(កំពង់ឆ្នាំង)៖ លោក អ៊ឹង លាងហ៊ួ សមាជិកព្រឹទ្ធសភា និងលោកស្រី រួមទាំងព្រះគ្រូវិសុទ្ធិវង្សាចារ្យ នាង ភារុណ ព្រះគ្រូចៅអធិការវត្តបល្ល័ង្ក និងជាទីប្រឹក្សាផ្ទាល់សម្តេច ព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ បានដឹកនាំពុទ្ធបរិស័ទប្រារព្ធពិធីគោរព វិញាណក្ខន្ធ និងបង្សុកូល ឧទ្ទិសថ្វាយព្រះរាជកុសលចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៨ឆ្នាំ នៅវត្តបល្ល័ង្ក ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ពិធីបង្សុកូលថ្វាយព្រះរាជកុសល ព្រះករុណាព្រះបរមរតនកោដ្ឋ បានប្រារព្វធ្វើទៅតាមទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ធសាសនា មានពិធីសូត្រមន្តចម្រើនព្រះបរិត្ត សមាទាន សីល និងបង្សុកូលឧទ្ទិសថ្វាយ ព្រះរាជកុសលចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋគម្រប់ខួប៨ឆ្នាំ នៃការយាងចូលទីវង្គតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។
លោក អ៊ឹង លាងហ៊ួ បានបញ្ជាក់ថា ប្រជានុរាស្ត្រជាកូនចៅ ចៅទួតនៅទូទាំងប្រទេស បានចូលរួមពិធីគោរពដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលបាន យាងចូលទីវង្គតគម្រប់ខូប៨ឆ្នាំ និងសូមឲ្យមហាកុសលផលបុណ្យ ដែលព្រះគ្រូ និងព្រះសង្ឃគ្រប់អង្គក្នុងវត្ត ព្រមទាំងពុទ្ធបរិស័ទបានធ្វើនាពេលនេះ សូមឧទ្ទិសបួងសួង ដល់ដួងព្រះវិញាណក្ខន្ធព្រះបរមរតនកោដ្ឋ ទ្រង់គង់ប្រថាប់ដោយសុខក្សេមក្សាន្តនាទីឋានព្រះបរមសុខ ជានិច្ចនិរន្តតទៅ។
លោក អ៊ឹង លាងហ៊ួ បានបញ្ជាក់ទៀតថា កូនចៅ ចៅទួត ប្រជានុរាស្ត្រគ្រប់រូប តែងតែចងចាំជានិច្ចនូវព្រះរាជគំរូវីរៈភាពដ៏អង់អាចក្លាហាន និងព្រះរាជគុណូបក្ការៈ ដ៏ធំធេង របស់ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុតចំពោះជាតិ និងប្រជារាស្ត្រ ព្រមទាំងបួងសួងសុំឲ្យដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ បានទៅសោយសុខ ក្នុងឋានព្រះបរមសុខ ជាទីឋាននដ៏គាប់ប្រសើរ និងសុំឲ្យព្រះរាជាណាចក្រកម្ពុជា ជួបតែសេចក្តីសុខសន្តិភាព និងការអភិវឌ្ឍ កុំបីឃ្លៀងឃ្លាតឡើយ៕