(កំពង់ធំ)៖ រយៈពេលជាច្រើនថ្ងៃមកនេះ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ខេត្តកំពង់ធំ បានបន្តចុះដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រ និងប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះជំនន់ទឹកភ្លៀងនៅតាមមូលដ្ឋានជាច្រើន ដើម្បីបានសួរសុខទុក្ខ ក្ដាប់នូវសំណូមពររបស់ប្រជាពលរដ្ឋ និងនាំយកអំណោយចែកជូនពួកគាត់ជារឿយៗ។
នេះជាការគោរពអនុវត្តប្រកបដោយការយកចិត្តទុកដាក់តាមប្រសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាការជំរុញបន្ថែមពីសំណាក់លោករដ្ឋមន្ត្រី ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំផងដែរ។ មានពេលខ្លះត្រូវចុះលុយទឹកកាត់ភក់ ឬពេលយប់ព្រលប់យ៉ាងណា ក៏ក្រុមការងារនៅតែពុះពារដោយមិនមានការរុញរាបន្តិចណាឡើយ។
ជាក់ស្ដែងនាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ លោកអភិបាលស្រុក ហាក់ ម៉ុងហួត រួមជាមួយលោកវរសេនីយ៍ត្រី គៀន គឿន មេបញ្ជាការកងរាជអាវុធហត្ថស្រុកតាំងគោក និងក្រុមយុវជនបានបន្តចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយរបស់សប្បុរសជនចែកជូនគ្រួសារប្រជាពលរដ្ឋទីទ័លក្រចំនួន ៣៨គ្រួសារ នៅក្នុងឃុំស្រឡៅ ស្រុកតាំងគោក។
នាឱកាសនោះដែរ លោក ហាក់ ម៉ុងហួត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចទាំងទ្វេតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់គ្នា ពិសេសគឺកិច្ចការពារសុខសន្តិភាព ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការដោះស្រាយជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ព្រមទាំងមានកិច្ចការជាច្រើនទៀត។
លោកក៏បានផ្ដាំផ្ញើនូវការសួរសុខទុក្ខរបស់លោករដ្ឋមន្ត្រី ថោង ខុន និងលោកអភិបាលខេត្ត សុខ លូ ដែលកំពុងចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានរងគ្រោះនានា និងតែងតែផ្ដែផ្ដាំឱ្យអាជ្ញាធរស្រុក និងអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោម ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋជាប្រចាំ និងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាពខ្ពស់។
កាយវិការនេះ គឺពិតជាទទួលបានមកវិញនូវការថ្លែងអំណរគុណពីសំណាក់ប្រជាពលរដ្ឋជាខ្លាំង ទោះបីថាពួកគាត់មានបញ្ហាជីវភាពក៏ពិតមែន ប៉ុន្តែពួកគាត់មានការពេញចិត្តចំពោះការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរស្រុក និងក្រុមការងារ។
លោកអភិបាលស្រុកតាំងគោកបានបញ្ជាក់ថា នៅថ្ងៃបន្តបន្ទាប់ទៅមុខទៀត លោកនឹងបន្តចុះជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋានផ្សេងៗទៀត ព្រោះក្នុងនាមជាអាជ្ញាធរមូលដ្ឋានមិនអាចទុកឱ្យប្រជាពលរដ្ឋរងការលំបាក ដោយគ្មានការជួយសង្គ្រោះនោះឡើយ៕