(ស្វាយរៀង)៖ លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ការរៀបរៀងនិងបោះផ្សាយសៀវភៅមគ្គុទេសក៍វិនិយោគខេត្តស្វាយរៀងនឹងមានលទ្ធភាពសហការគ្នាអនុវត្តគម្រោងដទៃទៀតប្រកបដោយប្រសិទ្ធភាព។

លោកថ្លែងបែបនេះនៅក្នុងពិធីប្រកាសជាផ្លូវការ កិច្ចសហការប្រតិបត្តិរៀបរៀង និងបោះផ្សាយសៀវភៅមគ្គទេសក៍វិនិយោគខេត្តស្វាយរៀង នៅរសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២០។ ពិធីនេះមានការចូលរួមពីលោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង ព្រមទាំងសមាជិក សមាជិការរបស់សភាពាណិជ្ជកម្មជាច្រើនរូបផងដែរ។

លោកឧកញ៉ាបានបន្តថា ខេត្តស្វាយរៀងជាខេត្តដ៏មានសក្តានុពលមួយដោយមានទីតាំងភូមិសាស្ត្រជាប់ព្រំប្រទល់កម្ពុជា-វៀតណាម ដែលជាកត្តាអំណោយផលសម្រាប់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន និងសម្បូរទៅដោយតំបន់សេដ្ឋកិច្ចពិសេស។ ហើយបច្ចុប្បន្នមានរោងចក្រជាច្រើន និងកំពុងដំណើរការផលិតកម្មរបស់ខ្លួនក្នុងវិស័យផ្សេងៗដូចជាវិស័យកាត់ដេរនិងសំលៀកបំពាក់ ថ្នាំពណ៌ ដំឡូងមី ម៉ាស៊ីនកិនស្រូវ ការផលិតកង់ ម៉ូតូគ្រ្រឿងសំណង់និងទេសចរណ៍ជាដើម។

លោកបានបន្តថា ក្រៅពីនេះនៅមានវិស័យសក្តានុពុលជាច្រើនទៀតដែលវិនិយោគគិនចាប់អារម្មណ៍ និងគួរសិក្សាលទ្ធភាពវិនិយោគរួមមានទាំងការកែច្នៃម្ហូបអាហារ ឧស្សាហកម្មធុនស្រាល កសិកម្មនិងបដិសណ្ឋារកិច្ច។

ភាពអំណោយផលខាងទីតាំងភូមិសាស្រ្តរួមផ្សំនឹងកម្លាំងពលកម្ម អគ្គិសនីតម្លៃសមរម្យនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពុងធ្វើឲ្យខេត្តស្វាយរៀងក្លាយជាគោលដៅវិនិយោគ និងធុរកិច្ចជាពិសេសគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត។

លោកឧកញ៉ាបញ្ជាក់ថា «ខេត្តស្វាយរៀងមានសក្តានុពលវិនិយោគជាច្រើនទៀតដែលទាមទារឲ្យយើងទាំងអស់គ្នាសិក្សាស្រាវជ្រាវនិងចងក្រង ហេតុនេះការរៀបរៀងនិងបោះពុម្ពសៀវភៅមគ្គុទ្ទសក៍វិនិយោគខេត្តស្វាយរៀងពិតជាមានសារៈសំខាន់បំផុតសម្រាប់ធុរៈកិច្ចជាតិនិងអន្តរជាតិយកទៅប្រើប្រាស់ជាឯកសារគោលសម្រាប់កិច្ចការអាជីវកម្មនិងស្វែងរកដៃគូវិនិយោគ។ការបោះពុម្ភផ្សាយនូវសៀវភៅមគ្គទេសក៍ និងផ្តល់ទិន្នន័យពេញលេញនិងចំគោលដៅ»

លោកឧកញ៉ាសង្ឃឹមថាសៀវភៅនេះនឹងក្លាយជាសមិទ្ធផលដ៏មានប្រយោជន៍សម្រាប់សភាពាណិជ្ជកម្មខេត្តស្វាយរៀងក៏ដូចជាសម្រាប់សភាពាណិជ្ជកម្មនៅទូទាំងប្រទេស។

លោកឧកញ៉ាក៏បានស្នើដល់លោកឧកញ៉ាសុខ រ៉ាដូនិងសមជិកសមាជិកាទាំងអស់នៃសភាពាណិជ្ជកម្មខេត្តស្វាយរៀងសូមបន្តកិច្ចសហប្រតិបត្តិការល្អនេះទៅមុខទៀតនឹងជួយជ្រោមជ្រែងដល់ការរៀបរៀងសៀវភៅមគ្គុទេសវិនិយោគខេត្តស្វាយរៀងឲ្យទទួលបានជោគជ័យនិងមានប្រសិទ្ធិភាពខ្ពស់ជាពិសេសត្រូវមានភាពស្មោះត្រង់ សហការគ្នា សាមគ្គីគ្នាឲ្យបានល្អដើម្បីកៀងគរអ្នកវិនិយោគឲ្យបានច្រើនបន្ថែមទៀតសម្រាប់ខេត្តស្វាយរៀង។

នៅក្នុងពិធីនេះក៏មានធ្វើបទបង្ហាញអំពីសារៈប្រយោជន៍នៃសៀវភៅមគ្គុទេសក៍វិនិយោគខេត្តស្វាយរៀងពីវាគ្មិនដែលបានចូលរួមផងដែរ៕