(ហៃកូវ)៖ ព្យុះទីហ្វុង សូដែល (Saudel) ជាព្យុះទី១៧ដែលវាយប្រហារប្រទេសចិននៅឆ្នាំនេះ បានបង្កឱ្យមានការរំខានដល់ចរាចរណ៍យ៉ាងខ្លាំងនៅខេត្តដីកោះហៃណាន (Hainan) ភាគខាងត្បូងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០។
អាជ្ញាធរផ្លូវដែកខេត្តដីកោះ Hainan បានគូសបញ្ជាក់ថា ចាប់ពីរសៀលថ្ងៃសៅរ៍នេះ សេវាកម្មខ្សែរថភ្លើងដែលមានល្បឿនលឿននៅជុំវិញខេត្តដីកោះនេះ ត្រូវបានផ្អាក ខណៈព្យុះ Saudel បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង។ ក្រៅពីនេះ រថភ្លើងដឹកអ្នកដំណើរទាំងអស់ដែលចូល និងចេញខេត្តដីកោះនេះ ក៏ត្រូវបានផ្អាកដំណើរការផងដែរ។
ទន្ទឹមនឹងនេះ ការិយាល័យសន្តិសុខសុវត្ថិភាពដែនសមុទ្រខេត្តដីកោះ Hainan ក៏បានគូសបញ្ជាក់បន្ថែមថា ឥទ្ធិពលព្យុះទីហ្វុង Saudel ក៏បានបង្ខំឲ្យកប៉ាល់ដែលធ្វើដំណើរ ទៅមកទាំងអស់ ត្រូវបញ្ឈប់សេវាកម្មចាប់ពីម៉ោង ៣៖០០រសៀលថ្ងៃសុក្រសប្ដាហ៍នេះផងដែរ។
ព្យុះទីហ្វុងខាងលើ ត្រូវបានគេព្យាករណ៍ថា នឹងវាយប្រហារតំបន់ភាគខាងត្បូងនៃខេត្តដីកោះ Hainan ចាប់ពីយប់ថ្ងៃសៅរ៍នេះរហូតដល់ព្រឹកថ្ងៃអាទិត្យ។ ប៉ុន្តែលទ្ធភាពនៃការ ចុះចតនៅទីកន្លែងណាមួយរវាងទីក្រុង Lingshui និង Sanya មិនត្រូវបានគេច្រានចោលឡើយ។
គួរជម្រាបថា ព្យុះទីហ្វុង Saudel នេះមានចម្ងាយប្រហែល ៣៥០គីឡូម៉េត្រពីភាគខាងកើតទីក្រុង Sanya នៅម៉ោង ១៖០០រសៀលថ្ងៃសៅរ៍នេះ និងកំពុងធ្វើដំណើរទៅភាគខាងលិច ជាមួយល្បឿនខ្យល់បក់ប្រហែល ១៥គីឡូម៉ែត្រក្នុងមួយម៉ោង៕