលក្នុងកញ្ចប់អំណោយនីមួយៗមាន អង្ករ ១៥ គីឡូក្រាម, មី ១៥កញ្ចប់, ស្ករស ១គីឡូក្រាម, ត្រីខ ៥កំប៉ុង , សាប៊ូ ៤ដុំ, ប្រេងឆា ១ដប និងថវិកាចំនួន២ ម៉ឺនរៀល។

ជាមួយគ្នានោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក៏បានប្រកាសបើក កម្មវិធីអប់រំសុខភាព និងព្យាបាលដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខេត្តបាត់ដំបង ចំនួន១,៥០០នាក់ ដែលរៀបចំឡើងដោយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃគណៈកម្មការសុខាភិបាលរបស់ សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ស.យ.ម.ក ដែលកម្មវិធីនេះនឹងបម្រើសេវាកម្មជូនពុកម៉ែបងប្អូនរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ២៥ និងថ្ងៃទី២៦៕